គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

វិវរណៈ 13:1-12 Khmer Standard Version (KHSV)

1. បន្ទាប់​មក​ទៀត ខ្ញុំ​ឃើញ​សត្វ​តិរច្ឆាន​មួយ​មាន​ស្នែង​ដប់ និង​ក្បាល​ប្រាំ‌ពីរ​ឡើង​ពី​សមុទ្រ​មក នៅ​លើ​ស្នែង​ទាំង​ដប់​របស់​វា មាន​មកុដ​ដប់ ហើយ​នៅ​លើ​ក្បាល​ទាំង​ប្រាំ‌ពីរ មាន​សរសេរ​ឈ្មោះ​ផ្សេងៗ ដែល​ប្រមាថ​ព្រះ‌ជា‌ម្ចាស់។

2. សត្វ​ដែល​ខ្ញុំ​ឃើញ​នោះ មាន​រាង​ដូច​ជា​ខ្លា​រខិន ជើង​វា​ដូច​ជើង​ខ្លា‌ឃ្មុំ ហើយ​មាត់​វា​ដូច​មាត់​សិង្ហ។ នាគ​បាន​ប្រគល់​ឫទ្ធា‌នុភាព និង​បល្ល័ង្ក​របស់​វា ព្រម​ទាំង​អំណាច​យ៉ាង​ធំ​ទៅ​ឲ្យ​សត្វ​នោះ។

3. ខ្ញុំ​ក៏​ឃើញ​ក្បាល​មួយ​របស់​សត្វ​នោះ ដូច​ជា​ត្រូវ​របួស​ជិត​ស្លាប់ តែ​មុខ​របួស​ដ៏​ធ្ងន់​ជិត​ស្លាប់​នេះ​បាន​ជា​សះ‌ស្បើយ​ឡើង​វិញ។ មនុស្ស‌ម្នា​នៅ​លើ​ផែន‌ដី​ទាំង​មូល​កោត​ស្ញប់‌ស្ញែង​យ៉ាង​ខ្លាំង ហើយ​នាំ​គ្នា​ទៅ​តាម​សត្វ​នោះ។

4. គេ​នាំ​គ្នា​ក្រាប​ថ្វាយ‌បង្គំ​នាគ ព្រោះ​នាគ​បាន​ប្រគល់​អំណាច​ឲ្យ​សត្វ​នោះ ហើយ​គេ​ក៏​ក្រាប​ថ្វាយ‌បង្គំ​សត្វ​នោះ​ដែរ ទាំង​ពោល​ថា៖ «តើ​នរណា​អាច​ប្រៀប​ផ្ទឹម​នឹង​សត្វ​នេះ​បាន? តើ​នរណា​អាច​ច្បាំង​តទល់​នឹង​សត្វ​នេះ​បាន?»។

5. សត្វ​នោះ​បាន​ទទួល​សិទ្ធិ​ពោល​ពាក្យ​ព្រហើនៗ ព្រម​ទាំង​ប្រមាថ​ព្រះ‌ជា‌ម្ចាស់​ទៀត​ផង។ វា​បាន​ទទួល​អំណាច​បញ្ចេញ​សកម្ម‌ភាព ក្នុង​អំឡុង​ពេល​សែ‌សិប​ពីរ​ខែ។

6. វា​បាន​ហា​មាត់​ប្រមាថ​ព្រះ‌ជា‌ម្ចាស់ គឺ​វា​ប្រមាថ​ព្រះ‌នាម​របស់​ព្រះ‌អង្គ ប្រមាថ​ព្រះ‌ពន្លា*​របស់​ព្រះ‌អង្គ និង​ប្រមាថ​អស់​អ្នក​ដែល​រស់​នៅ​ក្នុង​ស្ថាន​បរម‌សុខ*។

7. វា​បាន​ទទួល​សិទ្ធិ​ធ្វើ​សឹក​សង្គ្រាម​ជា​មួយ​ប្រជា‌ជន​ដ៏‌វិសុទ្ធ* ព្រម​ទាំង​មាន​ជ័យ‌ជំនះ​លើ​ពួក​គេ​ទៀត​ផង។ វា​បាន​ទទួល​អំណាច​ត្រួត‌ត្រា​លើ​កុល‌សម្ព័ន្ធ*​ទាំង​អស់ ប្រជា‌រាស្ត្រ​ទាំង​អស់ ភាសា​ទាំង​អស់ និង​ជាតិ​សាសន៍​ទាំង​អស់

8. ហើយ​មនុស្ស‌ម្នា​នៅ​លើ​ផែន‌ដី​នឹង​នាំ​គ្នា​ក្រាប​ថ្វាយ‌បង្គំ​វា។ អ្នក​ទាំង​នោះ​គ្មាន​ឈ្មោះ​កត់​ទុក​ក្នុង​បញ្ជី​ជីវិត​របស់​កូន​ចៀម ដែល​គេ​បាន​សម្លាប់ ជា​បញ្ជី​ដែល​មាន​តាំង​ពី​ដើម​កំណើត​ពិភព​លោក​នោះ​ឡើយ។

9. ចូរ​ផ្ទៀង​ត្រចៀក​ស្ដាប់​ឲ្យ​មែន​ទែន!។

10. បើ​អ្នក​ណា​ត្រូវ​ជាប់​ជា​ឈ្លើយ អ្នក​នោះ​មុខ​តែ​ជាប់​ជា​ឈ្លើយ អ្នក​ណា​ត្រូវ​ស្លាប់​នឹង​មុខ​ដាវ អ្នក​នោះ​មុខ​តែ​ស្លាប់​នឹង​មុខ​ដាវ​មិន​ខាន។ ដូច្នេះ ប្រជា‌ជន​ដ៏‌វិសុទ្ធ*​ត្រូវ​មាន​ចិត្ត​ព្យាយាម និង​មាន​ជំនឿ។

11. បន្ទាប់​មក ខ្ញុំ​ឃើញ​សត្វ​តិរច្ឆាន​មួយ​ទៀត ផុស​ចេញ​ពី​ដី មាន​ស្នែង​ពីរ​ដូច​ស្នែង​កូន​ចៀម ហើយ​មាន​សំឡេង​ដូច​នាគ។

12. សត្វ​នោះ​បាន​យក​អំណាច​ទាំង​អស់​របស់​សត្វ​ទី​មួយ​មក​ប្រើ នៅ​ចំពោះ​មុខ​សត្វ​ទី​មួយ​ទាំង​នាំ​ផែន‌ដី និង​មនុស្ស​ដែល​រស់​នៅ​លើ​ផែន‌ដី​ឲ្យ​ក្រាប​ថ្វាយ‌បង្គំ​សត្វ​ទី​មួយ ដែល​មាន​របួស​ជិត​ស្លាប់ ហើយ​បាន​ជា​សះ‌ស្បើយ​វិញ​នោះ​ផង។

សូមអានជំពូកពេញលេញ វិវរណៈ 13