គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ហេប្រឺ 9:14-21 Khmer Standard Version (KHSV)

14. ចំណង់​បើ​ព្រះ‌លោហិត​របស់​ព្រះ‌គ្រិស្ដ​វិញ តើ​នឹង​រឹត​តែ​ជម្រះ​មន‌សិការ​យើង​ឲ្យ​បាន​រួច​ផុត​ពី​អំពើ​ឥត​បាន​ការ ដើម្បី​គោរព​បម្រើ​ព្រះ‌ជាម្ចាស់​ដ៏​មាន​ព្រះ‌ជន្ម​រស់​ខ្លាំង​យ៉ាង​ណា​ទៅ​ទៀត? គឺ​ដោយ‌សារ​ព្រះ‌វិញ្ញាណ​ដែល​គង់​នៅ​អស់‌កល្ប​ជា‌និច្ច ព្រះ‌គ្រិស្ដ​បាន​ថ្វាយ​ព្រះ‌អង្គ​ផ្ទាល់​ទៅ​ព្រះ‌ជាម្ចាស់ ទុក​ដូច​ជា​យញ្ញ‌បូជា​ឥត​សៅ‌ហ្មង។

15. ហេតុ​នេះ ព្រះ‌អង្គ​ជា​ស្ពាន​នៃ​សម្ពន្ធ‌មេត្រី​មួយ​ថ្មី ដើម្បី​ឲ្យ​អស់​អ្នក​ដែល​ព្រះ‌ជាម្ចាស់​ត្រាស់​ហៅ ទទួល​មត៌ក​ដ៏​ស្ថិត‌ស្ថេរ​អស់‌កល្ប​ជា‌និច្ច តាម​ព្រះ‌បន្ទូល​សន្យា​ព្រោះ​ព្រះ‌គ្រិស្ដ​បាន​សោយ​ទិវង្គត ដើម្បី​លោះ​មនុស្ស​លោក​ឲ្យ​រួច​ផុត​ពី​ទោស ដែល​គេ​បាន​ប្រព្រឹត្ត​ល្មើស កាល​នៅ​ក្រោម​សម្ពន្ធ‌មេត្រី​ទី​មួយ។

16. ធម្មតា គេ​អាច​ចែក​កេរ‌មត៌ក​តាម​ពាក្យ​បណ្ដាំ​បាន លុះ​ត្រា​តែ​មាន​សេចក្ដី​បញ្ជាក់​ថា អ្នក​ដែល​បាន​ចែង​ពាក្យ​បណ្ដាំ​នោះ​ស្លាប់​ទៅ​ហើយ

17. ព្រោះ​ពាក្យ​បណ្ដាំ​អាច​យក​ជា​ការ​បាន តែ​នៅ​ពេល​ណា​ដែល​ម្ចាស់​បណ្ដាំ​នោះ​ស្លាប់​ប៉ុណ្ណោះ បើ​ម្ចាស់​បណ្ដាំ​នៅ​រស់ គេ​ពុំ​អាច​អនុវត្ត​តាម​ពាក្យ​បណ្ដាំ​នោះ​បាន​ឡើយ។

18. ហេតុ​នេះ សូម្បី​តែ​សម្ពន្ធ‌មេត្រី​ពី​មុន​ក៏​ចាប់​ផ្ដើម​យក​ជា​ការ​បាន ទាល់​តែ​មាន​ការ​បង្ហូរ​ឈាម។

19. ពេល​លោក​ម៉ូសេ​ប្រកាស​បទ‌បញ្ជា​ទាំង​អស់ ស្រប​តាម​ក្រឹត្យ‌វិន័យ* ឲ្យ​ប្រជា‌ជន​ទាំង​មូល​ស្ដាប់​រួច​ហើយ លោក​យក​រោម​ចៀម​ដែល​ជ្រលក់​ពណ៌​ក្រហម និង​ស្លឹក​ហ៊ីសុប មក​ជ្រលក់​ឈាម​កូន​គោ ឈាម​ពពែ​ឈ្មោល និង​ទឹក​ប្រោះ​លើ​គម្ពីរ ព្រម​ទាំង​លើ​ប្រជា‌ជន​ទាំង​មូល

20. លោក​មាន​ប្រសាសន៍​ថា:«នេះ​ជា​លោហិត​នៃ​សម្ពន្ធ‌មេត្រី ដែល​ព្រះ‌ជាម្ចាស់​បាន​បង្គាប់​ឲ្យ​អ្នក​រាល់​គ្នា​កាន់​តាម»។

21. បន្ទាប់​មក លោក​ក៏​បាន​ប្រោះ​ឈាម​នោះ​លើ​ព្រះ‌ពន្លា និង​លើ​ប្រដាប់‌ប្រដា​ទាំង​អស់ ដែល​ប្រើ‌ប្រាស់​សម្រាប់​គោរព​បម្រើ​ព្រះ‌ជាម្ចាស់​ដែរ។

សូមអានជំពូកពេញលេញ ហេប្រឺ 9