ជំពូក

  1. 1
  2. 2
  3. 3
  4. 4
  5. 5
  6. 6

គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

អេភេសូ 5 Khmer Standard Version (KHSV)

ជីវិត​រស់​នៅ​ក្នុង​ពន្លឺ

1. សូម​បង‌ប្អូន​យក​តម្រាប់​តាម​ព្រះ‌ជាម្ចាស់​ចុះ ព្រោះ​បង‌ប្អូន​ជា​បុត្រ‌ធីតា​ដ៏​ជា​ទី​ស្រឡាញ់​របស់​ព្រះ‌អង្គ។

2. ចូរ​រស់​នៅ​ដោយ​មាន​ចិត្ត​ស្រឡាញ់ ដូច​ព្រះ‌គ្រិស្ដ​បាន​ស្រឡាញ់​យើង ហើយ​បាន​បូជា​ព្រះ‌ជន្ម​សម្រាប់​យើង ទុក​ជា​តង្វាយ​ថ្វាយ​ព្រះ‌ជាម្ចាស់ និង​ទុក​ជា​យញ្ញ‌បូជា​ដែល​គាប់​ព្រះ‌ហឫទ័យ​ព្រះ‌អង្គ។

3. ដោយ​បង‌ប្អូន​ជា​ប្រជា‌ជន​ដ៏‌វិសុទ្ធ* មិន​ត្រូវ​ឲ្យ​មាន​ឮ​និយាយ​អំពី​ការ​ប្រាស‌ចាក​សីលធម៌ អបាយ‌មុខ​គ្រប់​យ៉ាង ឬ​ការ​លោភ‌លន់​ក្នុង​ចំណោម​បង‌ប្អូន​សោះ​ឡើយ

4. ហើយ​ក៏​មិន​ត្រូវ​ពោល​ពាក្យ​ទ្រគោះ​បោះ‌បោក ពាក្យ​ឡេះ‌ឡោះ ឬ​ពាក្យ​អាស‌អាភាស​ដែរ ព្រោះ​ពាក្យ​ទាំង​នេះ​មិន​សមរម្យ​ទេ ផ្ទុយ​ទៅ​វិញ ត្រូវ​ពោល​ពាក្យ​អរ​ព្រះ‌គុណ​ព្រះ‌ជាម្ចាស់។

5. ចូរ​ដឹង​ឲ្យ​ច្បាស់​ថា អ្នក​ប្រាស‌ចាក​សីលធម៌ អ្នក​ប្រព្រឹត្ត​អំពើ​អបាយ‌មុខ និង​អ្នក​លោភ‌លន់​ដែល​យក​ទ្រព្យ​សម្បត្តិ​ធ្វើ​ជា​ព្រះ មិន​អាច​ទទួល​មត៌ក​ក្នុង​ព្រះ‌រាជ្យ*​របស់​ព្រះ‌គ្រិស្ដ និង​របស់​ព្រះ‌ជាម្ចាស់​បាន​ជា​ដាច់​ខាត។

6. សូម​កុំ​ឲ្យ​នរណា​ម្នាក់​បោក‌បញ្ឆោត​បង‌ប្អូន ដោយ​ពាក្យ​សម្ដី​ឥត​ខ្លឹម‌សារ​សោះ​ឡើយ ព្រោះ​អំពើ​ទាំង​នេះ​ហើយ​ដែល​នាំ​ឲ្យ​ព្រះ‌ជាម្ចាស់​ព្រះ‌ពិរោធ​នឹង​ពួក​អ្នក​ប្រឆាំង​ព្រះ‌អង្គ។

7. ដូច្នេះ សូម​កុំ​សេព‌គប់​ជា​មួយ​ពួក​គេ​ជា​ដាច់​ខាត។

8. កាល​ពី​ដើម បង‌ប្អូន​ងងឹត​មែន ប៉ុន្តែ ឥឡូវ​នេះ បង‌ប្អូន​ជា​ពន្លឺ ដោយ​បាន​រួម​ជា​មួយ​ព្រះ‌អម្ចាស់ ដូច្នេះ ចូរ​រស់​នៅ​ឲ្យ​សម​ជា​មនុស្ស​ដែល​មាន​ពន្លឺ​ក្នុង​ខ្លួនទៅ។

9. ផល​នៃ​ពន្លឺ​នោះ គឺ​សេចក្ដី​សប្បុរស សេចក្ដី​សុចរិត និង​សេចក្ដី​ពិត​គ្រប់​បែប​យ៉ាង។

10. ត្រូវ​រិះគិត​មើល​ឲ្យ​ដឹង​ថា ការ​ណា​គាប់​ព្រះ‌ហឫទ័យ​ព្រះ‌អម្ចាស់

11. ហើយ​មិន​ត្រូវ​ចូល​រួម​ក្នុង​ការ​ប្រព្រឹត្ត​អំពើ​ឥត​ផល​ប្រយោជន៍ ដែល​មក​ពី​សេចក្ដី​ងងឹត​នោះ​ឡើយ សូវ​បើក​មុខ​អំពើ​ទាំង​នោះ​ឲ្យ​គេ​ឃើញ។

12. ចំពោះ​អំពើ​ណា​ដែល​គេ​ប្រព្រឹត្ត​ដោយ​លួច​លាក់ សូម្បី​តែ​យក​មក​និយាយ ក៏​គួរ​ឲ្យ​ខ្មាស​ណាស់​ទៅ​ហើយ។

13. ក៏​ប៉ុន្តែ កាល​ណា​អំពើ​ទាំង​នោះ​បាន​បើក​មុខ​ហើយ វា​នឹង​លេច​ចេញ​មក​ឲ្យ​គេ​ឃើញ​ច្បាស់​នៅ​ក្រោម​ពន្លឺ

14. ដ្បិត​អំពើ​ណា​ដែល​លេច​មក​ឲ្យ​គេ​ឃើញ​ហើយ​នោះ បាន​ប្រែ​ទៅ​ជា​ពន្លឺ។ ហេតុ​នេះ​ហើយ​បាន​ជា​មាន​ថ្លែង​ទុក​មក​ថា: «អ្នក​ដេក​លក់​អើយ ចូរ​ភ្ញាក់​ឡើង ចូរ​ក្រោក​ឡើង​ចេញ​ពី​ចំណោម​មនុស្ស​ស្លាប់ ព្រះ‌គ្រិស្ដ​នឹង​ភ្លឺ​ចាំង​មក​លើ​អ្នក»។

15. ដូច្នេះ ចូរ​ប្រុង​ប្រយ័ត្ន​អំពី​របៀប​ដែល​បង‌ប្អូន​រស់​នៅ​ឲ្យ​មែន​ទែន មិន​ត្រូវ​កាន់​មារយាទ​ដូច​មនុស្ស​ឥត​ប្រាជ្ញា​ឡើយ គឺ​ត្រូវ​កាន់​មារយាទ​ដូច​មនុស្ស​មាន​ប្រាជ្ញា​វិញ។

16. ត្រូវ​ចេះ​ប្រើ‌ប្រាស់​ពេល​វេលា ដ្បិត​សម័យ​នេះ​អាក្រក់​ណាស់។

17. ហេតុ​នេះ មិន​ត្រូវ​ធ្វើ​ជា​មនុស្ស​ឥត​គំនិត​ឡើយ តែ​ត្រូវ​រិះគិត​ឲ្យ​យល់​ព្រះ‌ហឫទ័យ​របស់​ព្រះ‌អម្ចាស់។

18. កុំ​ស្រវឹង​ស្រា ព្រោះ​ស្រា​បណ្ដាល​ឲ្យ​ថោក‌ទាប ផ្ទុយ​ទៅ​វិញ ត្រូវ​ឲ្យ​បាន​ពោរ‌ពេញ​ដោយ​ព្រះ‌វិញ្ញាណ។

19. ចូរ​និយាយ​គ្នា​ទៅ​វិញ​ទៅ​មក​ដោយ​ប្រើ​ទំនុក‌តម្កើង បទ​សរសើរ​ព្រះ‌ជាម្ចាស់ និង​បទ​ចម្រៀង​មក​ពី​ព្រះ‌វិញ្ញាណ។ ចូរ​ច្រៀង និង​លើក‌តម្កើង​ព្រះ‌អម្ចាស់​ឲ្យ​អស់​ពី​ចិត្ត។

20. ត្រូវ​អរ​ព្រះ‌គុណ​ព្រះ‌ជាម្ចាស់ ជា​ព្រះ‌បិតា​គ្រប់​ពេល​វេលា និង​គ្រប់​កិច្ចការ​ក្នុង​ព្រះ‌នាម​ព្រះ‌យេស៊ូ​គ្រិស្ដ ជា​ព្រះ‌អម្ចាស់​នៃ​យើង។

ទំនាក់‌ទំនង​រវាង​ស្វាមី​ភរិយា

21. បង‌ប្អូន​ដែល​កោត​ខ្លាច​ព្រះ‌គ្រិស្ដ ត្រូវ​គោរព​ចុះ​ចូល​គ្នា​ទៅ​វិញ​ទៅ​មក។

22. បង‌ប្អូន​ជា​ស្ត្រី​ដែល​មាន​ស្វាមី ត្រូវ​គោរព​ចុះ​ចូល​នឹង​ស្វាមី​រៀងៗ​ខ្លួន ដូច​ជា​គោរព​ចុះ​ចូល​នឹង​ព្រះ‌អម្ចាស់​ដែរ

23. ដ្បិត​ស្វាមី​នាំ​មុខភរិយា ដូច​ព្រះ‌គ្រិស្ដ​នាំ​មុខ​ក្រុម‌ជំនុំ* ហើយ​ជា​ព្រះ‌សង្គ្រោះ​របស់​ក្រុម‌ជំនុំ​ដែល​ជា​ព្រះ‌កាយ​ព្រះ‌អង្គ។

24. ហេតុ​នេះ ក្រុម‌ជំនុំ​គោរព​ចុះ​ចូល​នឹង​ព្រះ‌គ្រិស្ដ​យ៉ាង​ណា ភរិយា​ក៏​ត្រូវ​គោរព​ចុះ​ចូល​នឹង​ស្វាមី​រៀងៗ​ខ្លួន ក្នុង​គ្រប់​កិច្ចការ​ទាំង​អស់​យ៉ាង​នោះ​ដែរ។

25. ចំពោះ​បង‌ប្អូន​ដែល​មាន​ប្រពន្ធ​វិញ ចូរ​ស្រឡាញ់​ភរិយា ដូច​ព្រះ‌គ្រិស្ដ​បាន​ស្រឡាញ់​ក្រុម‌ជំនុំ​ដែរ ព្រះ‌អង្គ​បូជា​ព្រះ‌ជន្ម​របស់​ព្រះ‌អង្គ​ផ្ទាល់ សម្រាប់​ក្រុម‌ជំនុំ

26. ដើម្បី​ប្រោស​ឲ្យ​ក្រុម‌ជំនុំ​បាន​ទៅ​ជា​វិសុទ្ធ ទាំង​ជម្រះ​ឲ្យ​បាន​ស្អាត​បរិសុទ្ធ ដោយ​លាង​ក្នុង​ទឹក និង​ដោយ‌សារ​ព្រះ‌បន្ទូល។

27. ព្រះ‌អង្គ​សព្វ​ព្រះ‌ហឫទ័យ​នាំ​ក្រុម‌ជំនុំ​នេះ​មក​ថ្វាយ​ព្រះ‌អង្គ​ផ្ទាល់ ជា​ក្រុម‌ជំនុំ​ដ៏​រុងរឿង ឥត​ស្លាក‌ស្នាម ឥត​ជ្រីវ‌ជ្រួញ និង​ឥត​ខ្ចោះ​ត្រង់​ណា​ឡើយ គឺ​ឲ្យ​បាន​ទៅ​ជា​វិសុទ្ធ* ឥត​សៅ‌ហ្មង។

28. ដូច្នេះ ស្វាមី​ត្រូវ​ស្រឡាញ់​ភរិយា ឲ្យ​បាន​ដូច​ស្រឡាញ់​រូប​កាយ​របស់​ខ្លួន​ដែរ។ អ្នក​ណា​ស្រឡាញ់​ភរិយា អ្នក​នោះ​ស្រឡាញ់​ខ្លួន​ឯង។

29. ពុំ​ដែល​មាន​នរណា​ម្នាក់​ស្អប់​រូប​កាយ​របស់​ខ្លួន​ឡើយ ផ្ទុយ​ទៅ​វិញ គេ​តែង​ចិញ្ចឹម​បី​បាច់​ថែ‌រក្សា​រូប​កាយ​នោះ ដូច​ព្រះ‌គ្រិស្ដ​ចិញ្ចឹម​បី​បាច់​ថែ‌រក្សា​ក្រុម‌ជំនុំ

30. ព្រោះ​យើង​ទាំង​អស់​គ្នា​ជា​សរីរាង្គ​នៃ​ព្រះ‌កាយ​របស់​ព្រះ‌អង្គ។

31. ហេតុ​នេះ​ហើយ​បាន​ជា​បុរស​ត្រូវ​ចាក​ចេញ​ពី​ឪពុក​ម្ដាយ ទៅ​រួម​រស់​ជា​មួយ​ភរិយា​របស់​ខ្លួន ហើយ​អ្នក​ទាំង​ពីរ​នឹង​បាន​ទៅ​ជា​រូប​កាយ​តែ​មួយ។

32. គម្រោង‌ការ​ដ៏​លាក់​កំបាំង​នេះ​មាន​អត្ថ‌ន័យ​ជ្រៅ​ណាស់ ខ្ញុំ​និយាយ​សេចក្ដី​នេះ សំដៅ​លើ​ព្រះ‌គ្រិស្ដ និង​ក្រុម‌ជំនុំ​តែ​ប៉ុណ្ណោះ។

33. ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ បង‌ប្អូន​ម្នាក់ៗ​ត្រូវ​ស្រឡាញ់​ភរិយា​រៀងៗ​ខ្លួន ដូច​ស្រឡាញ់​ខ្លួន​ឯង ហើយ​ភរិយា​ក៏​ត្រូវ​គោរព​ស្វាមី​របស់​ខ្លួន​ដែរ។