គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

វិវរណៈ 2:15-27 Khmer Standard Version (KHSV)

15. រីឯ​អ្នក​វិញ​ក៏​ដូច្នោះ​ដែរ គឺ​ក្នុង​ចំណោម​អ្នក មាន​អ្នក​ខ្លះ​បាន​កាន់​តាម​សេចក្ដី​បង្រៀន​របស់​ពួក​នីកូ‌ឡាស​របៀប​នេះ​ដូច​គ្នា។

16. ដូច្នេះ ចូរ​កែ​ប្រែ​ចិត្ត​គំនិត​ឡើង បើ​ពុំ​នោះ​ទេ យើង​នឹង​មក​រក​អ្នក​ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ ហើយ​យក​ដាវ​ដែល​ចេញ​ពី​មាត់​យើង មក​ប្រយុទ្ធ​នឹង​អ្នក​ទាំង​នោះ​ទៀត​ផង។

17. ចូរ​ផ្ទៀង​ត្រចៀក​ស្ដាប់​សេចក្ដី ដែល​ព្រះ‌វិញ្ញាណ​មាន​ព្រះ‌បន្ទូល​មក​កាន់​ក្រុម‌ជំនុំ​ទាំង​នេះ​ឲ្យ​មែន​ទែន!។ អ្នក​ណា​មាន​ជ័យ‌ជំនះ យើង​នឹង​ឲ្យ​នំ​ម៉ាណា​ដ៏​លាក់​កំបាំង​ទៅ​អ្នក​នោះ ព្រម​ទាំង​ប្រគល់​ក្រួស​ពណ៌​ស​មួយ​ដុំ​ឲ្យ​ដែរ នៅ​លើ​ដុំ​ក្រួស​នោះ​មាន​ចារឹក​ឈ្មោះ​មួយ​ថ្មី ដែល​គ្មាន​នរណា​ម្នាក់​ស្គាល់​ឡើយ វៀរ‌លែង​តែ​អ្នក​ដែល​បាន​ទទួល​នោះ​ចេញ”»។

18. «ចូរ​សរសេរ​ទៅ​កាន់​ទេវតា​របស់​ក្រុម‌ជំនុំ​នៅ​ក្រុង​ធាទេ‌រ៉ា ដូច​ត​ទៅ​នេះ៖ព្រះ‌បុត្រា​របស់​ព្រះ‌ជា‌ម្ចាស់ គឺ​ព្រះ‌អង្គ​ដែល​មាន​ព្រះ‌នេត្រ​ភ្លឺ​ដូច​អណ្ដាត​ភ្លើង និង​ព្រះ‌បាទា​ដូច​លង្ហិន ទ្រង់​មាន​ព្រះ‌បន្ទូល​ថា:

19. “យើង​ស្គាល់​កិច្ចការ​ដែល​អ្នក​ប្រព្រឹត្ត​នោះ​ហើយ យើង​ដឹង​ថា អ្នក​មាន​ចិត្ត​ស្រឡាញ់ មាន​ជំនឿ ចេះ​បម្រើ​អ្នក​ដទៃ មាន​ចិត្ត​ព្យាយាម។ យើង​ដឹង​ទៀត​ថា អំពើ​ដែល​អ្នក​ប្រព្រឹត្ត​ថ្មីៗ​នេះ​មាន​ចំនួន​ច្រើន​លើស​មុន​ទៅ​ទៀត។

20. ក៏​ប៉ុន្តែ យើង​ប្រកាន់​អ្នក​ត្រង់​កន្លែង​មួយ គឺ​អ្នក​បណ្ដោយ​ឲ្យ​នាង​យេសិ‌បិល ជា​ស្រី​ដែល​តាំង​ខ្លួន​ជា​ព្យាកា‌រិនី* បង្រៀន និង​បញ្ឆោត​ពួក​អ្នក​បម្រើ​របស់​យើង​ឲ្យ​វង្វេង ឲ្យ​ប្រាស‌ចាក​សីលធម៌ និង​បរិភោគ​សាច់​ដែល​គេ​បាន​សែន​ព្រះ​ក្លែង‌ក្លាយ។

21. យើង​បាន​ទុក​ពេល​ឲ្យ​ស្ត្រី​នោះ​កែ​ប្រែ​ចិត្ត​គំនិត តែ​នាង​ពុំ​ព្រម​កែ​ប្រែ​ចិត្ត​គំនិត​ឡើយ នាង​នៅ​តែ​ប្រព្រឹត្ត​អំពើ​ប្រាស‌ចាក​សីលធម៌​ដដែល។

22. ហេតុ​នេះ យើង​នឹង​ធ្វើ​ឲ្យ​នាង​ឈឺ​ដេក​លើ​គ្រែ​យ៉ាង​សែន​វេទនា ហើយ​ធ្វើ​ឲ្យ​ពួក​អ្នក​ដែល​រួម​ផិត​ក្បត់​ជា​មួយ​នាង វេទនា​ដូច​គ្នា​ដែរ លើក‌លែង​តែ​គេ​កែ​ប្រែ​ចិត្ត ឈប់​ប្រព្រឹត្ត​អំពើ​នោះ​ជា​មួយ​នាង​ទៀត។

23. យើង​នឹង​ប្រហារ​ជីវិត​កូន​ចៅ​របស់​នាង ហើយ​ពេល​នោះ ក្រុម‌ជំនុំ​ទាំង​អស់​នឹង​ដឹង​ថា យើង​ឈ្វេង​យល់​ចិត្ត​ថ្លើម​របស់​មនុស្ស ហើយ​យើង​ផ្ដល់​ឲ្យ​អ្នក​រាល់​គ្នា​ទទួល​ផល​ម្នាក់ៗ តាម​អំពើ​ដែល​ខ្លួន​បាន​ប្រព្រឹត្ត។

24. ចំពោះ​អ្នក​មួយ​ចំនួន​ទៀត​ក្នុង​ចំណោម​អ្នក​រាល់​គ្នា នៅ​ក្រុង​ធាទេ‌រ៉ា ដែល​ពុំ​បាន​ជំពាក់​ចិត្ត​នឹង​លទ្ធិ​នោះ ហើយ​ក៏​ពុំ​បាន​ស្គាល់ “សេចក្ដី​ជ្រៅ​ជ្រះ​របស់​មារ​សាតាំង” ដូច​ពាក្យ​គេ​និយាយ យើង​សុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា យើង​នឹង​មិន​ដាក់​បន្ទុក​អ្វី​លើ​អ្នក​រាល់​គ្នា​ទៀត​ទេ

25. គឺ​គ្រាន់​តែ​កាន់​តាម​អ្វីៗ​ដែល​អ្នក​រាល់​គ្នា​មាន​ឲ្យ​ខ្ជាប់ខ្ជួន រហូត​ដល់​ពេល​យើង​មក​ដល់​ប៉ុណ្ណោះ​បាន​ហើយ។

26. អ្នក​ណា​មាន​ជ័យ‌ជំនះ ហើយ​បំពេញ​កិច្ចការ​របស់​យើង​រហូត​ដល់​ចុង​បញ្ចប់ យើង​នឹង​ឲ្យ​អ្នក​នោះ​មាន​អំណាច​គ្រប់‌គ្រង​លើ​ប្រជា‌ជាតិ​នានា

27. គេ​នឹង​ដឹក​នាំ​ប្រជា‌ជាតិ​ទាំង​នោះ​ដោយ​ដំបង​ដែក ដូច​គេ​កម្ទេច​ភាជន៍​ធ្វើ​ពី​ដី​ឥដ្ឋ។

សូមអានជំពូកពេញលេញ វិវរណៈ 2