គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

វិវរណៈ 17:1-7 Khmer Standard Version (KHSV)

1. បន្ទាប់​មក ទេវតា*​មួយ​រូប​ក្នុង​ចំណោម​ទេវតា​ទាំង​ប្រាំ‌ពីរ ដែល​កាន់​ពែង​ទាំង​ប្រាំ‌ពីរ ចូល​មក​និយាយ​នឹង​ខ្ញុំ​ថា៖ «សុំ​អញ្ជើញ​មក ខ្ញុំ​នឹង​បង្ហាញ​ឲ្យ​លោក​ឃើញ​ការ​វិនិច្ឆ័យ​ទោស​ស្ត្រី​ពេស្យា​ដ៏​មាន​ឈ្មោះ​ល្បី ដែល​អង្គុយ​លើ​មហា​សមុទ្រ។

2. ស្ដេច​នៅ​ផែន‌ដី​បាន​នាំ​គ្នា​ប្រាស‌ចាក​សីលធម៌​ជា​មួយ​ស្ត្រី​នោះ ហើយ​មនុស្ស‌ម្នា​នៅ​លើ​ផែន‌ដី​ក៏​បាន​នាំ​គ្នា​ស្រវឹង​នឹង​កាម‌គុណ​ជា​មួយ​នាង​ដែរ»។

3. ទេវតា​នោះ​បាន​លើក​វិញ្ញាណ​ខ្ញុំ​ឡើង​នាំ​ទៅ​កាន់​វាល​រហោ‌ស្ថាន*។ នៅ​ទី​នោះ ខ្ញុំ​ឃើញ​ស្ត្រី​ម្នាក់​អង្គុយ​លើ​សត្វ​មួយ​សម្បុរ​ក្រហម​ឆ្អិន‌ឆ្អៅ ដែល​មាន​សរសេរ​ឈ្មោះ​ផ្សេងៗ​ពេញ​ខ្លួន​វា ជា​ឈ្មោះ​ប្រមាថ​ព្រះ‌ជាម្ចាស់។ សត្វ​នោះ​មាន​ក្បាល​ប្រាំ‌ពីរ និង​មាន​ស្នែង​ដប់។

4. ស្ត្រី​នោះ​ស្លៀក​ពាក់​ពណ៌​ស្វាយ និង​ពណ៌​ក្រហម​ឆ្អិន​ឆ្អៅ ព្រម​ទាំង​តុប‌តែង​ខ្លួន​ដោយ​ពាក់​មាស ត្បូង និង​ពេជ្រ​ទៀត​ផង។ នាង​កាន់​ពែង​មាស​មួយ​នៅ​ដៃ ពោរ‌ពេញ​ទៅ​ដោយ​អំពើ​គួរ​ឲ្យ​ស្អប់​ខ្ពើម និង​កាម‌គុណ​ដ៏​ថោក​ទាប​របស់​នាង។

5. នៅ​លើ​ថ្ងាស​នាង​មាន​ចារ​ឈ្មោះ​មួយ​ដ៏​អាថ៌‌កំបាំង គឺ «មហា​នគរ​បាប៊ី‌ឡូន​ជា​ម្ដាយ​របស់​ពួក​ស្ត្រី​ពេស្យា និង​ជា​ប្រភព​នៃ​អំពើ​គួរ​ឲ្យ​ស្អប់​ខ្ពើម​នៅ​លើ​ផែន‌ដី»។

6. ខ្ញុំ​ឃើញ​ស្ត្រី​នោះ​ស្រវឹង​ឈាម​របស់​ប្រជា‌ជន​ដ៏‌វិសុទ្ធ* និង​ឈាម​អស់​អ្នក​ដែល​ជា​បន្ទាល់​របស់​ព្រះ‌យេស៊ូ។ ពេល​ឃើញ​ស្ត្រី​នោះ ខ្ញុំ​ងឿង‌ឆ្ងល់​ខ្លាំង​ណាស់។

7. ទេវតា​ពោល​មក​កាន់​ខ្ញុំ​ថា៖ «ហេតុ​អ្វី​បាន​ជា​លោក​ងឿង‌ឆ្ងល់​ដូច្នេះ? ខ្ញុំ​នឹង​ប្រាប់​លោក​ឲ្យ​បាន​ដឹង​អត្ថ‌ន័យ​ដ៏​អាថ៌‌កំបាំង​អំពី​ស្ត្រី​នោះ និង​អំពី​សត្វ​ដែល​នាង​ជិះ មាន​ក្បាល​ប្រាំ‌ពីរ និង​ស្នែង​ដប់។

សូមអានជំពូកពេញលេញ វិវរណៈ 17