គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

លូកា 9:3-17 Khmer Standard Version (KHSV)

3. ទ្រង់​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «ពេល​អ្នក​រាល់​គ្នា​ចេញ​ដំណើរ​ទៅ កុំ​យក​អ្វី​ទៅ​ជា​មួយ​ឡើយ ទោះ​បី​ដំបង​ក្ដី ថង់​យាម​ក្ដី ចំណី​អាហារ ឬ​ប្រាក់​កាស​ក្ដី ហើយ​ក៏​មិន​ត្រូវ​យក​អាវ​ពីរ​បន្លាស់​ទៅ​ដែរ។

4. បើ​អ្នក​រាល់​គ្នា​ចូល​ផ្ទះ​ណា ចូរ​ស្នាក់​នៅ​ផ្ទះ​នោះ រហូត​ដល់​ពេល​អ្នក​រាល់​គ្នា​ចេញ​ពី​ស្រុក​នោះ​ទៅ។

5. បើ​ភូមិ​ណា​គេ​មិន​ព្រម​ទទួល​អ្នក​រាល់​គ្នា ចូរ​ចេញ​ពី​ភូមិ​នោះ​ទៅ ទាំង​រលាស់​ធូលី​ដី​ចេញ​ពី​ជើង​អ្នក​រាល់​គ្នា​ផង ទុក​ជា​សញ្ញា​ព្រមាន​គេ»។

6. ពួក​សិស្ស*​នាំ​គ្នា​ចេញ​ទៅ ធ្វើ​ដំណើរ​ពី​ភូមិ​មួយ​ទៅ​ភូមិ​មួយ ទាំង​ផ្សព្វ‌ផ្សាយ​ដំណឹង‌ល្អ* និង​មើល​អ្នក​ជំងឺ​គ្រប់​កន្លែង​ឲ្យ​បាន​ជា​ផង។

7. កាល​ព្រះ‌បាទ​ហេរ៉ូដ ជា​ស្ដេច​អនុ‌រាជ* ជ្រាប​ហេតុ‌ការណ៍​ទាំង​នោះ​ហើយ ទ្រង់​មិន​ដឹង​ជា​ត្រូវ​គិត​យ៉ាង​ណា ដ្បិត​មាន​អ្នក​ខ្លះ​និយាយ​ថា “លោក​យ៉ូហាន‌បាទីស្ដ​បាន​រស់​ឡើង​វិញ​ហើយ”។

8. អ្នក​ខ្លះ​ទៀត​និយាយ​ថា“ព្យាការី*​អេលីយ៉ា​បាន​បង្ហាញ​ខ្លួន​ឲ្យ​គេ​ឃើញ” ហើយ​អ្នក​ខ្លះ​ទៀត​និយាយ​ថា “មាន​ព្យាការី​មួយ​រូប​ពី​សម័យ​បុរាណ​បាន​រស់​ឡើង​វិញ”។

9. រីឯ​ព្រះ‌បាទ​ហេរ៉ូដ​មាន​រាជ‌ឱង្ការ​ថា៖ «យើង​បាន​ឲ្យ​គេ​កាត់​ក យ៉ូហាន​ស្លាប់​បាត់​ទៅ​ហើយ ចុះ​បុរស​ដែល​គេ​និយាយ​ថា​បាន​ធ្វើ​ការ​អស្ចារ្យ​ទាំង​នោះ​ជា​នរណា?»។ ព្រះ‌បាទ​ហេរ៉ូដ​មាន​បំណង​ចង់​ជួប​ព្រះ‌យេស៊ូ។

10. សាវ័ក*​នាំ​គ្នា​វិល​ត្រឡប់​មក​វិញ រៀប​រាប់​ទូល​ព្រះ‌យេស៊ូ​នូវ​គ្រប់​កិច្ចការ​ទាំង​អស់​ដែល​គេ​បាន​ធ្វើ។ ព្រះ‌អង្គ​នាំ​គេ​ចេញ​ដាច់​ឡែក​ពី​មហា‌ជន តម្រង់​ទៅ​ភូមិ​មួយ​ឈ្មោះ​បេតសៃ‌ដា

11. តែ​មហា‌ជន​ដឹង ក៏​នាំ​គ្នា​ទៅ​តាម​ព្រះ‌អង្គ។ ព្រះ‌យេស៊ូ​ទទួល​ពួក​គេ ហើយ​មាន​ព្រះ‌បន្ទូល​អំពី​ព្រះ‌រាជ្យ*​របស់​ព្រះ‌ជាម្ចាស់​ឲ្យ​គេ​ស្ដាប់ ព្រម​ទាំង​ប្រោស​អ្នក​ជំងឺ​ឲ្យ​បាន​ជា​ផង។

12. ដល់​ថ្ងៃ​ជិត​លិច សិស្ស​ទាំង​ដប់‌ពីរ​រូប​ចូល​ទៅ​ទូល​ព្រះ‌អង្គ​ថា៖ «សូម​ព្រះ‌អង្គ​ប្រាប់​ឲ្យ​បណ្ដា‌ជន​ចេញ ទៅ​រក​ម្ហូប​អាហារ រក​កន្លែង​ស្នាក់​តាម​ផ្ទះ តាម​ភូមិ​ជិតៗ​នេះ​ទៅ ព្រោះ​ទី​នេះ​ស្ងាត់​ណាស់»។

13. ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​តប​វិញ​ថា៖ «ចូរ​អ្នក​រាល់​គ្នា​យក​ម្ហូប​អាហារ​ឲ្យ​គេ​បរិភោគ​ទៅ»។ ពួក​សិស្ស​ទូល​ព្រះ‌អង្គ​ថា៖ «យើង​ខ្ញុំ​មាន​នំប៉័ង​តែ​ប្រាំ​ដុំ និង​ត្រី‌ងៀត​ពីរ​កន្ទុយ​ប៉ុណ្ណោះ ធ្វើ​ម្ដេច​នឹង​គ្រាន់ មាន​តែ​ទៅ​ទិញ​អាហារ​សម្រាប់​ប្រជា‌ជន​ទាំង​នេះ!»។

14. នៅ​ទី​នោះ មាន​មនុស្ស​ប្រុស​ប្រមាណ​ប្រាំ​ពាន់​នាក់។ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​កាន់​សិស្ស​ថា៖ «ចូរ​អ្នក​រាល់​គ្នា​ប្រាប់​គេ​ឲ្យ​អង្គុយ​ចុះ​ជា​ក្រុមៗ ក្នុង​មួយ​ក្រុម​ហា‌សិប​នាក់»។

15. ពួក​សិស្ស​ក៏​ធ្វើ​តាម គឺ​ប្រាប់​គេ​ឲ្យ​អង្គុយ​ចុះ​ទាំង​អស់​គ្នា។

16. ព្រះ‌យេស៊ូ​យក​នំប៉័ង​ទាំង​ប្រាំ​ដុំ និង​ត្រី​ពីរ​កន្ទុយ​នោះ​មក​កាន់ ទ្រង់​ងើប​ព្រះ‌ភ័ក្ត្រ​ឡើង​លើ សរសើរ​តម្កើង​ព្រះ‌ជាម្ចាស់ ហើយ​កាច់​ប្រទាន​ឲ្យ​សិស្ស ដើម្បី​ឲ្យ​គេ​ចែក​បណ្ដា‌ជន​បរិភោគ។

17. គេ​បាន​បរិភោគ​ឆ្អែត​គ្រប់ៗ​គ្នា រួច​ប្រមូល​នំប៉័ង​ដែល​នៅ​សល់​បាន​ពេញ​ដប់‌ពីរ​ល្អី។

សូមអានជំពូកពេញលេញ លូកា 9