គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

វិវរណៈ 11:11-19 Khmer Standard Version (KHSV)

11. បី​ថ្ងៃ​កន្លះ​ក្រោយ​មក មាន​ដង្ហើម​ជីវិត​មួយ​ចេញ​ពី​ព្រះ‌ជា‌ម្ចាស់ មក​ចូល​ក្នុង​សាក‌សព​អ្នក​ទាំង​ពីរ។ អ្នក​ទាំង​ពីរ​ក៏​ក្រោក​ឈរ​ឡើង ធ្វើ​ឲ្យ​អស់​អ្នក​ដែល​បាន​ឃើញ​ភ័យ​ខ្លាច​ជា​ខ្លាំង។

12. អ្នក​ទាំង​ពីរ​បាន​ឮ​សំឡេង​មួយ​ពី​លើ​មេឃ បន្លឺ​យ៉ាង​ខ្លាំង​មក​កាន់​គេ​ថា “សូម​ឡើង​មក​នេះ!”។ អ្នក​ទាំង​ពីរ​ក៏​ឡើង​ទៅ​លើ​មេឃ ក្នុង​ពពក* រីឯ​ពួក​សត្រូវ​ក៏​បាន​ឃើញ​ដែរ។

13. ខណៈ​នោះ ស្រាប់​តែ​មាន​រញ្ជួយ​ផែន‌ដី​យ៉ាង​ខ្លាំង ក្រុង​រលំ​អស់​មួយ​ភាគ​ដប់ មនុស្ស​ប្រាំ‌ពីរ​ពាន់​នាក់​បាន​បាត់​បង់​ជីវិត​នៅ​ពេល​រញ្ជួយ​ផែន‌ដី។ អ្នក​សល់​ពី​ស្លាប់​ភ័យ​ញ័រ​រន្ធត់ នាំ​គ្នា​លើក​តម្កើង​សិរី‌រុងរឿង​ព្រះ‌ជា‌ម្ចាស់​នៃ​ស្ថាន​បរម‌សុខ*»។

14. ទុក្ខ​វេទនា​ទី​ពីរ​នេះ​បាន​កន្លង​ផុត​ទៅ ទុក្ខ​វេទនា​ទី​បី​នឹង​មក​ដល់​ក្នុង​ពេល​ឆាប់ៗ។

15. ទេវតា*​ទី​ប្រាំ‌ពីរ​ផ្លុំ​ត្រែ​ឡើង ស្រាប់​តែ​មាន​សំឡេង​លាន់​ឮ​រំពង​នៅ​លើ​មេឃ​ថា៖ «រាជ្យ​ក្នុង​លោក​នេះ ត្រូវ​ផ្ទេរ​ថ្វាយ​ទៅ​ព្រះ‌អម្ចាស់​នៃ​យើង និង​ថ្វាយ​ព្រះ‌គ្រិស្ដ​របស់​ព្រះ‌អង្គ ហើយ​ទ្រង់​នឹង​គ្រង​រាជ្យ​អស់‌កល្ប​ជា​អង្វែង​ត​រៀង​ទៅ!»។

16. ពេល​នោះ ព្រឹទ្ធា‌ចារ្យ*​ទាំង​ម្ភៃ​បួន​រូប​ដែល​អង្គុយ​លើ​បល្ល័ង្ក​នៅ​ខាង​មុខ​ព្រះ‌ជា‌ម្ចាស់ ក៏​នាំ​គ្នា​ក្រាប​អោន​មុខ​ដល់​ដី ហើយ​ថ្វាយ‌បង្គំ​ព្រះ‌ជា‌ម្ចាស់

17. ទាំង​ពោល​ថា៖«បពិត្រ​ព្រះ‌ជា‌អម្ចាស់ជា​ព្រះ​ដ៏​មាន​ព្រះ‌ចេស្ដា​លើ​អ្វីៗ​ទាំង​អស់ព្រះ‌អង្គ​មាន​ព្រះ‌ជន្ម​គង់​នៅ​សព្វ​ថ្ងៃ​នេះហើយ​ក៏​មាន​ព្រះ‌ជន្ម​គង់​នៅតាំង​ពី​ដើម​រៀង​មក​ដែរ!យើង​ខ្ញុំ​សូម​អរ​ព្រះ‌គុណ​ព្រះ‌អង្គព្រោះ​ទ្រង់​បាន​យក​ឫទ្ធា‌នុភាព​ដ៏​ខ្លាំង​ក្លារបស់​ព្រះ‌អង្គមក​តាំង​ព្រះ‌រាជ្យ​របស់​ព្រះ‌អង្គ​ឡើង។

18. ជាតិ​សាសន៍​នានា​បាន​នាំ​គ្នា​ខឹងហើយ​ពេល​ដែល​ព្រះ‌អង្គ​សម្តែង​ព្រះ‌ពិរោធក៏​មក​ដល់​ដែរគឺ​ជា​ពេល​កំណត់​ដែល​ព្រះ‌អង្គ​វិនិច្ឆ័យ​ទោសមនុស្ស​ស្លាប់។នៅ​ពេល​នោះ ព្រះ‌អង្គ​នឹង​ប្រទាន​រង្វាន់​ដល់ពួក​ព្យាការី*​ជា​អ្នក​បម្រើ​របស់​ព្រះ‌អង្គដល់​ប្រជា‌ជន​ដ៏‌វិសុទ្ធ*និង​ដល់​អស់​អ្នក​ដែល​គោរព​កោត​ខ្លាចព្រះ‌នាម​ព្រះ‌អង្គ ទាំង​អ្នក​តូច ទាំង​អ្នក​ធំហើយ​ក៏​ជា​ពេល​ដែល​ព្រះ‌អង្គ​ត្រូវ​បំផ្លាញអស់​អ្នក​ដែល​បាន​បំផ្លាញ​ផែន‌ដី​ដែរ»។

19. ពេល​នោះ ទ្វារ​ព្រះ‌វិហារ*​របស់​ព្រះ‌ជា‌ម្ចាស់​នៅ​ស្ថាន​បរម‌សុខ​ក៏​បើក​ចំហ​ឡើង ហើយ​ហិប​នៃ​សម្ពន្ធ‌មេត្រី*​របស់​ព្រះ‌អង្គ ក៏​លេច​មក​នៅ​ក្នុង​ព្រះ‌វិហារ ហើយ​ក៏​មាន​ផ្លេក​បន្ទោរ មាន​ឮ​សូរ​សំឡេង មាន​ផ្គរ‌លាន់ មាន​រញ្ជួយ​ផែន‌ដី និង​មាន​ព្រឹល​ធ្លាក់​មក​យ៉ាង​ខ្លាំង​ផង​ដែរ។

សូមអានជំពូកពេញលេញ វិវរណៈ 11