គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ហេប្រឺ 11:11-26 Khmer Standard Version (KHSV)

11. ដោយ‌សារ​ជំនឿ លោក​ស្រី​សារ៉ា​អាច​ទទួល​សមត្ថ‌ភាព​នឹង​មាន​កូន​បន្ដ​ពូជ‌ពង្ស​បាន ថ្វី​ដ្បិត​តែ​គាត់​មាន​វ័យ​ចាស់​ណាស់​ហើយ​ក៏​ដោយ ព្រោះ​គាត់​យល់​ថា បើ​ព្រះ‌ជាម្ចាស់​សន្យា​យ៉ាង​ណា ព្រះ‌អង្គ​មុខ​ជា​ធ្វើ​តាម​យ៉ាង​នោះ​ដែរ។

12. ហេតុ​នេះ​ហើយ​បាន​ជា​មាន​មនុស្ស​ច្រើនឥត​គណនា ដូច​ផ្កាយ​នៅ​លើ​មេឃ និង​គ្រាប់​ខ្សាច់​នៅ​ឆ្នេរ​សមុទ្រ កើត​ចេញ​មក​ពី​មនុស្ស​តែ​ម្នាក់ ដែល​ចាស់​ជិត​ស្លាប់​ទៅ​ហើយ​នោះ​ផង។

13. បុព្វបុរស​ទាំង​នេះ​បាន​ស្លាប់​ទៅ ទាំង​នៅ​មាន​ជំនឿ​ដដែល ពួក​លោក​ឥត​បាន​ទទួល​អ្វីៗ​តាម​ព្រះ‌បន្ទូល​សន្យា​ទេ តែ​បាន​ឃើញ និង​អបអរ​ទទួល​ពី​ចម្ងាយ ហើយ​ប្រកាស​ទទួល​ស្គាល់​ថាពួក​លោក​គ្រាន់​តែ​ជា​ជន​បរទេស ដែល​ធ្វើ​ដំណើរ​លើ​ផែន‌ដី​នេះ​ប៉ុណ្ណោះ។

14. អ្នក​ណា​និយាយ​ដូច្នេះ​បង្ហាញ​ឲ្យ​ឃើញ​ច្បាស់​ថា គេ​ស្វែង​រក​មាតុ‌ភូមិ​មួយ។

15. ប្រសិន​បើ​បុព្វបុរស​ទាំង​នោះ​នឹក​ស្រុក​ដែល​លោក​បាន​ចាក​ចេញ​មក លោក​មុខ​ជា​មាន​ឱកាស​វិល​ត្រឡប់​ទៅ​វិញ​ពុំ‌ខាន។

16. តាម​ពិត ពួក​លោក​ចង់​បាន​មាតុ‌ភូមិ​មួយ​ដ៏​ល្អ​ប្រសើរ​ជាង គឺ​មាតុ‌ភូមិ​នៅ​ស្ថាន​បរម‌សុខ*​ឯ‌ណោះ។ ហេតុ​នេះ​ហើយ​បាន​ជា​ព្រះ‌ជាម្ចាស់ មិន​ខ្មាស​នឹង​ឲ្យ​គេ​ហៅ​ព្រះ‌អង្គ​ថា ជា​ព្រះ​របស់​បុព្វបុរស​ទាំង​នោះ​ឡើយ ដ្បិត​ព្រះ‌អង្គ​បាន​រៀបចំ​ក្រុង​មួយ សម្រាប់​ពួក​លោក​រួច​ទៅ​ហើយ។

17. ដោយ‌សារ​ជំនឿ លោក​អប្រាហាំ​បាន​យក​អ៊ីសាក​ទៅ​ថ្វាយ​ជា​យញ្ញ‌បូជា នៅ​ពេល​ព្រះ‌ជាម្ចាស់​ល្បង‌ល​មើល​ចិត្ត​លោក។ លោក​ថ្វាយ​កូន​តែ​មួយ​គត់​របស់​លោក ថ្វី‌ដ្បិត​តែ​លោក​បាន​ទទួល​ព្រះ‌បន្ទូល​សន្យា

18. ហើយ​ថ្វី‌ដ្បិត​តែ​ព្រះ‌ជាម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ថា «អ៊ីសាក​នឹង​បន្ដ​ពូជ‌ពង្ស​ឲ្យ​អ្នក»​ក៏​ដោយ។

19. លោក​យល់​ឃើញ​ថា ព្រះ‌ជាម្ចាស់​មាន​ឫទ្ធា‌នុភាព​អាច​ប្រោស​មនុស្ស​ស្លាប់​ឲ្យ​រស់​ឡើង​វិញ​បាន។ ហេតុ​នេះ លោក​ក៏​បាន​ទទួល​កូន​មក​វិញ ដែល​ជា​និមិត្ត‌រូប​មួយ។

20. ដោយ‌សារ​ជំនឿ លោក​អ៊ីសាក​បាន​ឲ្យ​ពរ​លោក​យ៉ាកុប និង​លោក​អេសាវ ទុក​សម្រាប់​អនាគត។

21. ដោយ‌សារ​ជំនឿ ពេល​លោក​យ៉ាកុប​ហៀប​នឹង​ទទួល​មរណ‌ភាព លោក​បាន​ឲ្យ​ពរ​ដល់​កូនៗ​របស់​លោក​យ៉ូសែប ហើយ​លោក​ថ្វាយ‌បង្គំ​ព្រះ‌ជាម្ចាស់ ដោយ​បន្ទន់​ខ្លួន​លើ​ឈើ​ច្រត់។

22. ដោយ‌សារ​ជំនឿ ពេល​លោក​យ៉ូសែប​ជិត​លា​ចាក​លោក​នេះ​ទៅ លោក​បាន​ថ្លែង​ទុក​ថា កូន​ចៅ​អ៊ីស្រា‌អែល​នឹង​ចាក​ចេញ​ពី​ស្រុក​អេស៊ីប ហើយ​លោក​ផ្ដាំ​គេ​ឲ្យ​ធ្វើ​យ៉ាង​ណាៗ​ចំពោះ​ធាតុ​របស់​លោក។

23. ដោយ‌សារ​ជំនឿ ពេល​លោក​ម៉ូសេ​កើត​មក ឪពុក​ម្ដាយ​បាន​លាក់​លោក​ទុក​ចំនួន​បី​ខែ ព្រោះ​ឃើញ​ទារក​ស្អាត ហើយ​គាត់​មិន​កោត​ខ្លាច​បញ្ជា​របស់​ស្ដេច​ទេ។

24. ដោយ‌សារ​ជំនឿ លុះ​ដល់​ម៉ូសេ​ធំ​ពេញ​វ័យ​ហើយ លោក​មិន​ព្រម​ឲ្យ​គេ​ហៅ​លោក​ថា​ជា​កូន​របស់​បុត្រី​ព្រះចៅ​ផារ៉ោន​ទេ។

25. លោក​សុខ​ចិត្ត​ស៊ូ​ទ្រាំ​រង‌ទុក្ខ​លំបាក​រួម​ជា​មួយ​ប្រជា‌រាស្ដ្រ​របស់​ព្រះ‌ជាម្ចាស់ ជា​ជាង​សប្បាយ​នឹង​អំពើ​បាប​តែ​មួយ‌ភ្លែត។

26. លោក​យល់​ឃើញ​ថា លោក​រង​ការ​ប្រមាថ​មើល‌ងាយ​ដូច​ព្រះ‌គ្រិស្ដ ប្រសើរ​ជាង​បាន​ទ្រព្យ​សម្បត្តិ​នានា​នៅ​ស្រុក​អេស៊ីប ដ្បិត​លោក​ជាប់​ចិត្ត​នឹង​រង្វាន់​ដែល​នៅ​ខាង​មុខ។

សូមអានជំពូកពេញលេញ ហេប្រឺ 11