គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ហេប្រឺ 12:1-10 Khmer Standard Version (KHSV)

1. ដោយ​មាន​មនុស្ស​ជា​ច្រើន​ឥត​គណនា ធ្វើ​ជា​បន្ទាល់​ទុក​ឲ្យ​យើង​យ៉ាង​នេះ​ទៅ​ហើយ យើង​ត្រូវ​លះ‌បង់​ចោល​អ្វីៗ​ទាំង​អស់​ដែល​ជា​បន្ទុក​ពី​លើ​យើង និង​លះ‌បង់​អំពើ​បាប​ដែល​រឹប‌រួត​យើង​នេះ​ចោល​ទៅ ហើយ​ព្យាយាម​រត់​តម្រង់​ទៅ​មុខ តាម​ព្រះ‌អម្ចាស់​ដាក់​ឲ្យ​យើង​រត់។

2. ត្រូវ​សម្លឹង​មើល​ទៅ​ព្រះ‌យេស៊ូ ដែល​ជា​ដើម​កំណើត​នៃ​ជំនឿ ហើយ​ធ្វើ​ឲ្យ​ជំនឿ​នេះ​បាន​គ្រប់​លក្ខណៈ។ ព្រះ‌អង្គ​សុខ​ចិត្ត​លះ‌បង់​អំណរ ដែល​បម្រុង​ទុក​សម្រាប់​ព្រះ‌អង្គ ហើយ​រង​ទុក្ខ​លំបាក​នៅ​លើ​ឈើ​ឆ្កាង ឥត​ខ្លាច​ខ្មាសសោះ​ឡើយ។ ឥឡូវ​នេះ ព្រះ‌អង្គ​គង់​នៅ​ខាង​ស្ដាំ​បល្ល័ង្ក​របស់​ព្រះ‌ជាម្ចាស់។

3. សូម​បង‌ប្អូន​គិត​ពី​ព្រះ‌អង្គ​ដែល​បាន​ស៊ូ‌ទ្រាំ​នឹង​មនុស្ស​បាប​ដែល​ប្រឆាំង​ព្រះ‌អង្គ​យ៉ាង​ខ្លាំង​នោះ​ទៅ ដើម្បី​កុំ​ឲ្យ​បង‌ប្អូន​នឿយ‌ណាយ បាក់​ទឹក​ចិត្ត​ឡើយ។

4. បង‌ប្អូន​ពុំ​ទាន់​បាន​តយុទ្ធ​ទល់​នឹង​បាប រហូត​ដល់​ទៅ​បង្ហូរ​ឈាម​ទេ

5. តែ​បង‌ប្អូន​បែរ​ជា​ភ្លេច​ព្រះ‌បន្ទូល​ទូន្មាន​របស់​ព្រះ‌ជាម្ចាស់​មក​កាន់​បង‌ប្អូន ដូច​ឪពុក​ទូន្មាន​កូន​ដែរ គឺ​ថា: «កូន​អើយ មិន​ត្រូវ​ធ្វេស‌ប្រហែស​នឹង ការ​វាយ​ប្រដៅ​របស់​ព្រះ‌អម្ចាស់​ឡើយ ហើយ​ក៏​មិន​ត្រូវ​ធ្លាក់​ទឹក​ចិត្ត នៅ​ពេល​ព្រះ‌អង្គ​ស្ដី​បន្ទោស​ដែរ

6. ដ្បិត​ព្រះ‌អម្ចាស់​ប្រដៅ អ្នក​ដែល​ព្រះ‌អង្គ​ស្រឡាញ់ ហើយ​វាយ​អ្នក​ដែល​ព្រះ‌អង្គ​ទទួល​ជា​កូន»។

7. បង‌ប្អូន​ស៊ូ​ទ្រាំ​នឹង​ការ​ប្រដៅ​បែប​នេះ មក​ពី​ព្រះ‌ជាម្ចាស់​រាប់​បង‌ប្អូន​ថា​ជា​កូន។ តើ​មាន​កូន​ណា​ដែល​ឪពុក​មិន​វាយ​ប្រដៅ?

8. ប្រសិន​បើ​បង‌ប្អូន​មិន​បាន​ទទួល​ការ​វាយ​ប្រដៅ ដូច​កូន​ឯ​ទៀតៗ​ទទួល​ទេ​នោះ បាន​សេចក្ដី​ថា បង‌ប្អូន​ជា​កូន​ឥត​ខាន់‌ស្លា មិន​មែន​ជា​កូន​ពេញ​ច្បាប់​ឡើយ។

9. ឪពុក​របស់​យើង​ផ្នែក​ខាង​សាច់​ឈាម ធ្លាប់​វាយ​ប្រដៅ​យើង ហើយ​យើង​នៅ​តែ​គោរព​គាត់។ រីឯ​ព្រះ‌បិតា​ជា​ម្ចាស់​លើ​ជីវិតទាំង​អស់​នោះ​វិញ យើង​ត្រូវ​ស្ដាប់​បង្គាប់​ព្រះ‌អង្គ​ឲ្យ​រឹត​តែ​ខ្លាំង​ទៅ​ទៀត ដើម្បី​ឲ្យ​បាន​ទទួល​ជីវិត។

10. ឪពុក​យើង​តែង​វាយ​ប្រដៅ​តែ​មួយ​រយៈ​ពេល​ខ្លី តាម​គាត់​យល់​ឃើញ។ រីឯ​ព្រះ‌ជាម្ចាស់​វិញ ព្រះ‌អង្គ​វាយ​ប្រដៅ​ជា​ប្រយោជន៍​ដល់​យើង ដើម្បី​ប្រទាន​ឲ្យ​យើង​បាន​វិសុទ្ធ* រួម​ជា​មួយ​ព្រះ‌អង្គ​ដែរ។

សូមអានជំពូកពេញលេញ ហេប្រឺ 12