គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

វិវរណៈ 22:7-16 Khmer Standard Version (KHSV)

7. ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ថា: “ចូរ​ស្ដាប់ យើង​នឹង​មក​ដល់​ក្នុង​ពេល​ឆាប់ៗ អ្នក​ណា​ប្រតិបត្តិ​តាម​សេចក្ដី​ដែល​មាន​ថ្លែង​ទុក​ក្នុង​សៀវភៅ​នេះ អ្នក​នោះ​មាន​សុភមង្គល​ហើយ!”»។

8. ខ្ញុំ យ៉ូហាន ខ្ញុំ​បាន​ឮ និង​បាន​ឃើញ​ហេតុ‌ការណ៍​ទាំង​នេះ។ ពេល​ខ្ញុំ​បាន​ឮ និង​បាន​ឃើញ​ដូច្នេះ​ហើយ ខ្ញុំ​ក្រាប​ចុះ​នៅ​ទៀប​ជើង​ទេវតា ដែល​បាន​បង្ហាញ​ឲ្យ​ខ្ញុំ​ឃើញ​នោះ បម្រុង​នឹង​ថ្វាយ‌បង្គំ​លោក

9. ក៏​ប៉ុន្តែ ទេវតា​ពោល​មក​ខ្ញុំ​ថា៖ «កុំ​ថ្វាយ‌បង្គំ​ខ្ញុំ​អី! ខ្ញុំ​ជា​អ្នក​រួម​ការ‌ងារ​ជា​មួយ​លោក​ទេ​តើ ហើយ​ខ្ញុំ​ក៏​រួម​ការ‌ងារ​ជា​មួយ​ពួក​ព្យាការី ដែល​ជា​បង‌ប្អូន​របស់​លោក និង​ជា​មួយ​អស់​អ្នក​ប្រតិបត្តិ​តាម​សេចក្ដី​ដែល​មាន​ចែង​ក្នុង​សៀវភៅ​នេះ​ដែរ។ ត្រូវ​ថ្វាយ‌បង្គំ​ព្រះ‌ជា‌ម្ចាស់​វិញ!»។

10. ទេវតា​ពោល​មក​ខ្ញុំ​ទៀត​ថា៖ «សូម​កុំ​លាក់​​សេចក្ដី​ដែល​មាន​ថ្លែង​ទុក​ក្នុង​សៀវភៅ​នេះ​ឲ្យ​សោះ! ដ្បិត​ពេល​កំណត់​ជិត​មក​ដល់​ហើយ។

11. អ្នក​ណា​ទុច្ចរិត ឲ្យ​អ្នក​នោះ​ប្រព្រឹត្ត​អំពើ​ទុច្ចរិត​ត​ទៅ​មុខ​ទៀត​ទៅ! អ្នក​ណា​សៅ‌ហ្មង ឲ្យ​អ្នក​នោះ​បន្ត​ភាព​សៅ‌ហ្មង​ត​ទៅ​មុខ​ទៀត​ទៅ! រីឯ​អ្នក​សុចរិត​វិញ ត្រូវ​ប្រព្រឹត្ត​អំពើ​សុចរិត​ថែម​ទៀត​ចុះ! រីឯ​អ្នក​វិសុទ្ធ​ហើយ ត្រូវ​រក្សា​ខ្លួន​ឲ្យ​កាន់​តែ​វិសុទ្ធ​ថែម​ទៀត​ចុះ!។

12. ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ថា៖ “ចូរ​ស្ដាប់ យើង​នឹង​មក​ដល់​ក្នុង​ពេល​ឆាប់ៗ ទាំង​យក​រង្វាន់​មក​ចែក​ឲ្យ​ម្នាក់ៗ តាម​អំពើ​ដែល​ខ្លួន​បាន​ប្រព្រឹត្ត។

13. យើង​ជា​អាល់ផា និង​ជា​អូមេ‌កា នៅ​មុន​គេ និង​នៅ​ក្រោយ​គេ​បំផុត ជា​ដើម​ដំបូង និង​ជា​ចុង​បង្អស់។

14. អ្នក​ណា​បោក​អាវ​វែង​របស់​ខ្លួន​បាន​ស្អាត អ្នក​នោះ​មាន​សុភមង្គល​ហើយ គេ​នឹង​មាន​សិទ្ធិ​បេះ​ផ្លែ​ពី​ដើម​ឈើ​ដែល​ផ្ដល់​ជីវិត ព្រម​ទាំង​ចូល​ទៅ​ក្នុង​ក្រុង​តាម​ទ្វារ​ផង!។

15. រីឯ​ពួក​ឆ្កែ ពួក​គ្រូ​ធ្មប់ ពួក​ប្រាស‌ចាក​សីលធម៌ ពួក​សម្លាប់​គេ ពួក​ថ្វាយ‌បង្គំ​ព្រះ​ក្លែង‌ក្លាយ និង​អស់​អ្នក​ដែល​ចូល​ចិត្ត​កុហក និង​អនុវត្ត​តាម​ពាក្យ​កុហក​នោះ​វិញ ត្រូវ​ចេញ​ទៅ​ក្រៅ​ទៅ!

16. យើង យេស៊ូ យើង​បាន​ចាត់​ទេវតា*​របស់​យើង ឲ្យ​មក​បញ្ជាក់​សេចក្ដី​ទាំង​នេះ ប្រាប់​អ្នក​រាល់​គ្នា​អំពី​ក្រុម‌ជំនុំ​នានា។ យើង​ជា​ពន្លក​ដែល​ដុះ​ចេញ​ពី​ពូជ‌ពង្ស​របស់​ព្រះ‌បាទ​ដាវីឌ យើង​ជា​ផ្កាយ​ព្រឹក​ដ៏​ភ្លឺ​ចិញ្ចែង”»។

សូមអានជំពូកពេញលេញ វិវរណៈ 22