គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ហេប្រឺ 10:7-16 Khmer Standard Version (KHSV)

7. ដូច្នេះ ទូលបង្គំ​ពោល​ថា: បពិត្រ​ព្រះ‌ជាម្ចាស់ ឥឡូវ​នេះ ទូលបង្គំ​សូម​មក ធ្វើ​តាម​ព្រះ‌ហឫទ័យ​របស់​ព្រះ‌អង្គ ស្រប​តាម​សេចក្ដី​ដែល​មាន​ចែង​ទុក​ពី​ទូលបង្គំ នៅ​ក្នុង​គម្ពីរ» ។

8. ជា​បឋម ព្រះ‌គ្រិស្ដ​មាន​ព្រះ‌បន្ទូល​ថា «ព្រះ‌អង្គ​មិន​ចង់​បាន ហើយ​ព្រះ‌អង្គ​ក៏​មិន​សព្វ​ព្រះ‌ហឫទ័យ​នឹង​យញ្ញ‌បូជា តង្វាយ​ផ្សេងៗ តង្វាយ​ដុត​ទាំង​មូល ឬ​យញ្ញ‌បូជា​រំដោះ​បាប» ដែល​គេ​ថ្វាយ​ទៅ​ព្រះ‌ជាម្ចាស់​ស្រប​តាម​ក្រឹត្យ‌វិន័យ​ដែរ។

9. បន្ទាប់​មក ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ថា «ឥឡូវ​នេះ ទូលបង្គំ​សូម​មក​ធ្វើ​តាម​ព្រះ‌ហឫទ័យ​របស់​ព្រះ‌អង្គ»។ ដូច្នេះ ព្រះ‌អង្គ​បាន​លុប​បំបាត់​របៀប​គោរព​បម្រើ​ព្រះ‌ជាម្ចាស់​ពី​មុន​ចោល ហើយ​យក​របៀប​ថ្មី​មក​តាំង​ជំនួស​វិញ។

10. ព្រះ‌យេស៊ូ​គ្រិស្ដ​ថ្វាយ​ព្រះ‌កាយ​របស់​ព្រះ‌អង្គ​ម្ដង ជា​សូរេច តាម​ព្រះ‌ហឫទ័យ​ព្រះ‌ជាម្ចាស់ ហេតុ​នេះ​ហើយ​បាន​ជា​ព្រះ‌អង្គ​ប្រោស​យើង​ឲ្យ​បាន​វិសុទ្ធ។

11. បូជា‌ចារ្យ*​គ្រប់ៗ​រូប​តែងតែ​ឈរ​បំពេញ​មុខ‌ងារ​របស់​ខ្លួន​ជា​រៀង​រាល់​ថ្ងៃ ហើយ​ថ្វាយ​យញ្ញ‌បូជា​ដដែលៗ​ជា​ញឹក​ញាប់ ជា​យញ្ញ‌បូជា​ដែល​ពុំ​អាច​ដក​បាប​បាន​ជា​ដាច់​ខាត។

12. រីឯ​ព្រះ‌គ្រិស្ដ​វិញ បន្ទាប់​ពី​ព្រះ‌អង្គ​បាន​ថ្វាយ​យញ្ញ‌បូជា​តែ​មួយ ដើម្បី​រំដោះ​បាប​រួច​ហើយ ព្រះ‌អង្គ​គង់​នៅ​ខាង​ស្ដាំ​ព្រះ‌ជាម្ចាស់​រហូត​ត​ទៅ។

13. ឥឡូវ​នេះ ព្រះ‌អង្គ​រង់‌ចាំ​ព្រះ‌ជាម្ចាស់​បង្ក្រាប​ខ្មាំង​សត្រូវ​របស់​ព្រះ‌អង្គ ឲ្យ​ចុះ​ចូល​ក្រោម​ព្រះ‌បាទា​ព្រះ‌អង្គ។

14. ដោយ‌សារ​តង្វាយ​តែ​មួយ​គត់ ព្រះ‌គ្រិស្ដ​ធ្វើ​ឲ្យ​អស់​អ្នក​ដែល​ទ្រង់​បាន​ប្រោស​ឲ្យ​វិសុទ្ធ*​ហើយ​នោះ បាន​គ្រប់​លក្ខណៈ​រហូត​ត​ទៅ។

15. ព្រះ‌វិញ្ញាណ​ដ៏‌វិសុទ្ធ*​ក៏​បាន​បញ្ជាក់​ប្រាប់​យើង​ដែរ គឺ​មុន​ដំបូង ព្រះអង្គ​មាន​ព្រះ‌បន្ទូល​ថា៖

16. «ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា លុះ​គ្រា​នេះ​កន្លង​ផុត​ទៅ យើង​នឹង​ចង សម្ពន្ធ‌មេត្រី​ជា​មួយ​គេ​ដូច​ត​ទៅ​នេះ យើង​នឹង​ដាក់​ក្រឹត្យ‌វិន័យ​ទាំង​ប៉ុន្មាន​របស់​យើង ក្នុង​ចិត្ត​របស់​ពួក​គេ យើង​នឹង​ចារ​ក្រឹត្យ‌វិន័យ ទាំង​នោះ​ទុក​ក្នុង​ប្រាជ្ញា​របស់​ពួក​គេ​ដែរ»។

សូមអានជំពូកពេញលេញ ហេប្រឺ 10