គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

លូកា 9:13-28 Khmer Standard Version (KHSV)

13. ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​តប​វិញ​ថា៖ «ចូរ​អ្នក​រាល់​គ្នា​យក​ម្ហូប​អាហារ​ឲ្យ​គេ​បរិភោគ​ទៅ»។ ពួក​សិស្ស​ទូល​ព្រះ‌អង្គ​ថា៖ «យើង​ខ្ញុំ​មាន​នំប៉័ង​តែ​ប្រាំ​ដុំ និង​ត្រី‌ងៀត​ពីរ​កន្ទុយ​ប៉ុណ្ណោះ ធ្វើ​ម្ដេច​នឹង​គ្រាន់ មាន​តែ​ទៅ​ទិញ​អាហារ​សម្រាប់​ប្រជា‌ជន​ទាំង​នេះ!»។

14. នៅ​ទី​នោះ មាន​មនុស្ស​ប្រុស​ប្រមាណ​ប្រាំ​ពាន់​នាក់។ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​កាន់​សិស្ស​ថា៖ «ចូរ​អ្នក​រាល់​គ្នា​ប្រាប់​គេ​ឲ្យ​អង្គុយ​ចុះ​ជា​ក្រុមៗ ក្នុង​មួយ​ក្រុម​ហា‌សិប​នាក់»។

15. ពួក​សិស្ស​ក៏​ធ្វើ​តាម គឺ​ប្រាប់​គេ​ឲ្យ​អង្គុយ​ចុះ​ទាំង​អស់​គ្នា។

16. ព្រះ‌យេស៊ូ​យក​នំប៉័ង​ទាំង​ប្រាំ​ដុំ និង​ត្រី​ពីរ​កន្ទុយ​នោះ​មក​កាន់ ទ្រង់​ងើប​ព្រះ‌ភ័ក្ត្រ​ឡើង​លើ សរសើរ​តម្កើង​ព្រះ‌ជាម្ចាស់ ហើយ​កាច់​ប្រទាន​ឲ្យ​សិស្ស ដើម្បី​ឲ្យ​គេ​ចែក​បណ្ដា‌ជន​បរិភោគ។

17. គេ​បាន​បរិភោគ​ឆ្អែត​គ្រប់ៗ​គ្នា រួច​ប្រមូល​នំប៉័ង​ដែល​នៅ​សល់​បាន​ពេញ​ដប់‌ពីរ​ល្អី។

18. ថ្ងៃ​មួយ ពេល​ព្រះ‌យេស៊ូ​នៅ​អធិស្ឋាន*​ដាច់​ឡែក​ពី​បណ្ដា‌ជន ពួក​សិស្ស*​ក៏​នៅ​ជា​មួយ​ព្រះ‌អង្គ​ដែរ។ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​សួរ​គេ​ថា៖ «តើ​មហា‌ជន​ទាំង‌ឡាយ​ថា ខ្ញុំ​ជា​នរណា?»។

19. ពួក​សិស្ស​ទូល​ឆ្លើយ​ថា៖ «អ្នក​ខ្លះ​ថា លោក​គ្រូ​ជា​លោក​យ៉ូហាន‌បាទីស្ដ អ្នក​ខ្លះ​ថា លោក​ជា​ព្យាការី​អេលីយ៉ា ហើយ​អ្នក​ខ្លះ​ទៀត​ថា លោក​ជា​ព្យាការី​មួយ​រូប​ពី​សម័យ​បុរាណ​ដែល​រស់​ឡើង​វិញ»។

20. ព្រះ‌យេស៊ូ​សួរ​ទៀត​ថា៖ «ចុះ​អ្នក​រាល់​គ្នា​វិញ តើ​អ្នក​រាល់​គ្នា​ថា​ខ្ញុំ​ជា​នរណា​ដែរ?»។ លោក​ពេត្រុស​ទូល​ព្រះ‌អង្គ​ថា៖ «លោក​ជា​ព្រះ‌គ្រិស្ដ*​ដែល​ព្រះ‌ជាម្ចាស់​ចាត់​ឲ្យ​មក»។

21. ព្រះ‌យេស៊ូ​ក៏​ហាម‌ប្រាម​គេ មិន​ឲ្យ​និយាយ​ប្រាប់​អ្នក​ណា​ជា​ដាច់​ខាត។

22. ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ទៀត​ថា៖ «បុត្រ​មនុស្ស*​ត្រូវ​រង​ទុក្ខ​វេទនា​យ៉ាង​ខ្លាំង។ ពួក​ព្រឹទ្ធា‌ចារ្យ* ពួក​នាយក​បូជា‌ចារ្យ* ពួក​អាចារ្យ* នឹង​បោះ​បង់​លោក​ចោល ថែម​ទាំង​សម្លាប់​លោក​ទៀត​ផង។ ប៉ុន្តែ បី​ថ្ងៃ​ក្រោយ​មក លោក​នឹង​រស់​ឡើង​វិញ»។

23. បន្ទាប់​មក ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ទាំង​អស់​គ្នា​ថា៖ «បើ​អ្នក​ណា​ចង់​មក​តាម​ក្រោយ​ខ្ញុំ ត្រូវ​លះ‌បង់​ខ្លួន​ឯង​ចោល ត្រូវ​លី​ឈើ​ឆ្កាង​របស់​ខ្លួន​រៀង​រាល់​ថ្ងៃ ហើយ​មក​តាម​ខ្ញុំ​ចុះ

24. ដ្បិត​អ្នក​ណា​ចង់​បាន​រួច​ជីវិត អ្នក​នោះ​នឹង​បាត់​បង់​ជីវិត​ពុំ‌ខាន ប៉ុន្តែ អ្នក​ណា​បាត់​បង់​ជីវិត​ព្រោះ​តែ​ខ្ញុំ អ្នក​នោះ​នឹង​បាន​រួច​ជីវិត​វិញ។

25. បើ​មនុស្ស​ម្នាក់​បាន​ពិភព​លោក​ទាំង​មូល​មក​ធ្វើ​ជា​សម្បត្តិ​របស់​ខ្លួន តែ​ត្រូវ​ស្លាប់​បាត់​បង់​ជីវិត​នោះ​មាន​ប្រយោជន៍​អ្វី។

26. បើ​អ្នក​ណា​ខ្មាស​អៀន មិន​ហ៊ាន​ទទួល​ស្គាល់​ខ្ញុំ មិន​ហ៊ាន​ទទួល​ពាក្យ​របស់​ខ្ញុំ​ទេ លុះ​ដល់​បុត្រ​មនុស្ស*​យាង​មក ប្រកប​ដោយ​សិរី‌រុងរឿង​របស់​ព្រះ‌អង្គ ព្រម​ទាំង​សិរី‌រុងរឿង​របស់​ព្រះ‌បិតា និង​របស់​ទេវតា*​ដ៏‌វិសុទ្ធ* ទ្រង់​ក៏​នឹង​ខ្មាស​អៀន មិន​ហ៊ាន​ទទួល​ស្គាល់​អ្នក​នោះ​វិញ​ដែរ។

27. ប្រាកដ​មែន ខ្ញុំ​សុំ​ប្រាប់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ច្បាស់​ថា មនុស្ស​ខ្លះ​ដែល​នៅ​ទី​នេះ​នឹង​មិន​ស្លាប់​ទេ មុន​បាន​ឃើញ​ព្រះ‌រាជ្យ*​របស់​ព្រះ‌ជាម្ចាស់»។

28. ប្រមាណ​ជា​ប្រាំ​បី​ថ្ងៃ ក្រោយ​ពី​ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទាំង​នោះ​មក ព្រះ‌អង្គ​នាំ​លោក​ពេត្រុស លោក​យ៉ូហាន និង​លោក​យ៉ាកុប​ឡើង​ទៅ​លើ​ភ្នំ ដើម្បី​អធិស្ឋាន*។

សូមអានជំពូកពេញលេញ លូកា 9