គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

លូកា 9:24-41 Khmer Standard Version (KHSV)

24. ដ្បិត​អ្នក​ណា​ចង់​បាន​រួច​ជីវិត អ្នក​នោះ​នឹង​បាត់​បង់​ជីវិត​ពុំ‌ខាន ប៉ុន្តែ អ្នក​ណា​បាត់​បង់​ជីវិត​ព្រោះ​តែ​ខ្ញុំ អ្នក​នោះ​នឹង​បាន​រួច​ជីវិត​វិញ។

25. បើ​មនុស្ស​ម្នាក់​បាន​ពិភព​លោក​ទាំង​មូល​មក​ធ្វើ​ជា​សម្បត្តិ​របស់​ខ្លួន តែ​ត្រូវ​ស្លាប់​បាត់​បង់​ជីវិត​នោះ​មាន​ប្រយោជន៍​អ្វី។

26. បើ​អ្នក​ណា​ខ្មាស​អៀន មិន​ហ៊ាន​ទទួល​ស្គាល់​ខ្ញុំ មិន​ហ៊ាន​ទទួល​ពាក្យ​របស់​ខ្ញុំ​ទេ លុះ​ដល់​បុត្រ​មនុស្ស*​យាង​មក ប្រកប​ដោយ​សិរី‌រុងរឿង​របស់​ព្រះ‌អង្គ ព្រម​ទាំង​សិរី‌រុងរឿង​របស់​ព្រះ‌បិតា និង​របស់​ទេវតា*​ដ៏‌វិសុទ្ធ* ទ្រង់​ក៏​នឹង​ខ្មាស​អៀន មិន​ហ៊ាន​ទទួល​ស្គាល់​អ្នក​នោះ​វិញ​ដែរ។

27. ប្រាកដ​មែន ខ្ញុំ​សុំ​ប្រាប់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ច្បាស់​ថា មនុស្ស​ខ្លះ​ដែល​នៅ​ទី​នេះ​នឹង​មិន​ស្លាប់​ទេ មុន​បាន​ឃើញ​ព្រះ‌រាជ្យ*​របស់​ព្រះ‌ជាម្ចាស់»។

28. ប្រមាណ​ជា​ប្រាំ​បី​ថ្ងៃ ក្រោយ​ពី​ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទាំង​នោះ​មក ព្រះ‌អង្គ​នាំ​លោក​ពេត្រុស លោក​យ៉ូហាន និង​លោក​យ៉ាកុប​ឡើង​ទៅ​លើ​ភ្នំ ដើម្បី​អធិស្ឋាន*។

29. ពេល​កំពុង​អធិស្ឋាន ស្រាប់​តែ​ព្រះ‌ភ័ក្ត្រ​របស់​ព្រះ‌អង្គ​ប្រែ​ជា​មាន​រស្មី ហើយ​ព្រះ‌ពស្ដ្រ​របស់​ព្រះ‌អង្គ​ត្រឡប់​ជា​មាន​ពណ៌​ស​ត្រចះ‌ត្រចង់។

30. ពេល​នោះ មាន​បុរស​ពីរ​នាក់ គឺ​លោក​ម៉ូសេ និង​ព្យាការី​អេលីយ៉ា សន្ទនា​ជា​មួយ​ព្រះ‌យេស៊ូ។

31. លោក​ទាំង​ពីរ​លេច​មក​ប្រកប​ដោយ​សិរី‌រុងរឿង ហើយ​មាន​ប្រសាសន៍​អំពី​ដំណើរ ដែល​ព្រះ‌អង្គ​ត្រូវ​សោយ​ទិវង្គត នៅ​ក្រុង​យេរូ‌សាឡឹម។

32. លោក​ពេត្រុស និង​មិត្ត‌ភក្ដិ​របស់​លោក​សម្រាន្ដ​លង់‌លក់។ លុះ​ភ្ញាក់​ឡើង គេ​ឃើញ​សិរី‌រុងរឿង​របស់​ព្រះ‌យេស៊ូ និង​ឃើញ​លោក​ទាំង​ពីរ​ឈរ​ជា​មួយ​ព្រះ‌អង្គ។

33. កាល​លោក​ម៉ូសេ និង​ព្យាការី​អេលីយ៉ា កំពុង​តែ​ចាក​ចេញ​ពី​ព្រះ‌យេស៊ូ​ទៅ លោក​ពេត្រុស​ទូល​ព្រះ‌អង្គ​ថា៖ «ព្រះ‌គ្រូ! យើង​ខ្ញុំ​បាន​នៅ​ទី​នេះ​ប្រសើរ​ណាស់ យើង​ខ្ញុំ​នឹង​សង់​ជម្រក​បី គឺ​មួយ​សម្រាប់​ព្រះ‌គ្រូ មួយ​សម្រាប់​លោក​ម៉ូសេ និង​មួយ​ទៀត​សម្រាប់​ព្យាការី​អេលីយ៉ា»។ លោក​ពេត្រុស​មាន​ប្រសាសន៍​ទាំង​ពុំ​ដឹង​ថា​ខ្លួន​និយាយ​អ្វី​ឡើយ។

34. កាល​លោក​ពេត្រុស​កំពុង​តែ​មាន​ប្រសាសន៍ ស្រាប់​តែ​មាន​ពពក*​មក​គ្រប​បាំង​គេ​ទាំង​អស់​គ្នា ធ្វើ​ឲ្យ​សិស្ស​ភ័យ​ខ្លាច​ក្រៃ‌លែង ដោយ​មាន​ពពក​មក​គ្រប​បាំង​ដូច្នេះ។

35. មាន​ព្រះ‌សូរសៀង​បន្លឺ​ពី​ក្នុង​ពពក​មក​ថា៖ «ព្រះ‌អង្គ​នេះ​ជា​បុត្រ​ដែល​យើង​បាន​ជ្រើស​រើស ចូរ​ស្ដាប់​ព្រះ‌អង្គ​ចុះ!»។

36. បន្ទាប់​ពី​បាន​ឮ​ព្រះ‌សូរសៀង​នេះ​ហើយ គេ​ឃើញ​តែ​ព្រះ‌យេស៊ូ​មួយ​ព្រះ‌អង្គ​ប៉ុណ្ណោះ។ នៅ​គ្រា​នោះ សិស្ស​ឥត​បាន​និយាយ​អំពី​ហេតុ‌ការណ៍​ដែល​គេ​បាន​ឃើញ​ប្រាប់​អ្នក​ណា​សោះ​ឡើយ។

37. នៅ​ថ្ងៃ​បន្ទាប់ ព្រះ‌យេស៊ូ​យាង​ចុះ​ពី​លើ​ភ្នំ​ជា​មួយ​សិស្ស​មក​វិញ ពេល​នោះ មាន​បណ្ដា‌ជន​យ៉ាង​ច្រើន​មក​រក​ព្រះ‌អង្គ។

38. មាន​បុរស​ម្នាក់​ស្រែក​ពី​កណ្ដាល​ចំណោម​បណ្ដា‌ជន​មក​ថា៖ «លោក​គ្រូ​អើយ! សូម​មេត្តា​ប្រោស‌ប្រណី​ដល់​កូន​ប្រុស​ខ្ញុំ​ប្របាទ​ផង ព្រោះ​ខ្ញុំ​ប្របាទ​មាន​កូន​តែ​មួយ​នេះ​គត់។

39. ពេល​វិញ្ញាណ​អាក្រក់​ចូល​ម្ដងៗ វា​ស្រែក​រើ‌បម្រះ ប្រកាច់‌ប្រកិន បែក​ពពុះ​មាត់។ លុះ​ធ្វើ​បាប​វា​យ៉ាង​ធ្ងន់​ហើយ វិញ្ញាណ​អាក្រក់​ក៏​ចេញ​ទៅ ទុក​ឲ្យ​កូន​ខ្ញុំ​ប្របាទ​នៅ​គ្រាំ‌គ្រា។

40. ខ្ញុំ​ប្របាទ​បាន​អង្វរ​សិស្ស​របស់​លោក​ឲ្យ​ដេញ​វិញ្ញាណ​អាក្រក់​នោះ​ដែរ ប៉ុន្តែ គេ​មិន​អាច​ដេញ​វា​ចេញ​បាន​សោះ»។

41. ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​តប​ថា៖ «នែ៎​ពួក​មនុស្ស​អាក្រក់ មិន​ព្រម​ជឿ​អើយ! តើ​ត្រូវ​ឲ្យ​ខ្ញុំ​ទ្រាំ​នៅ​ជា​មួយ​អ្នក​រាល់​គ្នា​ដល់​ពេល​ណា​ទៀត? ចូរ​នាំ​កូន​របស់​អ្នក​មក​ណេះ​មើល៍»។

សូមអានជំពូកពេញលេញ លូកា 9