គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

វិវរណៈ 1:7-19 Khmer Standard Version (KHSV)

7. មើល៍! ព្រះ‌អង្គ​យាង​មក នៅ​កណ្ដាល​ពពក*។ មនុស្ស​ទាំង​អស់​នឹង​ឃើញ​ព្រះ‌អង្គ សូម្បី​តែ​អស់​អ្នក​ដែល​បាន​ចាក់​ទម្លុះ​ព្រះ‌អង្គ ក៏​នឹង​ឃើញ​ព្រះ‌អង្គ​ដែរ។ កុល‌សម្ព័ន្ធ​ទាំង​ប៉ុន្មាន​នៅ​លើ​ផែន‌ដី​នឹង​ត្រូវ​សោក​សៅ ព្រោះ​តែ​ព្រះ‌អង្គ។ មែន! ពិត​ជា​កើត​មាន​ដូច្នេះ​មែន! អាម៉ែន!។

8. ព្រះ‌ជា‌អម្ចាស់​ដែល​មាន​ព្រះ‌ជន្ម​គង់​នៅ​សព្វ​ថ្ងៃ គង់​នៅ​ពី​ដើម ហើយ​កំពុង​តែ​យាង​មក គឺ​ព្រះ​ដ៏​មាន​ព្រះ‌ចេស្ដា​លើ​អ្វីៗ​ទាំង​អស់ ទ្រង់​មាន​ព្រះ‌បន្ទូល​ថា៖ «យើង​ជា​អាល់ផា និង​ជា​អូមេ‌កា»​។

9. ខ្ញុំ យ៉ូហាន ជា​បង‌ប្អូន​របស់​អ្នក​រាល់​គ្នា។ ខ្ញុំ​រង‌ទុក្ខ​លំបាក ទទួល​ព្រះ‌រាជ្យ* និង​ព្យាយាម​រួម​ជា​មួយ​បង‌ប្អូន ក្នុង​អង្គ​ព្រះ‌យេស៊ូ​ដែរ។ គេ​បាន​និរទេស​ខ្ញុំ​ទៅ​កោះ​មួយ​ឈ្មោះ​ប៉ាត‌ម៉ូស ព្រោះ​តែ​ព្រះ‌បន្ទូល​របស់​ព្រះ‌ជា‌ម្ចាស់ និង​សក្ខីភាព​របស់​ព្រះ‌យេស៊ូ។

10. នៅ​ថ្ងៃ​របស់​ព្រះ‌អម្ចាស់​ ព្រះ‌វិញ្ញាណ​បាន​ធ្វើ​ឲ្យ​ខ្ញុំ​លង់​ស្មារតី ហើយ​ខ្ញុំ​ក៏​ឮ​សំឡេង​មួយ​នៅ​ខាង​ក្រោយ​ខ្ញុំ លាន់​រំពង​ឡើង​យ៉ាង​ខ្លាំង​ដូច​សំឡេង​ត្រែ

11. សំឡេង​នោះ​ប្រាប់​ថា «អ្វីៗ​ដែល​អ្នក​បាន​ឃើញ ត្រូវ​សរសេរ​ទុក​ក្នុង​សៀវភៅ​មួយ រួច​ផ្ញើ​ទៅ​ជូន​ក្រុម‌ជំនុំ​ទាំង​ប្រាំ‌ពីរ នៅ​ក្រុង​អេភេសូ ក្រុង​ស្មៀរ‌ណា ក្រុង​ពើកា‌ម៉ុស ក្រុង​ធាទេ‌រ៉ា ក្រុង​សើដេស ក្រុង​ភីឡា‌ដិលភា និង​ក្រុង​ឡៅឌី‌សេ»។

12. ខ្ញុំ​ក៏​ងាក​ទៅ​រក​សំឡេង​ដែល​ពោល​មក​កាន់​ខ្ញុំ ពេល​នោះ ខ្ញុំ​ឃើញ​ជើង​ចង្កៀង​មាស​ប្រាំ‌ពីរ។

13. នៅ​កណ្ដាល​ជើង​ចង្កៀង​ទាំង​នោះ មាន​ម្នាក់​រាង​ដូច​បុត្រ​មនុស្ស* ពាក់​អាវ​បំពង់​យ៉ាង​វែង ហើយ​មាន​ខ្សែ​ក្រវាត់​មាស​នៅ​ដើម​ទ្រូង​ផង។

14. សក់​លោក​ស‌ក្បុស​ដូច​កប្បាស និង​ដូច​សំឡី​ ភ្នែក​លោក​ភ្លឺ​ដូច​អណ្ដាត​ភ្លើង

15. ជើង​លោក​រលើប​ដូច​លង្ហិន​ដែល​គេ​ដុត​ក្នុង​ភ្លើង ហើយ​សំឡេង​លោក​ឮ​សូរ​សន្ធឹក​ដូច​មហា​សាគរ។

16. លោក​កាន់​ផ្កាយ​ប្រាំ‌ពីរ​នៅ​ដៃ​ស្ដាំ មាន​ដាវ​ដ៏​ស្រួច​មុខ​ពីរ​ចេញ​ពី​មាត់​របស់​លោក ហើយ​មុខ​លោក​ប្រៀប​បី​ដូច​ជា​ថ្ងៃ​ពេញ​កម្ដៅ។

17. ពេល​ខ្ញុំ​ឃើញ​លោក ខ្ញុំ​ដួល​សន្លប់​បាត់​ស្មារតី នៅ​ទៀប​ជើង​លោក។ លោក​ដាក់​ដៃ​ស្ដាំ​លើ​ខ្ញុំ ទាំង​ពោល​ថា: «កុំ​ខ្លាច​អី! គឺ​យើង​នេះ​ហើយ​ដែល​នៅ​មុន​គេ និង​នៅ​ក្រោយ​គេ​បំផុត

18. យើង​បាន​ស្លាប់ តែ​ឥឡូវ​នេះ យើង​មាន​ជីវិត​រស់​អស់‌កល្ប​ជា​អង្វែង​ត​រៀង​ទៅ។ យើង​មាន​អំណាច​លើ​សេចក្ដី​ស្លាប់ និង​លើ​ស្ថាន​មច្ចុរាជ​។

19. ដូច្នេះ ចូរ​កត់‌ត្រា​ទុក​នូវ​ហេតុ‌ការណ៍​ទាំង​ប៉ុន្មាន​ដែល​អ្នក​បាន​ឃើញ គឺ​ហេតុ‌ការណ៍​ដែល​កំពុង​តែ​កើត​មាន​នៅ​ពេល​នេះ និង​ពេល​ខាង​មុខ។

សូមអានជំពូកពេញលេញ វិវរណៈ 1