គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

វិវរណៈ 3:8-19 Khmer Standard Version (KHSV)

8. “យើង​ស្គាល់​កិច្ចការ​ដែល​អ្នក​ប្រព្រឹត្ត​នោះ​ហើយ មើល៍! យើង​បាន​បើក​ទ្វារ​ចំហ​នៅ​មុខ​អ្នក​ហើយ គ្មាន​នរណា​អាច​បិទ​បាន​ទេ។ អ្នក​មាន​អំណាច​តិច​មែន តែ​អ្នក​បាន​ប្រតិបត្តិ​តាម​ពាក្យ​យើង ហើយ​មិន​បាន​បដិសេធ​ថា មិន​ស្គាល់​ឈ្មោះ​យើង​ផង។

9. យើង​នឹង​ប្រគល់​អ្នក​ខ្លះ​ពី​សាលា​ប្រជុំ​របស់​មារ*​សាតាំង​មក​ឲ្យ​អ្នក។ ពួក​គេ​ថា​ខ្លួន​ជា​សាសន៍​យូដា តាម​ពិត គេ​មិន​មែន​ជា​សាសន៍​យូដា​ទេ គឺ​គេ​និយាយ​កុហក។ យើង​នឹង​ឲ្យ​អ្នក​ទាំង​នោះ​មក​ក្រាប​នៅ​ទៀប​ជើង​អ្នក ព្រម​ទាំង​ទទួល​ស្គាល់​ថា យើង​ពិត​ជា​បាន​ស្រឡាញ់​អ្នក​មែន។

10. ដោយ​អ្នក​បាន​ព្យាយាម​ប្រតិបត្តិ​តាម​ពាក្យ​យើង យើង​ក៏​រក្សា​អ្នក​ឲ្យ​រួច​ផុត​ពី​គ្រា​លំបាក​ដែល​នឹង​កើត​មាន​ក្នុង​ពិភព​លោក​ទាំង​មូល ដើម្បី​ល្បង‌ល​មើល​មនុស្ស​នៅ​លើ​ផែន‌ដី​ដែរ។

11. យើង​នឹង​មក​ដល់​ក្នុង​ពេល​ឆាប់ៗ អ្វីៗ​ដែល​អ្នក​មាន ចូរ​កាន់​ឲ្យ​បាន​ខ្ជាប់ខ្ជួន ដើម្បី​កុំ​ឲ្យ​នរណា​ដណ្ដើម​យក​មកុដ​របស់​អ្នក​បាន។

12. អ្នក​ណា​មាន​ជ័យ‌ជំនះ យើង​តាំង​អ្នក​នោះ​ឲ្យ​ធ្វើ​ជា​សសរ​មួយ នៅ​ក្នុង​ព្រះ‌វិហារ*​នៃ​ព្រះ​របស់​យើង ហើយ​គេ​នឹង​មិន​ចាក​ចេញ​ពី​ព្រះ‌វិហារ​នេះ​ទៀត​ឡើយ។ យើង​នឹង​ចារឹក​ព្រះ‌នាម​នៃ​ព្រះ​របស់​យើង និង​ឈ្មោះ​ក្រុង​នៃ​ព្រះ​របស់​យើង​លើ​អ្នក​នោះ គឺ​ក្រុង​យេរូ‌សាឡឹម​ថ្មី​ដែល​ចុះ​ពី​ស្ថាន​បរម‌សុខ ចុះ​មក​ពី​ព្រះ​របស់​យើង។ យើង​ក៏​នឹង​ចារឹក​នាម​ថ្មី​របស់​យើង​លើ​អ្នក​នោះ​ដែរ។

13. ចូរ​ផ្ទៀង​ត្រចៀក​ស្ដាប់​សេចក្ដី ដែល​ព្រះ‌វិញ្ញាណ​មាន​ព្រះ‌បន្ទូល​មក​កាន់​ក្រុម‌ជំនុំ​ទាំង​នេះ​ឲ្យ​មែន​ទែន!”»។

14. «ចូរ​សរសេរ​ទៅ​កាន់​ទេវតា​របស់​ក្រុម‌ជំនុំ*​នៅ​ក្រុង​ឡៅឌី‌សេ ដូច​ត​ទៅ​នេះ៖ព្រះ‌អាម៉ែន​​ជា​បន្ទាល់​ដ៏​ស្មោះ​ត្រង់ និង​ពិត​ប្រាកដ ហើយ​ជា​ដើម​កំណើត​នៃ​អ្វីៗ​ទាំង​អស់ ដែល​ព្រះ‌ជាម្ចាស់​បាន​បង្កើត​មក ទ្រង់​មាន​ព្រះ‌បន្ទូល​ថា:

15. “យើង​ស្គាល់​កិច្ចការ​ដែល​អ្នក​ប្រព្រឹត្ត​នោះ​ហើយ គឺ​អ្នក​ត្រជាក់​ក៏​មិន​ត្រជាក់ ក្ដៅ​ក៏​មិន​ក្ដៅ។ ប្រសិន​បើ​អ្នក​ពិត​ជា​ត្រជាក់ ឬ​ពិត​ជា​ក្ដៅ​នោះ​ប្រសើរ​ជាង!

16. ដោយ​អ្នក​នៅ​ឧណ្ហៗ ត្រជាក់​ក៏​មិន​ត្រជាក់ ក្ដៅ​ក៏​មិន​ក្ដៅ​ដូច្នេះ យើង​នឹង​ខ្ជាក់​អ្នក​ចោល​ជា​មិន​ខាន

17. ព្រោះ​អ្នក​ពោល​ថា “ខ្ញុំ​ជា​អ្នក​មាន ខ្ញុំ​មាន​ស្ដុក‌ស្ដម្ភ​ហើយ ខ្ញុំ​មិន​ត្រូវ​ការ​អ្វី​ទេ” អ្នក​ពុំ​ដឹង​ថា ខ្លួន​កំពុង​តែ​វេទនា​រហេម‌រហាម ក្រ​តោក‌យ៉ាក ខ្វាក់​ភ្នែក គ្មាន​សម្លៀក‌បំពាក់​បិទ‌បាំង​កាយ​នោះ​ឡើយ។

18. យើង​សុំ​ទូន្មាន​អ្នក​ឲ្យ​មក​រក​ទិញ​មាស​ពី​យើង ជា​មាស​ដែល​សម្រាំង​នៅ​ក្នុង​ភ្លើង ដើម្បី​ឲ្យ​បាន​ទៅ​ជា​អ្នក​មាន ហើយ​ទិញ​សម្លៀក‌បំពាក់​ពណ៌​ស មក​ស្លៀក​ពាក់​បិទ‌បាំង​កេរ‌ខ្មាស​របស់​អ្នក កុំ​ឲ្យ​នៅ​ខ្លួន​ទទេ​ដូច្នេះ។ ចូរ​មក​រក​ទិញ​ថ្នាំ​ដាក់​ភ្នែក​ពី​យើង​ផង​ដែរ ដើម្បី​ឲ្យ​អ្នក​មើល​ឃើញ​ច្បាស់។

19. យើង​ស្ដី​បន្ទោស និង​ប្រដែ‌ប្រដៅ​អស់​អ្នក​ដែល​យើង​ស្រឡាញ់។ ដូច្នេះ ចូរ​មាន​ចិត្ត​ក្លាហាន ហើយ​កែ​ប្រែ​ចិត្ត​គំនិត​ឡើង!។

សូមអានជំពូកពេញលេញ វិវរណៈ 3