គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

វិវរណៈ 21:3-17 Khmer Standard Version (KHSV)

3. ខ្ញុំ​ឮ​សំឡេង​បន្លឺ​យ៉ាង​ខ្លាំងៗ​ចេញ​ពី​បល្ល័ង្ក​មក​ថា៖ «មើល​ហ្ន៎ ព្រះ‌ពន្លា​​របស់​ព្រះ‌ជា‌ម្ចាស់​ស្ថិត​នៅ​ជា​មួយ​មនុស្ស​លោក​ហើយ! ព្រះ‌អង្គ​នឹង​ស្ថិត​នៅ​ក្នុង​ចំណោម​ពួក​គេ ពួក​គេ​នឹង​ទៅ​ជា​ប្រជា‌រាស្ដ្រ​របស់​ព្រះ‌អង្គ ហើយ​ព្រះ‌ជា‌ម្ចាស់​ផ្ទាល់​នឹង​គង់​ជា​មួយ​ពួក​គេ។

4. ព្រះ‌អង្គ​នឹង​ជូត​ទឹក​ភ្នែក​ចេញ​អស់​ពី​ភ្នែក​របស់​គេ សេចក្ដី​ស្លាប់​លែង​មាន​ទៀត​ហើយ ការ​កាន់​ទុក្ខ ការ​សោក​សង្រេង និង​ទុក្ខ​លំបាក ក៏​លែង​មាន​ទៀត​ដែរ ដ្បិត​អ្វីៗ​ដែល​កើត​មាន​កាល​ពី​មុន​នោះ បាត់​អស់​ទៅ​ហើយ»។

5. ព្រះ‌អង្គ​ដែល​គង់​នៅ​លើ​បល្ល័ង្ក ទ្រង់​មាន​ព្រះ‌បន្ទូល​ថា៖ «មើល៍ យើង​បាន​ធ្វើ​អ្វីៗ​ទាំង​អស់​សុទ្ធ​តែ​ថ្មី»។ រួច​ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ទៀត​ថា៖ «ចូរ​កត់‌ត្រា​ទុក ដ្បិត​សេចក្ដី​ទាំង​នេះ​សុទ្ធ​តែ​ជា​ពាក្យ​ពិត គួរ​ឲ្យ​ជឿ»។

6. ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ថា៖ «រួច​ស្រេច​អស់​ហើយ! យើង​ជា​អាល់ផា និង​ជា​អូមេ‌កា​ គឺ​ជា​ដើម​ដំបូង និង​ជា​ចុង​បំផុត។ អ្នក​ណា​ស្រេក យើង​នឹង​ឲ្យ​ទឹក​ដែល​ហូរ​ចេញ​ពី​ប្រភព​ជីវិត​ទៅ​អ្នក​នោះ ដោយ​គេ​មិន​បាច់​បង់​ថ្លៃ​ឡើយ។

7. អ្នក​ដែល​មាន​ជ័យ‌ជំនះ​មុខ​ជា​បាន​ទទួល​មត៌ក​បែប​នេះ​ឯង។ យើង​នឹង​ធ្វើ​ជា​ព្រះ​របស់​គេ ហើយ​គេ​ធ្វើ​ជា​បុត្រ​របស់​យើង។

8. ពួក​កំសាក ពួក​មិន​ជឿ ពួក​ប្រព្រឹត្ត​អំពើ​គួរ​ស្អប់​ខ្ពើម ពួក​សម្លាប់​គេ ពួក​ប្រាស‌ចាក​សីលធម៌ ពួក​គ្រូ​ធ្មប់ ពួក​ថ្វាយ‌បង្គំ​ព្រះ​ក្លែង‌ក្លាយ និង​ពួក​កុហក​ទាំង​ប៉ុន្មាន នឹង​ទទួល​ទោស​នៅ​ក្នុង​បឹង​ភ្លើង និង​ស្ពាន់‌ធ័រ​ដែល​កំពុង​តែ​ឆេះ»។ នេះ​ហើយ​ជា​សេចក្ដី​ស្លាប់​ទី​ពីរ។

9. បន្ទាប់​មក ទេវតា*​មួយ​រូប​ក្នុង​ចំណោម​ទេវតា​ទាំង​ប្រាំ‌ពីរ ដែល​កាន់​ពែង​ទាំង​ប្រាំ‌ពីរ ពេញ​ទៅ​ដោយ​គ្រោះ​កាច​ទាំង​ប្រាំ‌ពីរ​ចុង​ក្រោយ​បង្អស់ បាន​ចូល​មក ហើយ​ពោល​មក​កាន់​ខ្ញុំ​ថា៖ «សូម​អញ្ជើញ​មក ខ្ញុំ​នឹង​បង្ហាញ​ឲ្យ​លោក​ឃើញ​កូន​ក្រមុំ​ជា​ភរិយា​របស់​កូន​ចៀម»។

10. ទេវតា​នោះ​បាន​លើក​វិញ្ញាណ​ខ្ញុំ​ឡើង​ទៅ​លើ​ភ្នំ​មួយ​យ៉ាង​ធំ​ខ្ពស់ រួច​បង្ហាញ​ឲ្យ​ខ្ញុំ​ឃើញ​ក្រុង​ដ៏‌វិសុទ្ធ ជា​ក្រុង​យេរូ‌សាឡឹម​ដែល​ចុះ​ពី​ស្ថាន​បរម‌សុខ* គឺ​ចុះ​មក​ពី​ព្រះ‌ជា‌ម្ចាស់។

11. ក្រុង​នេះ​ប្រកប​ដោយ​សិរី‌រុងរឿង​របស់​ព្រះ‌ជា‌ម្ចាស់ ពន្លឺ​រស្មី​របស់​ក្រុង​ប្រៀប​បី​ដូច​ជា​ត្បូង​ដ៏​មាន​តម្លៃ​បំផុត គឺ​ដូច​ត្បូង​មណី‌ជោតិរស​ដែល​ភ្លឺ​ថ្លា​ដូច​កែវ‌ចរណៃ។

12. ក្រុង​នេះ​មាន​កំពែង​មួយ​យ៉ាង​ធំ​ខ្ពស់ ព្រម​ទាំង​មាន​ខ្លោង​ទ្វារ​ដប់‌ពីរ នៅ​លើ​ខ្លោង​ទ្វារ​មាន​ទេវតា​ដប់‌ពីរ​រូប និង​មាន​ចារឹក​ឈ្មោះ​កុល‌សម្ព័ន្ធ​ទាំង​ដប់‌ពីរ​របស់​ជន‌ជាតិ​អ៊ីស្រា‌អែល​ដែរ។

13. នៅ​ទិស​ខាង​កើត​មាន​ខ្លោង​ទ្វារ​បី ទិស​ខាង​ជើង​មាន​ខ្លោង​ទ្វារ​បី ទិស​ខាង​ត្បូង​មាន​ខ្លោង​ទ្វារ​បី និង​ទិស​ខាង​លិច​មាន​ខ្លោង​ទ្វារ​បី។

14. កំពែង​របស់​ក្រុង​មាន​គ្រឹះ​ដប់‌ពីរ ហើយ​នៅ​លើ​គ្រឹះ​ទាំង​នោះ​មាន​ចារឹក​ឈ្មោះ​សាវ័ក*​ទាំង​ដប់‌ពីរ​របស់​កូន​ចៀម។

15. ទេវតា​ដែល​និយាយ​មក​ខ្ញុំ​នោះ កាន់​ត្រែង​មាស​មួយ​ដើម ធ្វើ​ជា​រង្វាស់​សម្រាប់​វាស់​ក្រុង ខ្លោង​ទ្វារ​ក្រុង និង​កំពែង​ក្រុង។

16. ក្រុង​នេះ​មាន​រាង​បួន​ជ្រុង​ស្មើ គឺ​មាន​ទទឹង និង​បណ្ដោយ​ស្មើ​គ្នា។ ទេវតា​បាន​យក​ដើម​ត្រែង​នោះ​មក​វាស់​ក្រុង ឃើញ​មាន​ប្រវែង​ដប់‌ពីរ​ពាន់​ស្ដាដ​។ បណ្ដោយ ទទឹង និង​កំពស់ មាន​ប្រវែង​ស្មើៗ​គ្នា។

17. ទេវតា​បាន​វាស់​កំពែង​ដែរ ឃើញ​មាន​កំពស់​មួយ​រយ​សែ‌សិប​បួន​ហត្ថ​ តាម​រង្វាស់​មនុស្ស​លោក ដូច​រង្វាស់​ទេវតា​ដែរ។

សូមអានជំពូកពេញលេញ វិវរណៈ 21