គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

លូកា 8:8-25 Khmer Standard Version (KHSV)

8. មាន​គ្រាប់​ពូជ​ខ្លះ​ទៀត ធ្លាក់​ទៅ​លើ​ដី​មាន​ជី‌ជាតិ​ល្អ គ្រាប់​ពូជ​ដុះ​ឡើង ឲ្យ​ផល​មួយ​ជា​មួយ​រយ»។ ព្រះ‌យេស៊ូ​បន្លឺ​ព្រះ‌សូរសៀង​ថែម​ទៀត​ថា៖ «អស់​អ្នក​ដែល​ឮ​ពាក្យ​នេះ សូម​យក​ទៅ​ពិចារណា​ចុះ!»។

9. សិស្ស*​របស់​ព្រះ‌យេស៊ូ​ទូល​សួរ​ព្រះ‌អង្គ​ថា៖ «តើ​ពាក្យ​ប្រស្នា​នោះ​មាន​ន័យ​ដូច​ម្ដេច?»។

10. ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​តប​ថា៖ «ព្រះ‌ជាម្ចាស់​បាន​ប្រោស​ប្រទាន​ឲ្យ​អ្នក​រាល់​គ្នា យល់​គម្រោង‌ការ​ដ៏​លាក់​កំបាំង​នៃ​ព្រះ‌រាជ្យ*​របស់​ព្រះ‌អង្គ។ ចំពោះ​អ្នក​ដទៃ ព្រះ‌អង្គ​ប្រើ​ជា​ពាក្យ​ប្រស្នា​វិញ។ ដូច្នេះ ទោះ​បី​គេ​មើល​ក៏​ពុំ​ឃើញ ទោះ​បី​គេ​ស្ដាប់​ក៏​ពុំ​យល់​ដែរ។

11. រីឯ​ប្រស្នា​នោះ​មាន​ន័យ​ដូច​ត​ទៅ: គ្រាប់​ពូជ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌ជាម្ចាស់។

12. មនុស្ស​ខ្លះ​ប្រៀប​បី​ដូច​ជា​ផ្លូវ ដែល​គ្រាប់​ពូជ​ធ្លាក់ គេ​បាន​ស្ដាប់​ព្រះ‌បន្ទូល តែ​មារ​សាតាំង*​មក​ឆក់​យក​ពី​ចិត្ត​គេ ដើម្បី​កុំ​ឲ្យ​គេ​ជឿ និង​កុំ​ឲ្យ​គេ​រួច​ជីវិត។

13. មនុស្ស​ខ្លះ​ទៀត​ប្រៀប​បី​ដូច​ជា​ដី​មាន​ថ្ម កាល​បាន​ស្ដាប់​ព្រះ‌បន្ទូល​ហើយ គេ​ទទួល​យក​ដោយ​អំណរ។ ប៉ុន្តែ គេ​ជឿ​តែ​មួយ‌ភ្លែត ពុំ​ទុក​ឲ្យ​ព្រះ‌បន្ទូល​ចាក់​ឫស​ឡើយ គេ​បោះ​បង់​ចោល​ជំនឿ​នៅ​ពេល​ណា​មាន​ការ​ល្បួង។

14. គ្រាប់​ពូជ​ដែល​ធ្លាក់​ទៅ​លើ​ដី​មាន​បន្លា ប្រៀប​បី​ដូច​ជា​អស់​អ្នក​ដែល​បាន​ស្ដាប់​ព្រះ‌បន្ទូល តែ​ចិត្ត​ខ្វល់​ខ្វាយ ចិត្ត​លោភ‌លន់​ចង់​បាន​ទ្រព្យ‌សម្បត្តិ និង​ចិត្ត​ស្រើប‌ស្រាល មក​រួប​រឹត​ផល​ផ្លែ​មិន​ឲ្យ​ទុំ​បាន​ឡើយ។

15. រីឯ​គ្រាប់​ពូជ​ធ្លាក់​ទៅ​លើ​ដី​មាន​ជី‌ជាតិ​ល្អ ប្រៀប​បី​ដូច​ជា​អស់​អ្នក​ដែល​ស្ដាប់​ព្រះ‌បន្ទូល ហើយ​ចង​ចាំ​ទុក​យ៉ាង​ស្មោះ​អស់​ពី​ចិត្ត រហូត​ដល់​បាន​បង្កើត​ផល​ផ្លែ​ជា​ច្រើន ដោយ​ចិត្ត​ស៊ូ‌ទ្រាំ»។

16. «ពុំ​ដែល​មាន​នរណា​អុជ​ចង្កៀង ហើយ​យក​ធុង​មក​គ្រប​ពី​លើ ឬ​យក​ទៅ​ដាក់​ក្រោម​គ្រែ​ឡើយ។ គេ​តែង​យក​ចង្កៀង​ទៅ​ដាក់​លើ​ជើង​ចង្កៀង ដើម្បី​បំភ្លឺ​អស់​អ្នក​ដែល​ចូល​ក្នុង​ផ្ទះ។

17. គ្រប់​ការ​លាក់​កំបាំង​នឹង​ត្រូវ​បើក​ឲ្យ​គេ​ដឹង ហើយ​គ្រប់​អាថ៌‌កំបាំង​ក៏​នឹង​លេច​មក​ឲ្យ​មនុស្ស​គ្រប់​គ្នា​ស្គាល់​ច្បាស់​ដែរ។

18. ដូច្នេះ ចូរ​ប្រុង​ប្រយ័ត្ន​អំពី​របៀប​ដែល​អ្នក​រាល់​គ្នា​ស្ដាប់ ព្រោះ​អ្នក​ណា​មាន​ហើយ ព្រះ‌ជាម្ចាស់​នឹង​ប្រទាន​ឲ្យ​ថែម​ទៀត​តែ​អ្នក​ណា​ដែល​គ្មាន ព្រះ‌អង្គ​នឹង​ហូត​យក​នូវ​អ្វីៗ​ដែល​ខ្លួន​ស្មាន​ថា​មាន​នោះ​ផង»។

19. មាតា និង​បង‌ប្អូន​របស់​ព្រះ‌យេស៊ូ​នាំ​គ្នា​មក​រក​ព្រះ‌អង្គ ប៉ុន្តែ មិន​អាច​ចូល​ទៅ​ជិត​ព្រះ‌អង្គ​បាន​ឡើយ ព្រោះ​មាន​មនុស្ស​ច្រើន​ពេក។

20. មាន​គេ​ទូល​ព្រះ‌អង្គ​ថា៖ «ម្ដាយ​លោក និង​បង‌ប្អូន​លោក​នៅ​ខាង​ក្រៅ ចង់​ជួប​លោក»។

21. ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «អស់​អ្នក​ដែល​ស្ដាប់​ព្រះ‌បន្ទូល​របស់​ព្រះ‌ជាម្ចាស់ ហើយ​ប្រតិបត្តិ​តាម គឺ​អ្នក​នោះ​ហើយ​ជា​ម្ដាយ និង​ជា​បង‌ប្អូន​របស់​ខ្ញុំ»។

22. ថ្ងៃ​មួយ ព្រះ‌យេស៊ូ​យាង​ចុះ​ទូក​ជា​មួយ​សិស្ស ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ថា៖ «យើង​នាំ​គ្នា​ឆ្លង​ទៅ​ត្រើយ​ម្ខាង»។ ពួក​សិស្ស​ក៏​ចេញ​ទូក​ទៅ​ជា​មួយ​ព្រះ‌អង្គ។

23. ពេល​ឆ្លង​ទៅ​នោះ ព្រះ‌យេស៊ូ​ផ្ទំ​លក់ ស្រាប់​តែ​មាន​ខ្យល់​ព្យុះ​បក់​បោក​យ៉ាង​ខ្លាំង​មក​លើ​បឹង បណ្ដាល​ឲ្យ​ទឹក​ជះ​ចូល​ពេញ​ទូក ហើយ​ទាំង​អស់​គ្នា​ស្ថិត​ក្នុង​ភាព​អាសន្ន។

24. ពួក​សិស្ស​ចូល​ទៅ​ជិត​ព្រះ‌យេស៊ូ ដាស់​ព្រះ‌អង្គ​ថា៖ «ព្រះ‌គ្រូ! ព្រះ‌គ្រូ! យើង​ស្លាប់​ឥឡូវ​ហើយ»។ ព្រះ‌យេស៊ូ​តើន​ឡើង មាន​ព្រះ‌បន្ទូល​គំរាម​ខ្យល់​ព្យុះ និង​រលក​យ៉ាង​ម៉ឺង‌ម៉ាត់។ ខ្យល់​ព្យុះ និង​រលក​ក៏​ស្ងប់ ហើយ​ផ្ទៃ​ទឹក​ក៏​រាប​ស្មើ​ដូច​ធម្មតា​វិញ។

25. ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​ពួក​សិស្ស​ថា៖ «ជំនឿ​របស់​អ្នក​រាល់​គ្នា​នៅ​ឯ​ណា?»។ ពួក​សិស្ស​ភ័យ​ស្ញប់‌ស្ញែង ព្រម​ទាំង​ស្ងើច​សរសើរ​ផង គេ​និយាយ​គ្នា​ទៅ​វិញ​ទៅ​មក​ថា៖ «តើ​លោក​នេះ​មាន​ឋានៈ​អ្វី បាន​ជា​បញ្ជា​ទៅ​ខ្យល់ និង​ទឹក ហើយ​ខ្យល់ និង​ទឹក​ស្ដាប់​តាម​បង្គាប់​លោក​ដូច្នេះ?»។

សូមអានជំពូកពេញលេញ លូកា 8