គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

អេភេសូ 4:7-17 Khmer Standard Version (KHSV)

7. ព្រះ‌អង្គ​បាន​ផ្ដល់​ព្រះ‌គុណ​មក​ឲ្យ​យើង​ម្នាក់ៗ​តាម​កម្រិត​ព្រះ‌អំណោយ​ទាន ដែល​ព្រះ‌គ្រិស្ដ​ប្រទាន​មក​យើង។

8. ហេតុ​នេះ​ហើយ​បាន​ជា​មាន​ថ្លែង​ទុក​ថា «ព្រះ‌អង្គ​បាន​យាង​ឡើង​ទៅ​ស្ថាន​ខ្ពស់ ព្រះ‌អង្គ​បាន​នាំ​ពួក​ជាប់​ជា​ឈ្លើយ​ទៅ​ជា​មួយ ហើយ​ព្រះ‌អង្គ​ប្រទាន​ព្រះ‌អំណោយ​ទាន ផ្សេងៗ​ដល់​មនុស្ស​លោក»។

9. ពាក្យ​ថា​“យាង​ឡើង​ទៅ”​នោះ បាន​សេចក្ដី​ថា​ដូច​ម្ដេច? គឺ​បាន​សេចក្ដី​ថា ព្រះ‌អង្គ​បាន​យាង​ចុះ​មក​ផែន‌ដី​ដ៏​ទាប​នេះជា​មុន​សិន។

10. ព្រះ‌អង្គ​ដែល​បាន​យាង​ចុះ​មក​នោះ ជា​ព្រះ‌អង្គ​ដែល​បាន​យាង​ឡើង​ទៅ​ទី​ដ៏​ខ្ពស់​បំផុត​នៃ​ស្ថាន​បរម‌សុខ* ដើម្បី​បំពេញ​អ្វីៗ​ទាំង​អស់។

11. គឺ​ព្រះ‌អង្គ​ហើយ​ដែល​បាន​ប្រទាន​ឲ្យ​អ្នក​ខ្លះ​មាន​មុខ‌ងារ​ជា​សាវ័ក* ឲ្យ​អ្នក​ខ្លះ​ថ្លែង​ព្រះ‌បន្ទូល អ្នក​ខ្លះ​ផ្សាយ​ដំណឹង‌ល្អ* អ្នក​ខ្លះ​ជា​គង្វាល និង​អ្នក​ខ្លះ​ទៀត​ជា​អ្នក​បង្រៀន

12. ដើម្បី​រៀបចំ​ប្រជា‌ជន​ដ៏‌វិសុទ្ធ​ឲ្យ​បំពេញ​មុខ‌ងារ​បម្រើ និង​កសាង​ព្រះ‌កាយ​របស់​ព្រះ‌គ្រិស្ដ​ឡើង

13. រហូត​ដល់​យើង​ទាំង​អស់​រួម​គ្នា មាន​ជំនឿ​តែ​មួយ មាន​គំនិត​តែ​មួយ ក្នុង​ការ​ស្គាល់​ព្រះ‌បុត្រា​របស់​ព្រះ‌ជាម្ចាស់ និង​ទៅ​ជា​មនុស្ស​ពេញ​វ័យ ឡើង​ដល់​កំពស់​របស់​ព្រះ‌គ្រិស្ដ​ដែល​បំពេញ​អ្វីៗ​ទាំង​អស់។

14. ដូច្នេះ យើង​មិន​មែន​ជា​កូន​ក្មេង​ដែល​រេរា ត្រូវ​ខ្យល់​នៃ​គោល‌លទ្ធិ​នានា​ផាត់​ចុះ​ផាត់​ឡើង​នោះ​ទៀត​ឡើយ ហើយ​ក៏​លែង​ចាញ់​បោក ឬ​ចាញ់​កល‌ល្បិច​មនុស្ស​ដែល​ពូកែ​នាំ​ឲ្យ​វង្វេង​នោះ​ទៀត​ដែរ។

15. ផ្ទុយ​ទៅ​វិញ បើ​យើង​ប្រព្រឹត្ត​តាម​សេចក្ដី​ពិត​ដោយ​ចិត្ត​ស្រឡាញ់ យើង​នឹង​បាន​ចម្រើន​ឡើង​គ្រប់​វិស័យ​ទាំង​អស់ ឆ្ពោះ​ទៅ​កាន់​ព្រះ‌គ្រិស្ដ​ជា​សិរសា

16. គឺ​ព្រះ‌អង្គ​ហើយ ដែល​ធ្វើ​ឲ្យ​ព្រះ‌កាយ​ទាំង​មូល​បាន​ផ្គុំ​គ្នា និង​ភ្ជាប់​គ្នា​ឡើង​យ៉ាង​មាំ ដោយ‌សារ​សន្លាក់​ឆ្អឹង​ទាំង​ប៉ុន្មាន​ដែល​បម្រើ​ព្រះ‌កាយ តាម​កម្រិត​សមត្ថ‌ភាព​របស់​សរីរាង្គ​នីមួយៗ ដើម្បី​ឲ្យ​ព្រះ‌កាយ​នោះ​ចម្រើន និង​កសាង​ឡើង ក្នុង​សេចក្ដី​ស្រឡាញ់។

17. ដូច្នេះ ខ្ញុំ​សូម​ជម្រាប​បង‌ប្អូន និង​បញ្ជាក់​ក្នុង​ព្រះ‌នាម​ព្រះ‌អម្ចាស់​ថា សូម​កុំ​រស់​នៅ​ដូច​សាសន៍​ដទៃ ដែល​ប្រព្រឹត្ត​តាម​ប្រាជ្ញា​ដ៏​ឥត​ប្រយោជន៍​របស់​គេ​នោះ​ទៀត​ឡើយ។

សូមអានជំពូកពេញលេញ អេភេសូ 4