គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

វិវរណៈ 11:1-10 Khmer Standard Version (KHSV)

1. បន្ទាប់​មក ទេវតា*​បាន​ប្រគល់​ដើម​ត្រែង​មួយ​មក​ខ្ញុំ ស្រដៀង​នឹង​ដំបង​សម្រាប់​វាស់​ហើយ​ប្រាប់​ថា៖ «ចូរ​ក្រោក​ឡើង ទៅ​វាស់​ព្រះ‌វិហារ*​របស់​ព្រះ‌ជា‌ម្ចាស់ វាស់​អាសនៈ និង​រាប់​អស់​អ្នក​ដែល​ថ្វាយ‌បង្គំ​ព្រះ‌អង្គ​នៅ​ទី​នោះ​ផង។

2. ក៏​ប៉ុន្តែ ត្រូវ​ទុក​ទី‌លាន​ដែល​នៅ​ខាង​ក្រៅ​ព្រះ‌វិហារ​ដោយ​ឡែក កុំ​វាស់​ឲ្យ​សោះ ដ្បិត​ព្រះ‌អង្គ​បាន​ប្រគល់​លាន​នោះ​ឲ្យ​ជាតិ​សាសន៍​នានា ហើយ​ពួក​គេ​នឹង​ជាន់​ឈ្លី​ក្រុង​ដ៏‌វិសុទ្ធ​អស់​រយៈ​ពេល​សែ‌សិប​ពីរ​ខែ។

3. យើង​នឹង​ឲ្យ​បន្ទាល់​របស់​យើង​ទាំង​ពីរ​រូប​ស្លៀក​បាវ​ ទៅ​ថ្លែង​ព្រះ‌បន្ទូល ក្នុង​រយៈ​ពេល​មួយ​ពាន់​ពីរ​រយ​ហុក‌សិប​ថ្ងៃ​នោះ។

4. អ្នក​ទាំង​ពីរ​នេះ​គឺ​ជា​ដើម​អូលីវ​ទាំង​ពីរ និង​ជា​ជើង​ចង្កៀង​ទាំង​ពីរ​ដែល​ស្ថិត​នៅ​ខាង​មុខ​ព្រះ‌អម្ចាស់​នៃ​ផែន‌ដី។

5. ប្រសិន​បើ​មាន​នរណា​ម្នាក់​ចង់​ធ្វើ​ទុក្ខ​អ្នក​ទាំង​ពីរ នោះ​នឹង​មាន​ភ្លើង​ចេញ​ពី​មាត់​គាត់ មក​ឆេះ​បំផ្លាញ​មារ​សត្រូវ​របស់​គាត់​ជា​មិន​ខាន។ ប្រាកដ​ណាស់ ប្រសិន​បើ​អ្នក​ណា​ចង់​ធ្វើ​ទុក្ខ​អ្នក​ទាំង​ពីរ អ្នក​នោះ​ពិត​ជា​ត្រូវ​ស្លាប់​បែប​នេះ​ឯង។

6. អ្នក​ទាំង​ពីរ​មាន​អំណាច​ធ្វើ​ឲ្យ​មេឃ​រាំង គ្មាន​ភ្លៀង​ធ្លាក់​ក្នុង​អំឡុង​ពេល​ដែល​គាត់​ថ្លែង​ព្រះ‌បន្ទូល ហើយ​ក៏​មាន​អំណាច​ធ្វើ​ឲ្យ​ទឹក​ក្លាយ​ទៅ​ជា​ឈាម ព្រម​ទាំង​ធ្វើ​ឲ្យ​គ្រោះ​កាច​គ្រប់​យ៉ាង​អាច​កើត​មាន​នៅ​លើ​ផែន‌ដី​ពេល​ណា​ក៏​បាន តាម​តែ​គាត់​ចង់។

7. ពេល​អ្នក​ទាំង​ពីរ​បាន​ផ្ដល់​សក្ខីភាព​របស់​ខ្លួន​ចប់​សព្វ​គ្រប់​ហើយ មាន​សត្វ​តិរច្ឆាន​ឡើង​ពី​នរក​អវិចី​មក​ច្បាំង​នឹង​គេ វា​នឹង​ឈ្នះ ហើយ​ប្រហារ​ជីវិត​គេ​ទៀត​ផង។

8. សាក‌សព​របស់​អ្នក​ទាំង​ពីរ​នឹង​ត្រូវ​ទុក​ចោល​នៅ​តាម​ទី​ផ្សារ ក្នុង​ក្រុង​ដ៏​ធំ​នោះ ជា​ក្រុង​ដែល​មាន​ឈ្មោះ​ជា​និមិត្ត‌រូប ថា “សូដុម” ឬ​“អេស៊ីប” គឺ​នៅ​ក្រុង​នោះ​ហើយ​ដែល​គេ​ឆ្កាង​ព្រះ‌អម្ចាស់​របស់​អ្នក​ទាំង​ពីរ។

9. មនុស្ស‌ម្នា​ពី​ចំណោម​ប្រជា‌ជន​នានា ពី​ចំណោម​កុល‌សម្ព័ន្ធ ពី​ចំណោម​ភាសា និង​ពី​ចំណោម​ជាតិ​សាសន៍​ទាំង‌ឡាយ នឹង​ឃើញ​សាក‌សព​របស់​អ្នក​ទាំង​ពីរ ក្នុង​រវាង​បី​ថ្ងៃ​កន្លះ ហើយ​ពួក​គេ​មិន​អនុញ្ញាត​ឲ្យ​យក​សាក‌សព​អ្នក​ទាំង​ពីរ​ទៅ​បញ្ចុះ​ក្នុង​ផ្នូរ​ឡើយ។

10. មនុស្ស‌ម្នា​ដែល​រស់​នៅ​ផែន‌ដី​នឹង​មាន​ចិត្ត​ត្រេក​អរ ដោយ​ឃើញ​អ្នក​ទាំង​ពីរ​ស្លាប់ គឺ​គេ​មាន​អំណរ​សប្បាយ​យ៉ាង​ខ្លាំង។ ពួក​គេ​នឹង​ផ្ញើ​ជំនូន​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក ព្រោះ​ព្យាការី*​ទាំង​ពីរ​រូប​បាន​ធ្វើ​ឲ្យ​មនុស្ស‌ម្នា​ដែល​រស់​នៅ​លើ​ផែន‌ដី​រង‌ទុក្ខ​លំបាក​ខ្លាំង​ណាស់។

សូមអានជំពូកពេញលេញ វិវរណៈ 11