គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

វិវរណៈ 17:9-18 Khmer Standard Version (KHSV)

9. ត្រង់​នេះ តោង​យក​ប្រាជ្ញា​ដ៏​ឈ្លាស​វៃ​មក​រិះគិត ទើប​យល់ ក្បាល​ប្រាំ‌ពីរ​សំដៅ​ទៅ​លើ​ភ្នំ​ទាំង​ប្រាំ‌ពីរ​ដែល​ស្ត្រី​នោះ​អង្គុយ​លើ ហើយ​ក៏​សំដៅ​ទៅ​លើ​ស្ដេច​ទាំង​ប្រាំ‌ពីរ​អង្គ​ដែរ។

10. ស្ដេច​ប្រាំ​អង្គ​បាន​ធ្លាក់​រាជ្យ​បាត់​ទៅ​ហើយ មួយ​អង្គ​ទៀត កំពុង​តែ​សោយ​រាជ្យ ហើយ​មួយ​អង្គ​ទៀត​មិន​ទាន់​មក​ដល់​នៅ​ឡើយ​ទេ។ ពេល​ស្ដេច​នោះ​មក​ដល់ ទ្រង់​នឹង​សោយ​រាជ្យ​តែ​មួយ‌ភ្លែត​ប៉ុណ្ណោះ។

11. រីឯ​សត្វ​តិរច្ឆាន​ដែល​មាន​ជីវិត​កាល​ពី​សម័យ​ដើម តែ​ឥឡូវ​គ្មាន​ទេ​នោះ វា​នឹង​មក​ធ្វើ​ជា​ស្ដេច​ទី​ប្រាំ​បី។ វា​ក៏​នៅ​ក្នុង​ចំណោម​ស្ដេច​ទាំង​ប្រាំ‌ពីរ​នោះ​ដែរ ហើយ​នឹង​ត្រូវ​វិនាស​បាត់​ទៅ។

12. ស្នែង​ទាំង​ដប់​ដែល​លោក​បាន​ឃើញ សំដៅ​ទៅ​លើ​ស្ដេច​ដប់​អង្គ​ដែល​ពុំ​ទាន់​បាន​ទទួល​រាជ​សម្បត្តិ​នៅ​ឡើយ តែ​ស្ដេច​ទាំង​នោះ​នឹង​ទទួល​អំណាច​ធ្វើ​ជា​ស្ដេច បាន​មួយ​ម៉ោង​រួម​ជា​មួយ​សត្វ​តិរច្ឆាន។

13. ស្ដេច​ទាំង​នោះ​មាន​គោល​បំណង​តែ​មួយ​ដូច​គ្នា គឺ​ប្រគល់​ឫទ្ធា‌នុភាព និង​អំណាច​ខ្លួន ទៅ​ឲ្យ​សត្វ​តិរច្ឆាន។

14. ស្ដេច​ទាំង​ដប់ នឹង​នាំ​គ្នា​ធ្វើ​សឹក​ជា​មួយ​កូន​ចៀម តែ​កូន​ចៀម​នឹង​ឈ្នះ​ស្ដេច​ទាំង​ដប់ ដ្បិត​ព្រះ‌អង្គ​ជា​ព្រះ‌អម្ចាស់​លើ​អម្ចាស់​នានា និង​ជា​ព្រះ‌មហា‌ក្សត្រ លើ​មហា‌ក្សត្រ​នានា។ រីឯ​អស់​អ្នក​ដែល​នៅ​ជា​មួយ​កូន​ចៀម គឺ​អ្នក​ដែល​ព្រះ‌ជា‌ម្ចាស់​បាន​ត្រាស់​ហៅ និង​បាន​ជ្រើស​រើស ហើយ​ដែល​មាន​ជំនឿ​ដ៏​ស្មោះ ក៏​នឹង​មាន​ជ័យ‌ជំនះ​រួម​ជា​មួយ​កូន​ចៀម​ដែរ»។

15. ទេវតា​ពោល​មក​កាន់​ខ្ញុំ​ទៀត​ថា៖ «មហា​សមុទ្រ​ដែល​លោក​បាន​ឃើញ គឺ​មហា​សមុទ្រ​ដែល​ស្ត្រី​ពេស្យា​អង្គុយ​លើ​នោះ សំដៅ​ទៅ​លើ​ប្រជា‌រាស្ត្រ មហា‌ជន ជាតិ​សាសន៍ និង​ភាសា​នានា។

16. រីឯ​ស្នែង​ទាំង​ដប់​ដែល​លោក​បាន​ឃើញ ព្រម​ទាំង​សត្វ​តិរច្ឆាន នឹង​នាំ​គ្នា​ស្អប់​ស្ត្រី​ពេស្យា​នោះ ហើយ​ធ្វើ​ឲ្យ​នាង​នៅ​ស្ងាត់​ជ្រងំ​ទាំង​សម្រាត​នាង​ឲ្យ​នៅ​ខ្លួន​ទទេ គេ​នឹង​ស៊ី​សាច់​នាង និង​យក​នាង​ទៅ​ដុត​ក្នុង​ភ្លើង​ទៀត​ផង

17. ដ្បិត​ព្រះ‌ជាម្ចាស់​បាន​បណ្ដាល​ឲ្យ​ពួក​គេ​មាន​ចិត្ត ធ្វើ​តាម​ផែន‌ការ​របស់​ព្រះ‌អង្គ គឺ​មូល​មតិ​គ្នា​ប្រគល់​រាជ​សម្បត្តិ​ទៅ​ឲ្យ​សត្វ​តិរច្ឆាន រហូត​ដល់​ព្រះ‌បន្ទូល​របស់​ព្រះ‌ជាម្ចាស់​បាន​សម្រេច​គ្រប់​ប្រការ។

18. រីឯ​ស្ត្រី​ដែល​លោក​បាន​ឃើញ​នោះ គឺ​ជា​មហា​នគរ​ដែល​គ្រង​រាជ្យ​លើ​ស្ដេច​នានា​នៅ​លើ​ផែន‌ដី»។

សូមអានជំពូកពេញលេញ វិវរណៈ 17