គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ហេប្រឺ 2:8-18 Khmer Standard Version (KHSV)

8. ព្រះ‌អង្គ​បាន​បង្ក្រាប​អ្វីៗ​ទាំង​អស់​ឲ្យ នៅ​ក្រោម​ជើង​របស់​គេ» ។ព្រះ‌ជាម្ចាស់​បាន​បង្ក្រាប​អ្វីៗ​ទាំង​អស់ ឥត​ទុក​ឲ្យ​មាន​អ្វី​មួយ​នៅ​សល់ ដែល​ពុំ​បាន​ចុះ​ចូល​នោះ​ឡើយ។ ក៏​ប៉ុន្តែ នៅ​ពេល​នេះ យើង​ពុំ​ឃើញ​ថា អ្វីៗ​សព្វ​សារ‌ពើ​សុទ្ធ​តែ​បាន​ចុះ​ចូល​នឹង​អំណាច​របស់​មនុស្ស​ហើយ​នោះ​ទេ

9. តែ​យើង​ឃើញ​ថា ព្រះ‌យេស៊ូ​ដែល​មាន​ឋានៈ​ទាប​ជាង​ពួក​ទេវតា​មួយ​រយៈ ព្រោះ​ទ្រង់​បាន​រង‌ទុក្ខ និង​សោយ​ទិវង្គត​នោះ ឥឡូវ​នេះ ព្រះ‌អង្គ​ទទួល​សិរី‌រុងរឿង និង​ព្រះ‌កិត្តិនាម​ទុក​ជា​មកុដ​រាជ្យ។ ដោយ‌សារ​ព្រះ‌គុណ​របស់​ព្រះ‌ជាម្ចាស់ ព្រះ‌គ្រិស្ដ​បាន​សោយ​ទិវង្គត​សម្រាប់​មនុស្ស​គ្រប់ៗ​រូប។

10. អ្វីៗ​ទាំង​អស់​មាន​ជីវិត​ដោយ‌សារ​ព្រះ‌ជាម្ចាស់ និង​សម្រាប់​ព្រះ‌អង្គ ទ្រង់​សព្វ​ព្រះ‌ហឫទ័យ​នឹង​នាំ​បុត្រ‌ធីតា​ជា​ច្រើន​ឲ្យ​ទទួល​សិរី‌រុងរឿង ដូច្នេះ គួរ​គប្បី​ព្រះ‌អង្គ​ប្រោស​ប្រទាន​ឲ្យ​ម្ចាស់​នៃ​ការ​សង្គ្រោះបាន​គ្រប់​លក្ខណៈ ដោយ​រង‌ទុក្ខ​លំបាក។

11. ព្រះ‌យេស៊ូ​ដែល​ប្រោស​មនុស្ស​ឲ្យ​បាន​វិសុទ្ធ* និង​មនុស្ស​ដែល​ព្រះ‌អង្គ​ប្រោស​ឲ្យ​បាន​វិសុទ្ធ​នោះ ចេញ​មក​ពី​ប្រភព​តែ​មួយ។ ហេតុ​នេះ​ហើយ​បាន​ជា​ព្រះ‌យេស៊ូ មិន​ខ្មាស​នឹង​ហៅ​គេ​ថា​ជា​បង‌ប្អូន​របស់​ព្រះ‌អង្គ​ឡើយ

12. គឺ​ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ថា៖ «ទូលបង្គំ​នឹង​ផ្សាយ​ដំណឹង​អំពី​ព្រះ‌នាម របស់​ព្រះ‌អង្គ​ឲ្យ​បង‌ប្អូន​ទូលបង្គំ​ស្គាល់ ទូលបង្គំ​នឹង​ច្រៀង​លើក​តម្កើង​ព្រះ‌អង្គ នៅ​ក្នុង​អង្គ​ប្រជុំ» ។

13. ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៀត​ថា៖ «ទូលបង្គំ​ទុក​ចិត្ត​លើ​ព្រះ‌អង្គ» ហើយ​ថា«ខ្ញុំ​នៅ​ឯ​នេះ​រួម​ជា​មួយ​នឹង​កូន​ចៅ ដែល​ព្រះ‌ជាម្ចាស់​ប្រទាន​ឲ្យ​ខ្ញុំ» ។

14. ដោយ​កូន​ចៅ​នោះ​ជាប់​សាច់​ឈាម​ជា​មួយ​គ្នា ព្រះ‌អង្គ​ក៏​បាន​យក​ឋានៈ​ជា​មនុស្ស​រួម​ជា​មួយ​គេ​ដែរ ហើយ​ព្រះ‌អង្គ​សោយ​ទិវង្គត ដើម្បី​កម្ទេច​មារ*​ដែល​មាន​អំណាច​លើ​សេចក្ដី​ស្លាប់

15. និង​ដើម្បី​រំដោះ​អស់​អ្នក​ដែល​ជាប់​ជា​ទាសករ​មួយ​ជីវិត ព្រោះ​តែ​ខ្លាច​ស្លាប់។

16. ព្រះ‌យេស៊ូ​ពិត​ជា​ពុំ​បាន​យាង​មក​ជួយ​ពួក​ទេវតា*​ទេ គឺ​ព្រះ‌អង្គ​មក​ជួយ​ពូជ‌ពង្ស​របស់​លោក​អប្រាហាំ​វិញ។

17. ហេតុ​នេះ​ហើយ​បាន​ជា​ព្រះ‌អង្គ​ត្រូវ​តែ​មាន​លក្ខណៈ​ដូច​បង‌ប្អូន​របស់​ព្រះ‌អង្គ​គ្រប់​ចំពូក​ទាំង​អស់ ដើម្បី​ធ្វើ​ជា​មហា​បូជា‌ចារ្យ* ដែល​មាន​ចិត្ត​មេត្តា‌ករុណា មាន​ចិត្ត​ស្មោះ​ត្រង់​ក្នុង​ការ​បម្រើ​ព្រះ‌ជាម្ចាស់ និង​ដើម្បី​រំដោះ​ប្រជា‌ជន​ឲ្យ​រួច​ផុត​ពី​បាប*​ផង។

18. ដោយ​ព្រះ‌អង្គ​ផ្ទាល់​បាន​រង‌ទុក្ខ​លំបាក នៅ​ពេល​ជួប​ការ​ល្បង‌ល ព្រះ‌អង្គ​ក៏​អាច​ជួយ អស់​អ្នក​ដែល​ជួប​នឹង​ការ​ល្បង‌ល​បាន​ដែរ។

សូមអានជំពូកពេញលេញ ហេប្រឺ 2