គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

អេភេសូ 3:6-20 Khmer Standard Version (KHSV)

6. គឺ​ថា ដោយ‌សារ​ដំណឹង‌ល្អ* សាសន៍​ដទៃ​មាន​សិទ្ធិ​ចូល​រួម​ទទួល​មត៌ក មាន​សិទ្ធិ​ចូល​រួម​ក្នុង​ព្រះ‌កាយ​តែ​មួយ និង​មាន​សិទ្ធិ​ទទួល​ព្រះ‌ពរ តាម​ព្រះ‌បន្ទូល​សន្យា​រួម​ជា​មួយ​សាសន៍​អ៊ីស្រា‌អែល ក្នុង​អង្គ​ព្រះ‌គ្រិស្ដ‌យេស៊ូ​ដែរ។

7. ខ្ញុំ​បាន​ទទួល​មុខ‌ងារ​បម្រើ​ដំណឹង‌ល្អ​នេះ តាម​ព្រះ‌អំណោយ​ទាន​នៃ​ព្រះ‌គុណ​របស់​ព្រះ‌ជាម្ចាស់​មក​លើ​រូប​ខ្ញុំ គឺ​ជា​ព្រះ‌អំណោយ​ទាន​ដែល​ព្រះ‌អង្គ​ប្រោស​ប្រទាន​មក​ខ្ញុំ ដោយ​ឫទ្ធា‌នុភាព​ដ៏​ខ្លាំង​ពូកែ​របស់​ព្រះ‌អង្គ។

8. ទោះ​បី​ខ្ញុំ​មាន​ឋានៈ​តូច​ជាង​គេ​បំផុត ក្នុង​ចំណោម​ប្រជា‌ជន​ដ៏‌វិសុទ្ធ*​ក្ដី ក៏​ព្រះ‌ជាម្ចាស់​បាន​ផ្ដល់​ព្រះ‌គុណ​នេះ​មក​ខ្ញុំ ដើម្បី​នាំ​ដំណឹង‌ល្អ​ទៅ​ប្រាប់​សាសន៍​ដទៃ អំពី​ព្រះ‌ជន្ម​ដ៏​បរិបូណ៌​បំផុត​របស់​ព្រះ‌គ្រិស្ដ ដែល​មនុស្ស​លោក​គិត​មិន​ដល់​នោះ​ដែរ។

9. ព្រះ‌ជាម្ចាស់​ក៏​ប្រណី‌សន្ដោស​ឲ្យ​ខ្ញុំ​បំភ្លឺ​មនុស្ស​ទាំង​អស់ ស្គាល់​របៀប​ព្រះ‌អង្គ​ចាត់​ចែង​គម្រោង‌ការ​ដែល​លាក់​ទុក តាំង​ពី​អស់‌កល្ប​ជា‌និច្ច​រៀង​មក ក្នុង​ព្រះ‌ជាម្ចាស់​ផ្ទាល់ ដែល​បាន​បង្កើត​អ្វីៗ​សព្វ​សារ​ពើ។

10. នៅ​ពេល​នេះ ដោយ‌សារ​ក្រុម‌ជំនុំ វត្ថុ​ស័ក្តិ‌សិទ្ធិ និង​អំណាច​នានា​នៅ​ស្ថាន​លើ បាន​ស្គាល់​ព្រះ‌ប្រាជ្ញា​ញាណ​គ្រប់​វិស័យ​របស់​ព្រះ‌ជាម្ចាស់

11. តាម​ផែន‌ការ​ដែល​ព្រះ‌អង្គ​បាន​គ្រោង​ទុក តាំង​ពី​អស់‌កល្ប​ជា‌និច្ច​រៀង​មក ហើយ​ទ្រង់​បាន​សម្រេច​ដោយ‌សារ​ព្រះ‌គ្រិស្ដ‌យេស៊ូ ជា​ព្រះ‌អម្ចាស់​នៃ​យើង។

12. ដោយ​រួម​ក្នុង​អង្គ​ព្រះ‌គ្រិស្ដ និង​ដោយ​មាន​ជំនឿ​លើ​ព្រះ‌អង្គ យើង​មាន​ចិត្ត​អង់‌អាច និង​មាន​ផ្លូវ​ចូល​ទៅ​រក​ព្រះ‌ជាម្ចាស់ ទាំង​ទុក​ចិត្ត។

13. ហេតុ​នេះ សូម​បង‌ប្អូន​កុំ​ធ្លាក់​ទឹក​ចិត្ត ដោយ​ខ្ញុំ​រង​ទុក្ខ​វេទនា ដើម្បី​ជា​ប្រយោជន៍​ដល់​បង‌ប្អូន​នោះ​ឡើយ ទុក្ខ​វេទនា​ទាំង​នេះ​ជា​សិរី‌រុងរឿង​របស់​បង‌ប្អូន​វិញ​ទេ។

14. ហេតុ​នេះ​ហើយ​បាន​ជា​ខ្ញុំ​ក្រាប​ថ្វាយ‌បង្គំ​ព្រះ‌បិតា

15. ដែល​ជា​ប្រភព​នៃ​ក្រុម​គ្រួសារ​ទាំង​អស់ ទាំង​នៅ​ស្ថាន​បរម‌សុខ* ទាំង​នៅ​ផែន‌ដី

16. សូម​ព្រះ‌អង្គ​មេត្តា​ប្រោស​បង‌ប្អូន ឲ្យ​មាន​កម្លាំង​មាំ‌មួន​ផ្នែក​ខាង​ក្នុង​ជម្រៅ​ចិត្ត ដោយ​ព្រះ‌វិញ្ញាណ​របស់​ព្រះ‌អង្គ តាម​សិរី‌រុងរឿង​ដ៏​ប្រសើរ​បំផុត​របស់​ព្រះ‌អង្គ។

17. សូម​ព្រះ‌គ្រិស្ដ​គង់​នៅ​ក្នុង​ចិត្ត​បង‌ប្អូន​ដោយ​ជំនឿ និង​សូម​ឲ្យ​បង‌ប្អូន​បាន​ចាក់​ឫស​យ៉ាង​មាំ‌មួន​ក្នុង​សេចក្ដី​ស្រឡាញ់

18. ដើម្បី​ឲ្យ​បង‌ប្អូន​មាន​សមត្ថ‌ភាព​អាច​យល់ រួម​ជា​មួយ​ប្រជា‌ជន​ដ៏‌វិសុទ្ធ*​ទាំង​មូល នូវ​ទទឹង បណ្ដោយ ជម្រៅ និង​កំពស់

19. គឺ​ឲ្យ​បង‌ប្អូន​ស្គាល់​ព្រះ‌ហឫទ័យ​ស្រឡាញ់​របស់​ព្រះ‌គ្រិស្ដ ដែល​ប្រសើរ​ហួស​ពី​ការ​យល់​ឃើញ​របស់​មនុស្ស ដើម្បី​ឲ្យ​បង‌ប្អូន​បាន​ពោរ‌ពេញ​ដោយ​គ្រប់​លក្ខណ‌សម្បត្តិ​របស់​ព្រះ‌ជាម្ចាស់។

20. ព្រះ‌ជាម្ចាស់​អាច​ធ្វើ​អ្វីៗ​ទាំង​អស់​ហួស​ពី​សេចក្ដី​សុំ និង​ហួស​ពី​អ្វីៗ​ដែល​យើង​នឹក​គិត ដោយ‌សារ​ឫទ្ធា‌នុភាព​របស់​ព្រះ‌អង្គ​ដែល​បំពេញ​សកម្ម‌ភាព​នៅ​ក្នុង​យើង

សូមអានជំពូកពេញលេញ អេភេសូ 3