គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

វិវរណៈ 9:15-21 Khmer Standard Version (KHSV)

15. គេ​ក៏​ស្រាយ​ទេវតា​ទាំង​បួន​រូប ដែល​បាន​ប្រុង​ប្រៀប​ខ្លួន​ប្រហារ​ជីវិត​មនុស្ស​មួយ​ភាគ​បី ត្រូវ​តាម​ម៉ោង​ថ្ងៃ ខែ និង​ឆ្នាំ។

16. ខ្ញុំ​បាន​ឮ​ថា ចំនួន​ទាហាន​ទ័ព​សេះ​នោះ​មាន​ទាំង​អស់​ពីរ​រយ​លាន​នាក់។

17. ក្នុង​និមិត្ត​ហេតុ​អស្ចារ្យ​ដែល​ខ្ញុំ​បាន​ឃើញ​នោះ មាន​សេះ និង​ពល​ទាហាន​ដែល​ជិះ​ពី​លើ​វា ពាក់​អាវ‌ក្រោះ​ពណ៌​ក្រហម​ដូច​ភ្លើង ពណ៌​បៃតង​ខ្ចី និង​ពណ៌​លឿង​ដូច​ស្ពាន់ធ័រ។ រីឯ​ក្បាល​សេះ​វិញ មាន​រាង​ដូច​ជា​ក្បាល​សិង្ហ ហើយ​មាន​ភ្លើង ផ្សែង និង​ស្ពាន់ធ័រ​ចេញ​ពី​មាត់​វា​មក​ផង។

18. មនុស្ស​មួយ​ភាគ​បី​បាន​ស្លាប់ ដោយ‌សារ​គ្រោះ​កាច​ទាំង​បី​មុខ​នេះ គឺ​ស្លាប់​ដោយ​ភ្លើង ដោយ​ផ្សែង និង​ដោយ​ស្ពាន់ធ័រ​ដែល​ចេញ​ពី​មាត់​សេះ

19. ដ្បិត​អំណាច​របស់​សេះ​ទាំង​នោះ​ស្ថិត​នៅ​លើ​មាត់ និង​កន្ទុយ។ កន្ទុយ​របស់​វា​ប្រៀប​បាន​ទៅ​នឹង​ពស់ គឺ​មាន​ក្បាល ហើយ​វា​ធ្វើ​ឲ្យ​មនុស្ស​វេទនា ដោយ‌សារ​តែ​ក្បាល​ហ្នឹង​ឯង។

20. រីឯ​មនុស្ស​ឯ​ទៀតៗ ដែល​មិន​បាន​ស្លាប់​ដោយ​គ្រោះ​កាច​ទាំង​នោះ ពុំ​ព្រម​កែ​ប្រែ​ចិត្ត​គំនិត​ឈប់​ប្រព្រឹត្ត​អំពើ​របស់​ខ្លួន​ទេ គឺ​គេ​ពុំ​ព្រម​ឈប់​ថ្វាយ‌បង្គំ​អារក្ស ថ្វាយ‌បង្គំ​រូប​សំណាក​របស់​ព្រះ​ក្លែង‌ក្លាយ​ធ្វើ​ពី​មាស ពី​ប្រាក់ ពី​លង្ហិន ពី​ថ្ម និង​ធ្វើ​ពី​ឈើ ជា​ព្រះ​ដែល​មិន​ចេះ​មើល មិន​ចេះ​ស្ដាប់ ហើយ​ក៏​មិន​ចេះ​ដើរ​នោះ​ឡើយ។

21. គេ​ក៏​ពុំ​ព្រម​កែ​ប្រែ​ចិត្ត​គំនិត​ឈប់​ប្រព្រឹត្ត​អំពើ​ឃាត‌កម្ម វិជ្ជា​ធ្មប់ អំពើ​ប្រាស‌ចាក​សីលធម៌ និង​អំពើ​លួច​ប្លន់​ដែល​ខ្លួន​បាន​ប្រព្រឹត្ត​នោះ​ដែរ។

សូមអានជំពូកពេញលេញ វិវរណៈ 9