គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

លូកា 9:47-61 Khmer Standard Version (KHSV)

47. ព្រះ‌យេស៊ូ​ឈ្វេង​យល់​គំនិត​របស់​គេ ក៏​យក​ក្មេង​ម្នាក់​មក​ឲ្យ​ឈរ​ក្បែរ​ព្រះ‌អង្គ

48. រួច​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «អ្នក​ណា​ទទួល​ក្មេង​នេះ​ក្នុង​នាម​ខ្ញុំ ក៏​ដូច​ជា​បាន​ទទួល​ខ្ញុំ​ដែរ ហើយ​អ្នក​ណា​ទទួល​ខ្ញុំ ក៏​ដូច​ជា​បាន​ទទួល​ព្រះ‌អង្គ​ដែល​បាន​ចាត់​ខ្ញុំ​ឲ្យ​មក​នោះ​ដែរ ដ្បិត​អ្នក​ណា​មាន​ឋានៈ​ទាប​ជាង​គេ​ក្នុង​ចំណោម​អ្នក​រាល់​គ្នា គឺ​អ្នក​នោះ​ហើយ​ជា​អ្នក​ធំ​ជាង​គេ»។

49. លោក​យ៉ូហាន​ទូល​ព្រះ‌អង្គ​ថា៖ «ព្រះ‌គ្រូ! យើង​ខ្ញុំ​បាន​ឃើញ​បុរស​ម្នាក់​ដេញ​អារក្ស ក្នុង​នាម​ព្រះ‌គ្រូ។ យើង​ខ្ញុំ​បាន​ឃាត់​គាត់ ព្រោះ​គាត់​មិន​មក​តាម​ព្រះ‌គ្រូ​ដូច​យើង​ខ្ញុំ»។

50. ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​គាត់​វិញ​ថា៖ «កុំ​ឃាត់​គេ​អី ដ្បិត​អ្នក​ណា​មិន​ជំទាស់​នឹង​អ្នក​រាល់​គ្នា អ្នក​នោះ​នៅ​ខាង​អ្នក​រាល់​គ្នា​ហើយ»។

51. លុះ​ជិត​ដល់​ថ្ងៃ​កំណត់​ដែល​ព្រះ‌យេស៊ូ​ត្រូវ​យាង​ចាក​ចេញ​ពី​លោក​នេះ​ទៅ ព្រះ‌អង្គ​សម្រេច​ព្រះ‌ហឫទ័យ​យាង​ទៅ​ក្រុង​យេរូ‌សាឡឹម

52. ព្រះ‌អង្គ​បាន​ចាត់​អ្នក​ខ្លះ​ឲ្យ​ទៅ​មុន។ អ្នក​ទាំង​នោះ​ចេញ​ដំណើរ​ទៅ​ដល់​ភូមិ​មួយ​របស់​អ្នក​ស្រុក​សាម៉ារី ដើម្បី​រៀបចំ​កន្លែង​ថ្វាយ​ព្រះ‌អង្គ។

53. ប៉ុន្តែ អ្នក​ស្រុក​ពុំ​ព្រម​ទទួល​ព្រះ‌អង្គ​ឲ្យ​ស្នាក់​ឡើយ ព្រោះ​ព្រះ‌អង្គ​យាង​ឆ្ពោះ​ទៅ​ក្រុង​យេរូ‌សាឡឹម។

54. ពេល​សិស្ស​ពីរ​នាក់ គឺ​លោក​យ៉ាកុប និង​លោក​យ៉ូហាន​ឃើញ​ដូច្នោះ ក៏​ទូល​ព្រះ‌អង្គ​ថា៖ «បពិត្រ​ព្រះ‌អម្ចាស់! តើ​ព្រះ‌អង្គ​សព្វ​ព្រះ‌ហឫទ័យ​ឲ្យ​យើង​ខ្ញុំ​ហៅ​រន្ទះ​ភ្លើង មក​កម្ទេច​អ្នក​ទាំង​នេះ​ឬ?»។

55. ព្រះ‌យេស៊ូ​បែរ​ទៅ​រក​គេ ហើយ​ស្ដី​បន្ទោស​គេ​យ៉ាង​ខ្លាំង។

56. បន្ទាប់​មក ព្រះ‌អង្គ​យាង​ឆ្ពោះ​ទៅ​កាន់​ភូមិ​មួយ​ផ្សេង​ទៀត​ជា​មួយ​សិស្ស*។

57. កាល​ព្រះ‌យេស៊ូ​កំពុង​យាង​តាម​ផ្លូវ​ជា​មួយ​សិស្ស មាន​បុរស​ម្នាក់​ទូល​ព្រះ‌អង្គ​ថា៖ «ខ្ញុំ​ប្របាទ​សុខ​ចិត្ត​ទៅ​តាម​លោក ទោះ​បី​លោក​អញ្ជើញ​ទៅ​ទី​ណា​ក៏​ដោយ»។

58. ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​តប​ទៅ​គាត់​វិញ​ថា៖ «សត្វ​កញ្ជ្រោង​មាន​រូង​របស់​វា បក្សា‌បក្សី​ក៏​មាន​សំបុក​របស់​វា​ដែរ ប៉ុន្តែ បុត្រ​មនុស្ស*​គ្មាន​ទី​ជម្រក​សម្រាក​សោះ​ឡើយ»។

59. ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ទៅ​ម្នាក់​ទៀត​ថា៖ «សុំ​អញ្ជើញ​មក​តាម​ខ្ញុំ»។ ប៉ុន្តែ អ្នក​នោះ​ទូល​ព្រះ‌អង្គ​ថា៖ «សូម​លោក​មេត្តា​អនុញ្ញាត​ឲ្យ​ខ្ញុំ​ប្របាទ​ទៅ​បញ្ចុះ​សព​ឪពុក​សិន»។

60. ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​តប​ទៅ​គាត់​វិញ​ថា៖ «ទុក​ឲ្យ​មនុស្ស​ស្លាប់​បញ្ចុះ​សព​គ្នា​គេ​ចុះ។ រីឯ​អ្នក​វិញ ចូរ​ទៅ​ផ្សាយ​ដំណឹង​អំពី​ព្រះ‌រាជ្យ*​របស់​ព្រះ‌ជាម្ចាស់»។

61. មាន​ម្នាក់​ទៀត​ទូល​ព្រះ‌អង្គ​ថា៖ «លោក​ម្ចាស់! ខ្ញុំ​ប្របាទ​សុខ​ចិត្ត​ទៅ​តាម​លោក​ដែរ ប៉ុន្តែ សូម​អនុញ្ញាត​ឲ្យ​ខ្ញុំ​ប្របាទ​ទៅ​ជម្រាប​លា​ក្រុម​គ្រួសារ​សិន»។

សូមអានជំពូកពេញលេញ លូកា 9