គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

វិវរណៈ 2:1-11 Khmer Standard Version (KHSV)

1. «ចូរ​សរសេរ​ទៅ​កាន់​ទេវតា*​របស់​ក្រុម‌ជំនុំ នៅ​ក្រុង​អេភេសូ ដូច​ត​ទៅ៖ព្រះ‌អង្គ​ដែល​កាន់​ផ្កាយ​ទាំង​ប្រាំ‌ពីរ​នៅ​ព្រះ‌ហស្ដ​ស្ដាំ ហើយ​ដែល​យាង​នៅ​កណ្ដាល​ជើង​ចង្កៀង​មាស​ទាំង​ប្រាំ‌ពីរ ទ្រង់​មាន​ព្រះ‌បន្ទូល​ថា:

2. “យើង​ស្គាល់​កិច្ចការ​ដែល​អ្នក​ប្រព្រឹត្ត ហើយ​ក៏​ស្គាល់​ការ​នឿយ‌ហត់ និង​ការ​ព្យាយាម​របស់​អ្នក​ដែរ។ យើង​ដឹង​ហើយ​ថា អ្នក​មិន​អាច​ទ្រាំ‌ទ្រ​នឹង​មនុស្ស​អាក្រក់​បាន​ឡើយ អ្នក​បាន​ល្បង‌ល​មើល​ពួក​ដែល​តាំង​ខ្លួន​ជា​សាវ័ក* ហើយ​ឃើញ​ថា​ពួក​នោះ​មិន​មែន​ជា​សាវ័ក​ទេ គឺ​ជា​អ្នក​កុហក។

3. អ្នក​មាន​ចិត្ត​ព្យាយាម អ្នក​បាន​រង‌ទុក្ខ​លំបាក ព្រោះ​តែ​នាម​យើង​ឥត​បាក់​ទឹក​ចិត្ត​សោះ​ឡើយ។

4. ក៏​ប៉ុន្តែ យើង​ប្រកាន់​អ្នក​ត្រង់​កន្លែង​មួយ គឺ​អ្នក​លែង​មាន​ចិត្ត​ស្រឡាញ់​ដូច​អ្នក​មាន កាល​ពី​ដើម​ដំបូង។

5. ដូច្នេះ ចូរ​នឹក​គិត​ឡើង​វិញ​ថា តើ​អ្នក​បាន​ធ្លាក់​ចុះ​ពី​ណា​មក ចូរ​កែ​ប្រែ​ចិត្ត​គំនិត ហើយ​ប្រព្រឹត្ត​អំពើ​ដែល​អ្នក​ធ្លាប់​ប្រព្រឹត្ត កាល​ពី​ដើម​នោះ​ឡើង​វិញ។ បើ​ពុំ​នោះ​ទេ យើង​នឹង​មក​រក​អ្នក ហើយ​បើ​អ្នក​មិន​កែ​ប្រែ​ចិត្ត​គំនិត​ទេ​នោះ យើង​នឹង​យក​ជើង​ចង្កៀង​របស់​អ្នក​ចេញ​ពី​កន្លែង​វា​ជា​មិន​ខាន។

6. ក៏​ប៉ុន្តែ យើង​សរសើរ​អ្នក​ត្រង់​កន្លែង​មួយ គឺ​អ្នក​ស្អប់​អំពើ​ដែល​ពួក​នីកូ‌ឡាស​ប្រព្រឹត្ដ យើង​ក៏​ស្អប់​អំពើ​ទាំង​នោះ​ដែរ។

7. ចូរ​ផ្ទៀង​ត្រចៀក​ស្ដាប់​សេចក្ដី ដែល​ព្រះ‌វិញ្ញាណ​មាន​ព្រះ‌បន្ទូល​មក​កាន់​ក្រុម‌ជំនុំ*​ទាំង​នេះ​ឲ្យ​មែន​ទែន!។ អ្នក​ណា​មាន​ជ័យ‌ជំនះ យើង​នឹង​ឲ្យ​អ្នក​នោះ​បរិភោគ​ផ្លែ​ឈើ ដែល​បេះ​ពី​ដើម​នៃ​ជីវិត នៅ​ក្នុង​សួន​ឧទ្យាន​របស់​ព្រះ‌ជា‌ម្ចាស់”»។

8. «ចូរ​សរសេរ​ទៅ​កាន់​ទេវតា*​របស់​ក្រុម‌ជំនុំ*​នៅ​ក្រុង​ស្មៀរ‌ណា ដូច​ត​ទៅ​នេះ៖ព្រះ‌អង្គ​ដែល​គង់​នៅ​មុន​គេ និង​នៅ​ក្រោយ​គេ​បំផុត គឺ​ព្រះ‌អង្គ​ដែល​បាន​សោយ​ទិវង្គត និង​មាន​ព្រះ‌ជន្ម​រស់​ឡើង​វិញ ទ្រង់​មាន​ព្រះ‌បន្ទូល​ថា:

9. “យើង​ស្គាល់​ទុក្ខ​វេទនា​របស់​អ្នក​ហើយ និង​ដឹង​ថា​អ្នក​កំសត់​ទុគ៌ត តែ​តាម​ពិត អ្នក​ជា​អ្នក​មាន។ យើង​ក៏​ដឹង​ទៀត​ថា អស់​អ្នក​ដែល​តាំង​ខ្លួន​ជា​សាសន៍​យូដា បាន​ប្រមាថ​មាក់​ងាយ​អ្នក តែ​អ្នក​ទាំង​នោះ​មិន​មែន​ជា​សាសន៍​យូដា​ទេ គឺ​ជា​ទី​ប្រជុំ​របស់​មារ*​សាតាំង។

10. កុំ​ខ្លាច​ទុក្ខ​លំបាក​ដែល​អ្នក​ត្រូវ​ជួប​ប្រទះ​នោះ​ឡើយ។ តោង​ដឹង​ថា មារ*​នឹង​ចាប់​អ្នក​ខ្លះ​ក្នុង​ចំណោម​អ្នក​រាល់​គ្នា យក​ទៅ​ឃុំ‌ឃាំង ដើម្បី​ល្បង‌ល​មើល​អ្នក​រាល់​គ្នា ហើយ​អ្នក​ត្រូវ​រង‌ទុក្ខ​វេទនា​អស់​រយៈ​ពេល​ដប់​ថ្ងៃ។ ចូរ​មាន​ចិត្ត​ស្មោះ​ត្រង់​រហូត​ដល់​ស្លាប់ នោះ​យើង​នឹង​ប្រគល់​ជីវិត​មក​អ្នក ទុក​ជា​មកុដ។

11. ចូរ​ផ្ទៀង​ត្រចៀក​ស្ដាប់​សេចក្ដី​ដែល​ព្រះ‌វិញ្ញាណ​មាន​ព្រះ‌បន្ទូល​មក​កាន់​ក្រុម‌ជំនុំ​ទាំង​នេះ​ឲ្យ​មែន​ទែន!។ អ្នក​ណា​មាន​ជ័យ‌ជំនះ សេចក្ដី​ស្លាប់​ទី​ពីរ​ពុំ​អាច​មក​យាយី​អ្នក​នោះ​បាន​ឡើយ”»។

សូមអានជំពូកពេញលេញ វិវរណៈ 2