គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

អេភេសូ 1:7-21 Khmer Standard Version (KHSV)

7. ដោយ​យើង​រួម​ក្នុង​អង្គ​ព្រះ‌គ្រិស្ដ​នេះ ព្រះ‌ជាម្ចាស់​បាន​លោះ​យើង ដោយ​ព្រះ‌លោហិត​របស់​ព្រះ‌អង្គ និង​លើក‌លែង​ទោស​ឲ្យ​យើង​បាន​រួច​ពី​បាប ស្រប​តាម​ព្រះ‌គុណ​ដ៏​លើស‌លប់​របស់​ព្រះ‌អង្គ។

8. ព្រះ‌ជាម្ចាស់​ប្រណី‌សន្ដោស​យើង​យ៉ាង​ខ្លាំង​បំផុត គឺ​ទ្រង់​ប្រទាន​ឲ្យ​យើង​មាន​តម្រិះ និង​ប្រាជ្ញា​ដ៏​វាង‌វៃ​គ្រប់​យ៉ាង។

9. ព្រះ‌អង្គ​បាន​ប្រោស​ឲ្យ​យើង​ស្គាល់​គម្រោង‌ការ​ដ៏​លាក់‌កំបាំង*​នៃ​ព្រះ‌ហឫទ័យ​របស់​ព្រះ‌អង្គ តាម​ព្រះ‌បំណង​ដ៏​សប្បុរស ដែល​ទ្រង់​បាន​សម្រេច​ទុក​ជា​មុន ដោយ​ព្រះ‌អង្គ​ផ្ទាល់។

10. ព្រះ‌អង្គ​ចាត់​ចែង​គម្រោង‌ការ​នេះ​ឲ្យ​បាន​សម្រេច​នៅ​គ្រា​ចុង​ក្រោយ​បំផុត គឺ​ប្រមូល​អ្វីៗ​ទាំង​អស់​ដែល​នៅ​ស្ថាន​បរម‌សុខ និង​នៅ​លើ​ផែន‌ដី ឲ្យ​រួម​គ្នា​នៅ​ក្នុង​អង្គ​ព្រះ‌គ្រិស្ដ ជា​ម្ចាស់​តែ​មួយ។

11. ព្រះ‌ជាម្ចាស់​បាន​ជ្រើស‌រើស​យើង​ទុក​ដោយ​ឡែក ក្នុង​អង្គ​ព្រះ‌គ្រិស្ដ ព្រះ‌អង្គ​បាន​តម្រូវ​យើង​ទុក​ជា​មុន​ដូច្នេះ ស្រប​តាម​ផែន​ការ​របស់​ព្រះ‌អង្គ ដែល​សម្រេច​គ្រប់​កិច្ចការ​ទាំង​អស់​តាម​ព្រះ‌ហឫទ័យ​របស់​ព្រះ‌អង្គ

12. ដើម្បី​ឲ្យ​យើង​លើក​តម្កើង​សិរី‌រុងរឿង​របស់​ព្រះ‌អង្គ គឺ​យើង​ដែល​បាន​សង្ឃឹម​លើ​ព្រះ‌គ្រិស្ដ​មុន​គេ​បង្អស់។

13. ដោយ​រួម​ក្នុង​អង្គ​ព្រះ‌គ្រិស្ដ បង‌ប្អូន​បាន​ស្ដាប់​ព្រះ‌បន្ទូល​នៃ​សេចក្ដី​ពិត ជា​ដំណឹង‌ល្អ​ដែល​សង្គ្រោះ​បង‌ប្អូន។ ក្នុង​អង្គ​ព្រះ‌គ្រិស្ដ​បង‌ប្អូន​ក៏​បាន​ជឿ ហើយ​បាន​ទទួល​សញ្ញា​ដៅ​សម្គាល់​ពី​ព្រះ‌វិញ្ញាណ​ដ៏‌វិសុទ្ធ តាម​ព្រះ‌បន្ទូល​សន្យា​ដែរ។

14. ព្រះ‌ជាម្ចាស់​ប្រទាន​ព្រះ‌វិញ្ញាណ​នេះ​មក​បញ្ចាំ​ចិត្ត​យើង​ឲ្យ​ដឹង​ថា យើង​នឹង​ទទួល​មត៌ក នៅ​ពេល​ព្រះ‌អង្គ​លោះ​ប្រជា‌រាស្ដ្រ​របស់​ព្រះ‌អង្គ​ជា​ស្ថាពរ ដើម្បី​ឲ្យ​គេ​លើក​តម្កើង​សិរី‌រុងរឿង​របស់​ព្រះ‌អង្គ។

15. ហេតុ​នេះ តាំង​ពី​ពេល​ដែល​ខ្ញុំ​បាន​ឮ​គេ​តំណាល​អំពី​ជំនឿ​របស់​បង‌ប្អូន ក្នុង​អង្គ​ព្រះ‌អម្ចាស់​យេស៊ូ និង​អំពី​សេចក្ដី​ស្រឡាញ់​របស់​បង‌ប្អូន​ចំពោះ​ប្រជា‌ជន​ដ៏‌វិសុទ្ធ*​ទាំង​អស់

16. នោះ​ខ្ញុំ​អរ​ព្រះ‌គុណ​ព្រះ‌ជាម្ចាស់​ឥត​ឈប់​ឈរ ព្រោះ​តែ​បង‌ប្អូន។ ពេល​ខ្ញុំ​អធិ‌ស្ឋាន* ខ្ញុំ​តែងតែ​នឹក​គិត​ដល់​បង‌ប្អូន​ជា‌និច្ច

17. សូម​ឲ្យ​ព្រះ​របស់​ព្រះ‌យេស៊ូ​គ្រិស្ដ​ជា​អម្ចាស់​នៃ​យើង គឺ​ព្រះ‌បិតា​ប្រកប​ដោយ​សិរី‌រុងរឿង ប្រទាន​ព្រះ‌វិញ្ញាណ​ឲ្យ​បង‌ប្អូន​មាន​ប្រាជ្ញា និង​សម្តែង​ឲ្យ​បង‌ប្អូន​ស្គាល់​ព្រះ‌អង្គ​យ៉ាង​ច្បាស់។

18. សូម​ព្រះ‌បិតា​បំភ្លឺ​ចិត្ត​គំនិត​បង‌ប្អូន​ឲ្យ​យល់​ថា ដោយ​ព្រះ‌អង្គ​ត្រាស់​ហៅ​បង‌ប្អូន បង‌ប្អូន​មាន​សេចក្ដី​សង្ឃឹម​យ៉ាង​ណា និង​យល់​ថា ដោយ​បង‌ប្អូន​ទទួល​មត៌ក​រួម​ជា​មួយ​ប្រជា‌ជន​ដ៏‌វិសុទ្ធ* បង‌ប្អូន​នឹង​មាន​សិរី‌រុងរឿង​ដ៏​ប្រសើរ​លើស‌លប់​យ៉ាង​ណា​ដែរ!។

19. សូម​ទ្រង់​ប្រទាន​ឲ្យ​បង‌ប្អូន​យល់​ទៀត​ថា ឫទ្ធា‌នុភាព​ដ៏​អស្ចារ្យ​បំផុត​ដែល​ព្រះ‌អង្គ​សម្តែង​មក ជា​ប្រយោជន៍​ដល់​យើង​ជា​អ្នក​ជឿ មាន​ទំហំ​ធំ‌ធេង​យ៉ាង​ណា ស្រប​តាម​មហិទ្ធិ‌ឫទ្ធិ​នៃ​ព្រះ‌ចេស្ដា​ដ៏​ខ្លាំង‌ក្លា ដែល​ទ្រង់​បាន​សម្តែង​ក្នុង​អង្គ​ព្រះ‌គ្រិស្ដ។

20. ព្រះ‌អង្គ​បាន​សម្តែង​មហិទ្ធិ‌ឫទ្ធិ​នេះ ដោយ​ប្រោស​ព្រះ‌គ្រិស្ដ​ឲ្យ​មាន​ព្រះ‌ជន្ម​រស់​ឡើង​វិញ និង​ឲ្យ​គង់​នៅ​ខាង​ស្ដាំ​ព្រះ‌អង្គ​នៅ​ស្ថាន​បរម‌សុខ

21. ខ្ពស់​ជាង​វត្ថុ​ស័ក្ដិ‌សិទ្ធិ​គ្រប់​យ៉ាង ខ្ពស់​ជាង​អ្វីៗ​ដែល​មាន​អំណាច មាន​ឫទ្ធិ មាន​បារមី​គ្រប់‌គ្រង និង​ខ្ពស់​លើស​អ្វីៗ​ដែល​មាន​ឈ្មោះ​មិន​ត្រឹម​តែ​នៅ​លោក​នេះ​ទេ គឺ​នៅ​លោក​ខាង​មុខ​ទៀត​ផង។

សូមអានជំពូកពេញលេញ អេភេសូ 1