គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

លូកា 9:12-21 Khmer Standard Version (KHSV)

12. ដល់​ថ្ងៃ​ជិត​លិច សិស្ស​ទាំង​ដប់‌ពីរ​រូប​ចូល​ទៅ​ទូល​ព្រះ‌អង្គ​ថា៖ «សូម​ព្រះ‌អង្គ​ប្រាប់​ឲ្យ​បណ្ដា‌ជន​ចេញ ទៅ​រក​ម្ហូប​អាហារ រក​កន្លែង​ស្នាក់​តាម​ផ្ទះ តាម​ភូមិ​ជិតៗ​នេះ​ទៅ ព្រោះ​ទី​នេះ​ស្ងាត់​ណាស់»។

13. ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​តប​វិញ​ថា៖ «ចូរ​អ្នក​រាល់​គ្នា​យក​ម្ហូប​អាហារ​ឲ្យ​គេ​បរិភោគ​ទៅ»។ ពួក​សិស្ស​ទូល​ព្រះ‌អង្គ​ថា៖ «យើង​ខ្ញុំ​មាន​នំប៉័ង​តែ​ប្រាំ​ដុំ និង​ត្រី‌ងៀត​ពីរ​កន្ទុយ​ប៉ុណ្ណោះ ធ្វើ​ម្ដេច​នឹង​គ្រាន់ មាន​តែ​ទៅ​ទិញ​អាហារ​សម្រាប់​ប្រជា‌ជន​ទាំង​នេះ!»។

14. នៅ​ទី​នោះ មាន​មនុស្ស​ប្រុស​ប្រមាណ​ប្រាំ​ពាន់​នាក់។ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​កាន់​សិស្ស​ថា៖ «ចូរ​អ្នក​រាល់​គ្នា​ប្រាប់​គេ​ឲ្យ​អង្គុយ​ចុះ​ជា​ក្រុមៗ ក្នុង​មួយ​ក្រុម​ហា‌សិប​នាក់»។

15. ពួក​សិស្ស​ក៏​ធ្វើ​តាម គឺ​ប្រាប់​គេ​ឲ្យ​អង្គុយ​ចុះ​ទាំង​អស់​គ្នា។

16. ព្រះ‌យេស៊ូ​យក​នំប៉័ង​ទាំង​ប្រាំ​ដុំ និង​ត្រី​ពីរ​កន្ទុយ​នោះ​មក​កាន់ ទ្រង់​ងើប​ព្រះ‌ភ័ក្ត្រ​ឡើង​លើ សរសើរ​តម្កើង​ព្រះ‌ជាម្ចាស់ ហើយ​កាច់​ប្រទាន​ឲ្យ​សិស្ស ដើម្បី​ឲ្យ​គេ​ចែក​បណ្ដា‌ជន​បរិភោគ។

17. គេ​បាន​បរិភោគ​ឆ្អែត​គ្រប់ៗ​គ្នា រួច​ប្រមូល​នំប៉័ង​ដែល​នៅ​សល់​បាន​ពេញ​ដប់‌ពីរ​ល្អី។

18. ថ្ងៃ​មួយ ពេល​ព្រះ‌យេស៊ូ​នៅ​អធិស្ឋាន*​ដាច់​ឡែក​ពី​បណ្ដា‌ជន ពួក​សិស្ស*​ក៏​នៅ​ជា​មួយ​ព្រះ‌អង្គ​ដែរ។ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​សួរ​គេ​ថា៖ «តើ​មហា‌ជន​ទាំង‌ឡាយ​ថា ខ្ញុំ​ជា​នរណា?»។

19. ពួក​សិស្ស​ទូល​ឆ្លើយ​ថា៖ «អ្នក​ខ្លះ​ថា លោក​គ្រូ​ជា​លោក​យ៉ូហាន‌បាទីស្ដ អ្នក​ខ្លះ​ថា លោក​ជា​ព្យាការី​អេលីយ៉ា ហើយ​អ្នក​ខ្លះ​ទៀត​ថា លោក​ជា​ព្យាការី​មួយ​រូប​ពី​សម័យ​បុរាណ​ដែល​រស់​ឡើង​វិញ»។

20. ព្រះ‌យេស៊ូ​សួរ​ទៀត​ថា៖ «ចុះ​អ្នក​រាល់​គ្នា​វិញ តើ​អ្នក​រាល់​គ្នា​ថា​ខ្ញុំ​ជា​នរណា​ដែរ?»។ លោក​ពេត្រុស​ទូល​ព្រះ‌អង្គ​ថា៖ «លោក​ជា​ព្រះ‌គ្រិស្ដ*​ដែល​ព្រះ‌ជាម្ចាស់​ចាត់​ឲ្យ​មក»។

21. ព្រះ‌យេស៊ូ​ក៏​ហាម‌ប្រាម​គេ មិន​ឲ្យ​និយាយ​ប្រាប់​អ្នក​ណា​ជា​ដាច់​ខាត។

សូមអានជំពូកពេញលេញ លូកា 9