គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

វិវរណៈ 21:1-8 Khmer Standard Version (KHSV)

1. ពេល​នោះ ខ្ញុំ​ឃើញ​ផ្ទៃ​មេឃ​ថ្មី និង​ផែន‌ដី​ថ្មី ដ្បិត​ផ្ទៃ​មេឃ​ពី​មុន និង​ផែន‌ដី​ពី​មុន​នោះ បាត់​អស់​ទៅ​ហើយ ហើយ​ក៏​គ្មាន​សមុទ្រ​ទៀត​ដែរ។

2. បន្ទាប់​មក ខ្ញុំ​ឃើញ​ក្រុង​ដ៏‌វិសុទ្ធ*​ជា​ក្រុង​យេរូ‌សាឡឹម​ថ្មី ចុះ​ពី​ស្ថាន​បរម‌សុខ* គឺ​ចុះ​មក​ពី​ព្រះ‌ជា‌ម្ចាស់ ទាំង​តែង​ខ្លួន​ដូច​ភរិយា​ថ្មោង​ថ្មី​តុប‌តែង​ខ្លួន​ទទួល​ស្វាមី។

3. ខ្ញុំ​ឮ​សំឡេង​បន្លឺ​យ៉ាង​ខ្លាំងៗ​ចេញ​ពី​បល្ល័ង្ក​មក​ថា៖ «មើល​ហ្ន៎ ព្រះ‌ពន្លា​​របស់​ព្រះ‌ជា‌ម្ចាស់​ស្ថិត​នៅ​ជា​មួយ​មនុស្ស​លោក​ហើយ! ព្រះ‌អង្គ​នឹង​ស្ថិត​នៅ​ក្នុង​ចំណោម​ពួក​គេ ពួក​គេ​នឹង​ទៅ​ជា​ប្រជា‌រាស្ដ្រ​របស់​ព្រះ‌អង្គ ហើយ​ព្រះ‌ជា‌ម្ចាស់​ផ្ទាល់​នឹង​គង់​ជា​មួយ​ពួក​គេ។

4. ព្រះ‌អង្គ​នឹង​ជូត​ទឹក​ភ្នែក​ចេញ​អស់​ពី​ភ្នែក​របស់​គេ សេចក្ដី​ស្លាប់​លែង​មាន​ទៀត​ហើយ ការ​កាន់​ទុក្ខ ការ​សោក​សង្រេង និង​ទុក្ខ​លំបាក ក៏​លែង​មាន​ទៀត​ដែរ ដ្បិត​អ្វីៗ​ដែល​កើត​មាន​កាល​ពី​មុន​នោះ បាត់​អស់​ទៅ​ហើយ»។

5. ព្រះ‌អង្គ​ដែល​គង់​នៅ​លើ​បល្ល័ង្ក ទ្រង់​មាន​ព្រះ‌បន្ទូល​ថា៖ «មើល៍ យើង​បាន​ធ្វើ​អ្វីៗ​ទាំង​អស់​សុទ្ធ​តែ​ថ្មី»។ រួច​ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ទៀត​ថា៖ «ចូរ​កត់‌ត្រា​ទុក ដ្បិត​សេចក្ដី​ទាំង​នេះ​សុទ្ធ​តែ​ជា​ពាក្យ​ពិត គួរ​ឲ្យ​ជឿ»។

6. ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ថា៖ «រួច​ស្រេច​អស់​ហើយ! យើង​ជា​អាល់ផា និង​ជា​អូមេ‌កា​ គឺ​ជា​ដើម​ដំបូង និង​ជា​ចុង​បំផុត។ អ្នក​ណា​ស្រេក យើង​នឹង​ឲ្យ​ទឹក​ដែល​ហូរ​ចេញ​ពី​ប្រភព​ជីវិត​ទៅ​អ្នក​នោះ ដោយ​គេ​មិន​បាច់​បង់​ថ្លៃ​ឡើយ។

7. អ្នក​ដែល​មាន​ជ័យ‌ជំនះ​មុខ​ជា​បាន​ទទួល​មត៌ក​បែប​នេះ​ឯង។ យើង​នឹង​ធ្វើ​ជា​ព្រះ​របស់​គេ ហើយ​គេ​ធ្វើ​ជា​បុត្រ​របស់​យើង។

8. ពួក​កំសាក ពួក​មិន​ជឿ ពួក​ប្រព្រឹត្ត​អំពើ​គួរ​ស្អប់​ខ្ពើម ពួក​សម្លាប់​គេ ពួក​ប្រាស‌ចាក​សីលធម៌ ពួក​គ្រូ​ធ្មប់ ពួក​ថ្វាយ‌បង្គំ​ព្រះ​ក្លែង‌ក្លាយ និង​ពួក​កុហក​ទាំង​ប៉ុន្មាន នឹង​ទទួល​ទោស​នៅ​ក្នុង​បឹង​ភ្លើង និង​ស្ពាន់‌ធ័រ​ដែល​កំពុង​តែ​ឆេះ»។ នេះ​ហើយ​ជា​សេចក្ដី​ស្លាប់​ទី​ពីរ។

សូមអានជំពូកពេញលេញ វិវរណៈ 21