គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ហេប្រឺ 12:8-23 Khmer Standard Version (KHSV)

8. ប្រសិន​បើ​បង‌ប្អូន​មិន​បាន​ទទួល​ការ​វាយ​ប្រដៅ ដូច​កូន​ឯ​ទៀតៗ​ទទួល​ទេ​នោះ បាន​សេចក្ដី​ថា បង‌ប្អូន​ជា​កូន​ឥត​ខាន់‌ស្លា មិន​មែន​ជា​កូន​ពេញ​ច្បាប់​ឡើយ។

9. ឪពុក​របស់​យើង​ផ្នែក​ខាង​សាច់​ឈាម ធ្លាប់​វាយ​ប្រដៅ​យើង ហើយ​យើង​នៅ​តែ​គោរព​គាត់។ រីឯ​ព្រះ‌បិតា​ជា​ម្ចាស់​លើ​ជីវិតទាំង​អស់​នោះ​វិញ យើង​ត្រូវ​ស្ដាប់​បង្គាប់​ព្រះ‌អង្គ​ឲ្យ​រឹត​តែ​ខ្លាំង​ទៅ​ទៀត ដើម្បី​ឲ្យ​បាន​ទទួល​ជីវិត។

10. ឪពុក​យើង​តែង​វាយ​ប្រដៅ​តែ​មួយ​រយៈ​ពេល​ខ្លី តាម​គាត់​យល់​ឃើញ។ រីឯ​ព្រះ‌ជាម្ចាស់​វិញ ព្រះ‌អង្គ​វាយ​ប្រដៅ​ជា​ប្រយោជន៍​ដល់​យើង ដើម្បី​ប្រទាន​ឲ្យ​យើង​បាន​វិសុទ្ធ* រួម​ជា​មួយ​ព្រះ‌អង្គ​ដែរ។

11. ការ​វាយ​ប្រដៅ​តែងតែ​ធ្វើ​ឲ្យ​មាន​ទុក្ខ​ព្រួយ​ភ្លាមៗ មិន​មែន​ធ្វើ​ឲ្យ​សប្បាយ​ទេ។ ក្រោយ​មក ទើប​ការ​វាយ​ប្រដៅ​ផ្ដល់​ឲ្យ​អស់​អ្នក​ដែល​បាន​ទទួល​ការ​អប់រំ​តាម​របៀប​នេះ​មាន​សេចក្ដី​សុខ‌សាន្ត និង​សេចក្ដី​សុចរិត*​ទុក​ជា​ផល។

12. ហេតុ​នេះ«ចូរ​លើក​ដៃ​ដែល​រួយ​ឡើង ហើយ​តម្រង់​ជង្គង់​ដែល​ទន់​នោះ ឲ្យ​រឹង‌ប៉ឹង​ឡើង​ដែរ»។

13. ត្រូវ​រៀបចំ​ផ្លូវ​ឲ្យ​បាន​ត្រង់​ដើម្បី​ស្រួល​ដើរ កុំ​ឲ្យ​អ្នក​ខូច​ជើង​រឹត​តែ​ខូច​ជើង​ថែម​ទៀត គឺ​ឲ្យ​គេ​បាន​ជា​វិញ​ប្រសើរ​ជាង។

14. ចូរ​ខិត‌ខំ​ឲ្យ​បាន​សុខ​ជា​មួយ​មនុស្ស​ទាំង​អស់ ព្រម​ទាំង​ខិត‌ខំ​ឲ្យ​បាន​វិសុទ្ធ*​ទៀត​ផង បើ​មិន​បាន​វិសុទ្ធ​ទេ គ្មាន​នរណា​អាច​ឃើញ​ព្រះ‌អម្ចាស់​បាន​ឡើយ។

15. ចូរ​ប្រយ័ត្ន‌ប្រយែង ក្រែង​លោ​មាន​បង‌ប្អូន​ណា​ម្នាក់​ឃ្លាត​ចេញ​ពី​ព្រះ‌គុណ​របស់​ព្រះ‌ជាម្ចាស់។ មិន​ត្រូវ​ទុក​ឲ្យ​ការ​អាស្រូវ​ចាក់​ឫស ដុះ​ឡើង​បណ្ដាល​ឲ្យ​កើត​រឿង‌រ៉ាវ ហើយ​បំពុល​ចិត្ត​គំនិត​បង‌ប្អូន​ជា​ច្រើន​នោះ​ឡើយ។

16. ចូរ​ប្រយ័ត្ន‌ប្រយែង កុំ​ឲ្យ​បង‌ប្អូន​ណា​ម្នាក់​ប្រាស‌ចាក​សីលធម៌ ឬ​មាន​ចិត្ត​ប្រមាថ​អ្វីៗ​ដែល​សក្ការៈ ដូច​លោក​អេសាវ​បាន​លក់​សិទ្ធិ​ជា​កូន​ច្បង ព្រោះ​តែ​ចង់​បាន​ម្ហូប​មួយ​ចាន​នោះ​ឲ្យ​សោះ។

17. បង‌ប្អូន​ជ្រាប​ស្រាប់​ហើយ​ថា ក្រោយ​មក នៅ​ពេល​គាត់​ចង់​ទទួល​ពរ​ទុក​ជា​មត៌ក ឪពុក​បាន​ផាត់​គាត់​ចោល ទោះ​បី​គាត់​ខំ​ទទូច​អង្វរ​សុំ​ទាំង​ទឹក​ភ្នែក​ក៏​ដោយ ក៏​គាត់​ពុំ​អាច​ធ្វើ​ឲ្យ​ឪពុក​ដូរ​គំនិត​បាន​ដែរ។

18. បង‌ប្អូន​ពុំ​បាន​ចូល​មក​ជិត​ភ្នំ​មួយ ដែល​អាច​ពាល់​បាន ជា​ភ្នំ​ដែល​មាន​ភ្លើង​ឆេះ ដែល​មាន​ភាព​ងងឹត​សូន្យ‌សុង មាន​ខ្យល់​ព្យុះ​នោះ​ឡើយ

19. ហើយ​បង‌ប្អូន​ក៏​ពុំ​បាន​ឮ​ស្នូរ​ត្រែ និង​ឮ​ព្រះ‌សូរសៀង​ដែរ។ ពេល​ជន‌ជាតិ​អ៊ីស្រា‌អែល​ឮ គេ​បាន​អង្វរ​សុំ​កុំ​ឲ្យ​ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ទៀត

20. ព្រោះ​គេ​ពុំ​អាច​ទ្រាំ‌ទ្រ​នឹង​ព្រះ‌បញ្ជា​នេះ​បាន​ទេ គឺ​ថា:«នរណា​ប៉ះ​ភ្នំ​នេះ សូម្បី​តែ​សត្វ​ក៏​ដោយ ក៏​ត្រូវ​តែ​យក​ដុំ​ថ្ម​គប់​សម្លាប់​ចោល​ដែរ»។

21. នេះ​ជា​អព្ភូត‌ហេតុ​មួយ​គួរ​ឲ្យ​ស្ញែង​ខ្លាច​ណាស់ បាន​ជា​លោក​ម៉ូសេ​មាន​ប្រសាសន៍​ថា:«ខ្ញុំ​ភ័យ​ខ្លាច​យ៉ាង​ខ្លាំង ហើយ​ក៏​ញ័រ​រន្ធត់​ទៀត​ផង»។

22. ផ្ទុយ​ទៅ​វិញ បង‌ប្អូន​ចូល​មក​ជិត​ភ្នំ​ស៊ីយ៉ូន មក​ជិត​ក្រុង​របស់​ព្រះ​ដ៏​មាន​ព្រះ‌ជន្ម​រស់ គឺ​ក្រុង​យេរូ‌សាឡឹម​នៅ​ស្ថាន​បរម‌សុខ ដែល​មាន​ទេវតា*​រាប់​លាន​រាប់​កោដិ

23. និង​មាន​ក្រុម‌ជំនុំ​របស់​ពួក​រៀម‌ច្បង ដែល​មាន​ឈ្មោះ​កត់​ទុក​នៅ​ស្ថាន​បរម‌សុខ កំពុង​ជួប‌ជុំ​គ្នា​យ៉ាង​អធិក‌អធម។ បង‌ប្អូន​ចូល​មក​ជិត​ព្រះ‌ជាម្ចាស់ ដែល​វិនិច្ឆ័យ​មនុស្ស​ទាំង​អស់ និង​ចូល​មក​ជិត​វិញ្ញាណ‌ក្ខ័ន្ធ​អ្នក​សុចរិត​ដែល​បាន​គ្រប់​លក្ខណៈ

សូមអានជំពូកពេញលេញ ហេប្រឺ 12