គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

វិវរណៈ 4:1-7 Khmer Standard Version (KHSV)

1. បន្ទាប់​មក ខ្ញុំ​ឃើញ​ទ្វារ​មួយ​បើក​ចំហ​នៅ​ស្ថាន​បរម‌សុខ* ហើយ​សំឡេង​ដែល​ខ្ញុំ​បាន​ឮ​កាល​ពី​មុន ដូច​ស្នូរ​ត្រែ​បន្លឺ​មក​កាន់​ខ្ញុំ​ថា: «សូម​ឡើង​មក​នេះ! យើង​នឹង​បង្ហាញ​ឲ្យ​អ្នក​ឃើញ​ហេតុ‌ការណ៍​ដែល​ត្រូវ​កើត​មាន នៅ​ពេល​ខាង​មុខ»។

2. រំពេច​នោះ ព្រះ‌វិញ្ញាណ​បាន​ធ្វើ​ឲ្យ​ខ្ញុំ​លង់​ស្មារតី។ ខ្ញុំ​ឃើញ​បល្ល័ង្ក​មួយ​នៅ​ស្ថាន​បរម‌សុខ* ហើយ​មាន​ព្រះ‌មួយ​អង្គ​គង់​នៅ​លើ​បល្ល័ង្ក​នោះ។

3. ព្រះ‌អង្គ​ដែល​គង់​នៅ​លើ​បល្ល័ង្ក មើល​ទៅ​ដូច​ជា​ត្បូង​មណី‌ជោតិរស និង​ត្បូង​ទទឹម ហើយ​មាន​ឆព្វណ្ណ‌រង្សី ភ្លឺ​ដូច​កែវ‌មរកត ព័ទ្ធ​ជុំ‌វិញ​បល្ល័ង្ក​នោះ​ដែរ។

4. នៅ​ជុំ‌វិញ​បល្ល័ង្ក មាន​បល្ល័ង្ក​ម្ភៃ​បួន​ទៀត ហើយ​មាន​ព្រឹទ្ធា‌ចារ្យ*​ម្ភៃ​បួន​រូប​អង្គុយ​នៅ​លើ​បល្ល័ង្ក​ទាំង​នោះ ស្លៀក​ពាក់​ពណ៌​ស និង​ពាក់​មកុដ​មាស​ផង។

5. មាន​ផ្លេក​បន្ទោរ មាន​សំឡេង ព្រម​ទាំង​ផ្គរ‌លាន់​ចេញ​ពី​បល្ល័ង្ក​នោះ​មក។ នៅ​មុខ​បល្ល័ង្ក មាន​ចង្កៀង​ប្រាំ‌ពីរ​កំពុង​ឆេះ​យ៉ាង​ភ្លឺ ចង្កៀង​ទាំង​នោះ គឺ​ជា​ព្រះ‌វិញ្ញាណ​ទាំង​ប្រាំ‌ពីរ​របស់​ព្រះ‌ជា‌ម្ចាស់។

6. នៅ​មុខ​បល្ល័ង្ក មាន​ដូច​ជា​សមុទ្រ ភ្លឺ​ថ្លា​ដូច​កែវ‌ចរណៃ។នៅ​ចំ​កណ្ដាល និង​នៅ​ជុំ‌វិញ​បល្ល័ង្ក មាន​សត្វ​មាន​ជីវិត​បួន​រូប​ដែល​មាន​ភ្នែក​ពេញ​ខ្លួន ទាំង​មុខ ទាំង​ក្រោយ។

7. សត្វ​មាន​ជីវិត​ទី​មួយ​មាន​រូប​រាង​ស្រដៀង​នឹង​សិង្ហ សត្វ​មាន​ជីវិត​ទី​ពីរ​ស្រដៀង​នឹង​កូន​គោ សត្វ​មាន​ជីវិត​ទី​បី​មាន​មុខ​ដូច​មនុស្ស សត្វ​មាន​ជីវិត​ទី​បួន​ស្រដៀង​នឹង​ឥន្ទ្រី​ដែល​កំពុង​តែ​ហើរ។

សូមអានជំពូកពេញលេញ វិវរណៈ 4