គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

អេភេសូ 1:6-15 Khmer Standard Version (KHSV)

6. ដើម្បី​ឲ្យ​យើង​លើក​តម្កើង​សិរី‌រុងរឿង​នៃ​ព្រះ‌គុណ ដែល​ទ្រង់​បាន​ប្រោស​ប្រទាន​មក​យើង ក្នុង​អង្គ​ព្រះ‌បុត្រា​ដ៏​ជា​ទី​ស្រឡាញ់​របស់​ព្រះ‌អង្គ។

7. ដោយ​យើង​រួម​ក្នុង​អង្គ​ព្រះ‌គ្រិស្ដ​នេះ ព្រះ‌ជាម្ចាស់​បាន​លោះ​យើង ដោយ​ព្រះ‌លោហិត​របស់​ព្រះ‌អង្គ និង​លើក‌លែង​ទោស​ឲ្យ​យើង​បាន​រួច​ពី​បាប ស្រប​តាម​ព្រះ‌គុណ​ដ៏​លើស‌លប់​របស់​ព្រះ‌អង្គ។

8. ព្រះ‌ជាម្ចាស់​ប្រណី‌សន្ដោស​យើង​យ៉ាង​ខ្លាំង​បំផុត គឺ​ទ្រង់​ប្រទាន​ឲ្យ​យើង​មាន​តម្រិះ និង​ប្រាជ្ញា​ដ៏​វាង‌វៃ​គ្រប់​យ៉ាង។

9. ព្រះ‌អង្គ​បាន​ប្រោស​ឲ្យ​យើង​ស្គាល់​គម្រោង‌ការ​ដ៏​លាក់‌កំបាំង*​នៃ​ព្រះ‌ហឫទ័យ​របស់​ព្រះ‌អង្គ តាម​ព្រះ‌បំណង​ដ៏​សប្បុរស ដែល​ទ្រង់​បាន​សម្រេច​ទុក​ជា​មុន ដោយ​ព្រះ‌អង្គ​ផ្ទាល់។

10. ព្រះ‌អង្គ​ចាត់​ចែង​គម្រោង‌ការ​នេះ​ឲ្យ​បាន​សម្រេច​នៅ​គ្រា​ចុង​ក្រោយ​បំផុត គឺ​ប្រមូល​អ្វីៗ​ទាំង​អស់​ដែល​នៅ​ស្ថាន​បរម‌សុខ និង​នៅ​លើ​ផែន‌ដី ឲ្យ​រួម​គ្នា​នៅ​ក្នុង​អង្គ​ព្រះ‌គ្រិស្ដ ជា​ម្ចាស់​តែ​មួយ។

11. ព្រះ‌ជាម្ចាស់​បាន​ជ្រើស‌រើស​យើង​ទុក​ដោយ​ឡែក ក្នុង​អង្គ​ព្រះ‌គ្រិស្ដ ព្រះ‌អង្គ​បាន​តម្រូវ​យើង​ទុក​ជា​មុន​ដូច្នេះ ស្រប​តាម​ផែន​ការ​របស់​ព្រះ‌អង្គ ដែល​សម្រេច​គ្រប់​កិច្ចការ​ទាំង​អស់​តាម​ព្រះ‌ហឫទ័យ​របស់​ព្រះ‌អង្គ

12. ដើម្បី​ឲ្យ​យើង​លើក​តម្កើង​សិរី‌រុងរឿង​របស់​ព្រះ‌អង្គ គឺ​យើង​ដែល​បាន​សង្ឃឹម​លើ​ព្រះ‌គ្រិស្ដ​មុន​គេ​បង្អស់។

13. ដោយ​រួម​ក្នុង​អង្គ​ព្រះ‌គ្រិស្ដ បង‌ប្អូន​បាន​ស្ដាប់​ព្រះ‌បន្ទូល​នៃ​សេចក្ដី​ពិត ជា​ដំណឹង‌ល្អ​ដែល​សង្គ្រោះ​បង‌ប្អូន។ ក្នុង​អង្គ​ព្រះ‌គ្រិស្ដ​បង‌ប្អូន​ក៏​បាន​ជឿ ហើយ​បាន​ទទួល​សញ្ញា​ដៅ​សម្គាល់​ពី​ព្រះ‌វិញ្ញាណ​ដ៏‌វិសុទ្ធ តាម​ព្រះ‌បន្ទូល​សន្យា​ដែរ។

14. ព្រះ‌ជាម្ចាស់​ប្រទាន​ព្រះ‌វិញ្ញាណ​នេះ​មក​បញ្ចាំ​ចិត្ត​យើង​ឲ្យ​ដឹង​ថា យើង​នឹង​ទទួល​មត៌ក នៅ​ពេល​ព្រះ‌អង្គ​លោះ​ប្រជា‌រាស្ដ្រ​របស់​ព្រះ‌អង្គ​ជា​ស្ថាពរ ដើម្បី​ឲ្យ​គេ​លើក​តម្កើង​សិរី‌រុងរឿង​របស់​ព្រះ‌អង្គ។

15. ហេតុ​នេះ តាំង​ពី​ពេល​ដែល​ខ្ញុំ​បាន​ឮ​គេ​តំណាល​អំពី​ជំនឿ​របស់​បង‌ប្អូន ក្នុង​អង្គ​ព្រះ‌អម្ចាស់​យេស៊ូ និង​អំពី​សេចក្ដី​ស្រឡាញ់​របស់​បង‌ប្អូន​ចំពោះ​ប្រជា‌ជន​ដ៏‌វិសុទ្ធ*​ទាំង​អស់

សូមអានជំពូកពេញលេញ អេភេសូ 1