គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ហេប្រឺ 9:10-17 Khmer Standard Version (KHSV)

10. ពិធី​ទាំង​នោះ​គ្រាន់​តែ​ជា​ក្បួន​តម្រា​របស់​មនុស្ស អំពី​ម្ហូប​អាហារ ភេសជ្ជៈ និង​អំពី​ការ​ប្រោះ​ទឹក​ផ្សេងៗ​ប៉ុណ្ណោះ ជា​ពិធី​ដែល​ប្រជា‌ជន​ត្រូវ​ធ្វើ ទំរាំ​ដល់​ពេល​ព្រះ‌ជាម្ចាស់​កែ​ទម្រង់​អ្វីៗ​ទាំង​អស់​ឡើង​វិញ។

11. រីឯ​ព្រះ‌គ្រិស្ដ​វិញ ព្រះ‌អង្គ​បាន​យាង​មក​ក្នុង​ឋានៈ​ជា​មហា​បូជា‌ចារ្យ ដែល​នាំ​ទៅ​កាន់​សម្បត្តិ​នៅ​លោក​ខាង​មុខ។ ព្រះ‌អង្គ​បាន​យាង​កាត់​ព្រះ‌ពន្លា​មួយ​ដ៏​ប្រសើរ​ឧត្ដម និង​ល្អ​គ្រប់​លក្ខណៈ​ជាង ជា​ព្រះ‌ពន្លា​ដែល​មិន​មែន​សង់​ឡើង​ដោយ​ដៃ​មនុស្ស ពោល​គឺ​មិន​មែន​ជា​ព្រះ‌ពន្លា​ដែល​ស្ថិត​នៅ​ក្នុង​លោក​នេះ​ឡើយ។

12. ព្រះ‌អង្គ​ពុំ​បាន​យក​ឈាម​ពពែ​ឈ្មោល ឬ​ឈាម​កូន​គោ​ទេ គឺ​យក​ព្រះ‌លោហិត​របស់​ព្រះ‌អង្គ​ផ្ទាល់ ចូល​ទៅ​ថ្វាយ​ក្នុង​ទី‌សក្ការៈ​ម្ដង​ជា​សូរេច ទាំង​លោះ​យើង​អស់‌កល្ប​ជា‌និច្ច​ផង។

13. ប្រសិន​បើ​ឈាម​ពពែ​ឈ្មោល និង​ឈាម​គោ​បា ព្រម​ទាំង​ផេះ​គោ​ញី​ស្ទាវ​ដែល​គេ​បាច​លើ​មនុស្ស​សៅ‌ហ្មង ធ្វើ​ឲ្យ​រូប​កាយ​គេ​បាន​បរិសុទ្ធ និង​ឲ្យ​គេ​ទៅ​ជា​វិសុទ្ធ​យ៉ាង​ហ្នឹង​ទៅ​ហើយ

14. ចំណង់​បើ​ព្រះ‌លោហិត​របស់​ព្រះ‌គ្រិស្ដ​វិញ តើ​នឹង​រឹត​តែ​ជម្រះ​មន‌សិការ​យើង​ឲ្យ​បាន​រួច​ផុត​ពី​អំពើ​ឥត​បាន​ការ ដើម្បី​គោរព​បម្រើ​ព្រះ‌ជាម្ចាស់​ដ៏​មាន​ព្រះ‌ជន្ម​រស់​ខ្លាំង​យ៉ាង​ណា​ទៅ​ទៀត? គឺ​ដោយ‌សារ​ព្រះ‌វិញ្ញាណ​ដែល​គង់​នៅ​អស់‌កល្ប​ជា‌និច្ច ព្រះ‌គ្រិស្ដ​បាន​ថ្វាយ​ព្រះ‌អង្គ​ផ្ទាល់​ទៅ​ព្រះ‌ជាម្ចាស់ ទុក​ដូច​ជា​យញ្ញ‌បូជា​ឥត​សៅ‌ហ្មង។

15. ហេតុ​នេះ ព្រះ‌អង្គ​ជា​ស្ពាន​នៃ​សម្ពន្ធ‌មេត្រី​មួយ​ថ្មី ដើម្បី​ឲ្យ​អស់​អ្នក​ដែល​ព្រះ‌ជាម្ចាស់​ត្រាស់​ហៅ ទទួល​មត៌ក​ដ៏​ស្ថិត‌ស្ថេរ​អស់‌កល្ប​ជា‌និច្ច តាម​ព្រះ‌បន្ទូល​សន្យា​ព្រោះ​ព្រះ‌គ្រិស្ដ​បាន​សោយ​ទិវង្គត ដើម្បី​លោះ​មនុស្ស​លោក​ឲ្យ​រួច​ផុត​ពី​ទោស ដែល​គេ​បាន​ប្រព្រឹត្ត​ល្មើស កាល​នៅ​ក្រោម​សម្ពន្ធ‌មេត្រី​ទី​មួយ។

16. ធម្មតា គេ​អាច​ចែក​កេរ‌មត៌ក​តាម​ពាក្យ​បណ្ដាំ​បាន លុះ​ត្រា​តែ​មាន​សេចក្ដី​បញ្ជាក់​ថា អ្នក​ដែល​បាន​ចែង​ពាក្យ​បណ្ដាំ​នោះ​ស្លាប់​ទៅ​ហើយ

17. ព្រោះ​ពាក្យ​បណ្ដាំ​អាច​យក​ជា​ការ​បាន តែ​នៅ​ពេល​ណា​ដែល​ម្ចាស់​បណ្ដាំ​នោះ​ស្លាប់​ប៉ុណ្ណោះ បើ​ម្ចាស់​បណ្ដាំ​នៅ​រស់ គេ​ពុំ​អាច​អនុវត្ត​តាម​ពាក្យ​បណ្ដាំ​នោះ​បាន​ឡើយ។

សូមអានជំពូកពេញលេញ ហេប្រឺ 9