គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

វិវរណៈ 19:9-16 Khmer Standard Version (KHSV)

9. ទេវតា*​ពោល​មក​កាន់​ខ្ញុំ​ថា៖ «ចូរ​កត់‌ត្រា​ទុក អ្នក​ណា​ដែល​ព្រះ‌ជា‌ម្ចាស់​បាន​ត្រាស់​ហៅ​ឲ្យ​មក​ចូល​រួម​ក្នុង​ពិធី​ជប់‌លៀង​មង្គល‌ការ​កូន​ចៀម អ្នក​នោះ​ពិត​ជា​មាន​សុភមង្គល*​ហើយ!»។ បន្ទាប់​មក ទេវតា​ប្រាប់​ខ្ញុំ​ថា៖ «សេចក្ដី​ទាំង​នេះ​ពិត​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌ជា‌ម្ចាស់​មែន»។

10. ខ្ញុំ​ក៏​ក្រាប​ចុះ​នៅ​ទៀប​ជើង​ទេវតា​នោះ បម្រុង​នឹង​ថ្វាយ‌បង្គំ​លោក ប៉ុន្តែ លោក​ពោល​មក​ខ្ញុំ​ថា៖ «កុំ​ថ្វាយ‌បង្គំ​ខ្ញុំ​អី! ខ្ញុំ​ជា​អ្នក​រួម​ការ‌ងារ​ជា​មួយ​លោក​ទេ​តើ ហើយ​ខ្ញុំ​ក៏​រួម​ការ‌ងារ​ជា​មួយ​បង‌ប្អូន​លោក ដែល​ជឿ​លើ​សក្ខីភាព​របស់​ព្រះ‌យេស៊ូ​ដែរ។ ត្រូវ​ថ្វាយ‌បង្គំ​ព្រះ‌ជា‌ម្ចាស់​វិញ! ដ្បិត​សក្ខីភាព​របស់​ព្រះ‌យេស៊ូ គឺ​វិញ្ញាណ​ដែល​ថ្លែង​ព្រះ‌បន្ទូល​ក្នុង​នាម​ព្រះ‌ជា‌ម្ចាស់»​។

11. បន្ទាប់​មក ខ្ញុំ​ឃើញ​ផ្ទៃ​មេឃ​បើក​ចំហ ហើយ​ឃើញ​សេះ​ស​មួយ​លេច​មក។ ព្រះ‌អង្គ​ដែល​គង់​នៅ​លើ​សេះ​នោះ មាន​ព្រះ‌នាម​ថា «ព្រះ​ដ៏​ស្មោះ​ត្រង់ ព្រះ​ដ៏​ពិត​ប្រាកដ» ទ្រង់​វិនិច្ឆ័យ និង​ច្បាំង​ប្រកប​ដោយ​យុត្តិធម៌។

12. ព្រះ‌អង្គ​មាន​ព្រះ‌នេត្រ​ដូច​អណ្ដាត​ភ្លើង ហើយ​មាន​មកុដ​ជា​ច្រើន​នៅ​លើ​ព្រះ‌សិរសា​ផង។ នៅ​លើ​ព្រះ‌កាយ​ព្រះ‌អង្គ​មាន​សរសេរ​ព្រះ‌នាម​មួយ ក្រៅ​ពី​ព្រះ‌អង្គ គ្មាន​នរណា​ស្គាល់​ព្រះ‌នាម​នោះ​ឡើយ

13. ព្រះ‌អង្គ​មាន​សម្លៀក‌បំពាក់​ទទឹក​ឈាម​ជោក។ ព្រះ‌អង្គ​មាន​ព្រះ‌នាម​ថា «ព្រះ‌បន្ទូល​របស់​ព្រះ‌ជា‌ម្ចាស់»។

14. កង‌ទ័ព​នៅ​ស្ថាន​សួគ៌​នាំ​គ្នា​ជិះ​សេះ ស មក​តាម​ព្រះ‌អង្គ ទាំង​ស្លៀក​ពាក់​សំពត់​ទេស‌ឯក​ពណ៌​ស និង​បរិសុទ្ធ*។

15. មាន​ដាវ​មួយ​យ៉ាង​មុត​ចេញ​ពី​ព្រះ‌ឱស្ឋ​របស់​ព្រះ‌អង្គ មក​ប្រហារ​ជាតិ​សាសន៍​ទាំង‌ឡាយព្រះ‌អង្គ​នឹង​កាន់​ដំបង​ដែក​ដឹក​នាំ​គេ ហើយ​ព្រះ‌អង្គ​ជាន់​ទំពាំង‌បាយជូរ​នៅ​ក្នុង​ធុង ឲ្យ​ចេញ​ជា​ស្រា​នៃ​ព្រះ‌ពិរោធ​ដ៏​ខ្លាំង​ក្លា​របស់​ព្រះ‌ជា‌ម្ចាស់​ដ៏​មាន​ព្រះ‌ចេស្ដា​លើ​អ្វីៗ​ទាំង​អស់។

16. នៅ​លើ​ព្រះ‌ភូសា និង​លើ​ភ្លៅ​របស់​ព្រះ‌អង្គ មាន​សរសេរ​ព្រះ‌នាម​ថា «ព្រះ‌មហា‌ក្សត្រ​លើ​មហា‌ក្សត្រ​នានា និង​ព្រះ‌អម្ចាស់​លើ​អម្ចាស់​នានា»។

សូមអានជំពូកពេញលេញ វិវរណៈ 19