គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ហេប្រឺ 11:1-8 Khmer Standard Version (KHSV)

1. ជំនឿ​ធ្វើ​ឲ្យ​យើង​មាន​អ្វីៗ​ដែល​យើង​សង្ឃឹម​ថា​នឹង​បាន និង​ធ្វើ​ឲ្យ​ស្គាល់​ជាក់​ច្បាស់​នូវ​អ្វីៗ​ដែល​យើង​មើល​ពុំ​ឃើញ។

2. ព្រោះ​តែ​ជំនឿ​ហ្នឹង​ហើយ​បាន​ជា​ចាស់ៗ​នៅ​ជំនាន់​ដើម​បាន​ទទួល​កេរ្តិ៍‌ឈ្មោះ​ល្អ។

3. ដោយ‌សារ​ជំនឿ យើង​យល់​ថា ព្រះ‌បន្ទូល​របស់​ព្រះ‌ជាម្ចាស់​បាន​បង្កើត​ពិភព​លោក​មក។ ដូច្នេះ អ្វីៗ​ដែល​យើង​មើល​ឃើញ មិន​មែន​កើត​ចេញ​មក​ពី​អ្វីៗ​ដែល​មាន​រូប‌រាង​នោះ​ឡើយ។

4. ដោយ‌សារ​ជំនឿ លោក​អេបិល​បាន​ថ្វាយ​យញ្ញ‌បូជា​មួយ​ទៅ​ព្រះ‌ជាម្ចាស់ ជា​យញ្ញ‌បូជា​ប្រសើរ​ជាង​យញ្ញ‌បូជា​របស់​លោក​កាអ៊ីន។ ដោយ‌សារ​ជំនឿ​ហ្នឹង​ហើយ​បាន​ជា​ព្រះ‌ជាម្ចាស់​ផ្ដល់​សក្ខីភាព​ថា លោក​ជា​មនុស្ស​សុចរិត។ ព្រះ‌អង្គ​គាប់​ព្រះ‌ហឫទ័យនឹង​តង្វាយ​របស់​លោក ហើយ​ដោយ‌សារ​ជំនឿ ទោះ​បី​លោក​អេបិល​ស្លាប់​បាត់​ទៅ​ហើយ​ក្ដី ក៏​លោក​នៅ​តែ​មាន​ប្រសាសន៍​នៅ​ឡើយ។

5. ដោយ‌សារ​ជំនឿ លោក​ហេណុក​ត្រូវ​ព្រះ‌ជាម្ចាស់​លើក​ឡើង​ទៅ​ស្ថាន​បរម‌សុខ រួច​ផុត​ពី​សេចក្ដី​ស្លាប់ ហើយ​គ្មាន​នរណា​រក​លោក​ឃើញ​ទៀត​ឡើយ ព្រោះ​ព្រះ‌អង្គ​បាន​លើក​លោក​ឡើង​ទៅ។ មុន​ពេល​ព្រះ‌អង្គ​លើក​លោក​ឡើង​ទៅ​នោះ លោក​បាន​ទទួល​សក្ខីភាព​ថា ព្រះ‌ជាម្ចាស់​គាប់​ព្រះ‌ហឫទ័យ​នឹង​លោក។

6. បើ​គ្មាន​ជំនឿ គ្មាន​នរណា​អាច​គាប់​ព្រះ‌ហឫទ័យ​ព្រះ‌អង្គ​បាន​ឡើយ។ អ្នក​ចូល​មក​ជិត​ព្រះ‌ជាម្ចាស់​ត្រូវ​តែ​ជឿ​ថា ពិត​ជា​មាន​ព្រះ‌ជាម្ចាស់​មែន ហើយ​ជឿ​ថា​ព្រះ‌អង្គ​នឹង​ប្រទាន​រង្វាន់​ដល់​អស់​អ្នក​ដែល​ស្វែង​រក​ព្រះ‌អង្គ។

7. ដោយ‌សារ​ជំនឿ លោក​ណូអេ​បាន​ទទួល​ដំណឹង​ពី​ព្រះ‌ជាម្ចាស់​អំពី​ហេតុ‌ការណ៍ ដែល​ពុំ​ទាន់​ឃើញ​មាន​នៅ​ឡើយ លោក​ក៏​ស្ដាប់​តាម ដោយ​គោរព​ប្រណិ‌ប័តន៍ គឺ​លោក​បាន​សង់​ទូក​មួយ​យ៉ាង​ធំ ដើម្បី​សង្គ្រោះ​ក្រុម​គ្រួសារ​របស់​លោក។ ដូច្នេះ ដោយ‌សារ​ជំនឿ លោក​បាន​ដាក់​ទោស​ពិភព​លោក ហើយ​ក៏​បាន​ទទួល​សេចក្ដី​សុចរិត​ទុក​ជា​មត៌ក គឺ​ជា​សេចក្ដី​សុចរិត​ដែល​មក​ពី​ជំនឿ។

8. ដោយ‌សារ​ជំនឿ លោក​អប្រាហាំ​ស្ដាប់​បង្គាប់​ព្រះ‌ជាម្ចាស់​ដែល​បាន​ត្រាស់​ហៅ​លោក ហើយ​ចេញ​ដំណើរ​ទៅ​កាន់​ស្រុក​មួយ ដែល​លោក​នឹង​ទទួល​ទុក​ជា​មត៌ក។ លោក​ចេញ​ដំណើរ​ទៅ ទាំង​ពុំ​ដឹង​ថា​ត្រូវ​ទៅ​ណា​ផង។

សូមអានជំពូកពេញលេញ ហេប្រឺ 11