គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

លូកា 8:35-46 Khmer Standard Version (KHSV)

35. មនុស្ស‌ម្នា​នាំ​គ្នា​ចេញ​ទៅ​មើល​ហេតុ‌ការណ៍​នោះ។ គេ​ចូល​មក​រក​ព្រះ‌យេស៊ូ ឃើញ​បុរស​ដែល​អារក្ស​ចូល​ពី​មុន អង្គុយ​នៅ​ទៀប​ព្រះ‌បាទា​ព្រះ‌អង្គ គាត់​ស្លៀក​ពាក់​ដឹង​ស្មារតី​ដូច​ធម្មតា គេ​ក៏​ស្ញែង​ខ្លាច​ព្រះ‌អង្គ។

36. អស់​អ្នក​ដែល​បាន​ឃើញ​ផ្ទាល់​នឹង​ភ្នែក នាំ​គ្នា​រៀប​រាប់​អំពី​របៀប​ដែល​ព្រះ‌យេស៊ូ​ប្រោស​បុរស​អារក្ស​ចូល​នោះ​ឲ្យ​បាន​ជា។

37. អ្នក​ស្រុក​នៅ​តំបន់​គេរ៉ា‌ស៊ីន​ទាំង​អស់​អង្វរ​ព្រះ‌យេស៊ូ ឲ្យ​ចាក​ចេញ​ពី​ស្រុក​ភូមិ​របស់​គេ ដ្បិត​គេ​ភ័យ​ខ្លាច​ខ្លាំង​ណាស់។ ព្រះ‌យេស៊ូ​ក៏​យាង​ចុះ​ទូក​ត្រឡប់​ទៅ​វិញ។

38. បុរស​ដែល​អារក្ស​ចូល​ពី​មុន​នោះ​បាន​អង្វរ​សុំ​នៅ​ជា​មួយ​ព្រះ‌អង្គ​ដែរ ប៉ុន្តែ ព្រះ‌យេស៊ូ​មិន​យល់​ព្រម​ទេ។ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ថា៖

39. «ចូរ​អ្នក​ត្រឡប់​ទៅ​ផ្ទះ​វិញ​ចុះ ហើយ​រៀប​រាប់​ហេតុ‌ការណ៍​ទាំង​ប៉ុន្មាន ដែល​ព្រះ‌ជាម្ចាស់​បាន​ប្រោស​ដល់​អ្នក»។ បុរស​នោះ​ចេញ​ទៅ ប្រកាស​ប្រាប់​ឲ្យ​អ្នក​ក្រុង​ដឹង​អំពី​ការ​ទាំង​អស់ ដែល​ព្រះ‌យេស៊ូ​បាន​ប្រោស​ដល់​គាត់។

40. ពេល​ព្រះ‌យេស៊ូ​យាង​ត្រឡប់​មក​ពី​ត្រើយ​ម្ខាង​វិញ បណ្ដា‌ជន​នាំ​គ្នា​មក​ទទួល​ព្រះ‌អង្គ ព្រោះ​គេ​ចាំ​មើល​ផ្លូវ​ព្រះ‌អង្គ​គ្រប់ៗ​គ្នា។

41. មាន​អ្នក​ទទួល​ខុស​ត្រូវ​លើ​សាលា​ប្រជុំ*​ម្នាក់ ឈ្មោះ​យ៉ៃរូស​ចូល​មក​ជិត​ព្រះ‌យេស៊ូ ក្រាប​ទៀប​ព្រះ‌បាទា​ព្រះ‌អង្គ អង្វរ​សូម​ព្រះ‌អង្គ​យាង​ទៅ​ផ្ទះ​គាត់

42. ដ្បិត​គាត់​មាន​កូន​ស្រី​តែ​មួយ អាយុ​ប្រហែល​ដប់‌ពីរ​ឆ្នាំ កំពុង​ឈឺ ជិត​ស្លាប់។ កាល​ព្រះ‌យេស៊ូ​យាង​ទៅ នៅ​តាម​ផ្លូវ មាន​មហា‌ជន​ប្រជ្រៀត​គ្នា​ជុំ‌វិញ​ព្រះ‌អង្គ។

43. ពេល​នោះ មាន​ស្ត្រី​ម្នាក់​កើត​ជំងឺ​ធ្លាក់​ឈាម​ដប់‌ពីរ​ឆ្នាំ​មក​ហើយ នាង​បាន​ចំណាយ​ទ្រព្យ‌សម្បត្តិ​ដែល​នាង​មាន​ទាំង​ប៉ុន្មាន ដើម្បី​ឲ្យ​គ្រូ​ពេទ្យ​ព្យាបាល តែ​គ្មាន​គ្រូ​ពេទ្យ​ណា​អាច​មើល​នាង​ជា​បាន​ឡើយ។

44. នាង​មក​ពី​ក្រោយ​ព្រះ‌យេស៊ូ ហើយ​ពាល់​ជាយ​ព្រះ‌ពស្ដ្រ​ព្រះ‌អង្គ ស្រាប់​តែ​ឈាម​ឈប់​ធ្លាក់​មួយ​រំពេច។

45. ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​សួរ​ថា៖ «នរណា​ពាល់​ខ្ញុំ?»។ គេ​ប្រកែក​គ្រប់​គ្នា​ថា គេ​មិន​បាន​ពាល់​ព្រះ‌អង្គ​ទេ។ លោក​ពេត្រុស​ទូល​ថា៖ «ព្រះ‌គ្រូ​អើយ បណ្ដា‌ជន​ប្រជ្រៀត​គ្នា​នៅ​ជុំ‌វិញ​ព្រះ‌គ្រូ ហើយ​គេ​ប៉ះ​ព្រះ‌គ្រូ​ទាំង​អស់​គ្នា»។

46. ប៉ុន្តែ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ថា៖ «មាន​ម្នាក់​ពិត​ជា​បាន​ពាល់​ខ្ញុំ ព្រោះ​ខ្ញុំ​ដឹង​ថា​មាន​ឫទ្ធា‌នុភាព​មួយ​ចេញ​ពី​ខ្លួន​ខ្ញុំ​ទៅ»។

សូមអានជំពូកពេញលេញ លូកា 8