គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

លូកា 8:24-32 Khmer Standard Version (KHSV)

24. ពួក​សិស្ស​ចូល​ទៅ​ជិត​ព្រះ‌យេស៊ូ ដាស់​ព្រះ‌អង្គ​ថា៖ «ព្រះ‌គ្រូ! ព្រះ‌គ្រូ! យើង​ស្លាប់​ឥឡូវ​ហើយ»។ ព្រះ‌យេស៊ូ​តើន​ឡើង មាន​ព្រះ‌បន្ទូល​គំរាម​ខ្យល់​ព្យុះ និង​រលក​យ៉ាង​ម៉ឺង‌ម៉ាត់។ ខ្យល់​ព្យុះ និង​រលក​ក៏​ស្ងប់ ហើយ​ផ្ទៃ​ទឹក​ក៏​រាប​ស្មើ​ដូច​ធម្មតា​វិញ។

25. ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​ពួក​សិស្ស​ថា៖ «ជំនឿ​របស់​អ្នក​រាល់​គ្នា​នៅ​ឯ​ណា?»។ ពួក​សិស្ស​ភ័យ​ស្ញប់‌ស្ញែង ព្រម​ទាំង​ស្ងើច​សរសើរ​ផង គេ​និយាយ​គ្នា​ទៅ​វិញ​ទៅ​មក​ថា៖ «តើ​លោក​នេះ​មាន​ឋានៈ​អ្វី បាន​ជា​បញ្ជា​ទៅ​ខ្យល់ និង​ទឹក ហើយ​ខ្យល់ និង​ទឹក​ស្ដាប់​តាម​បង្គាប់​លោក​ដូច្នេះ?»។

26. ព្រះ‌យេស៊ូ និង​សិស្ស* បាន​មក​ដល់​ក្រុង​គេរ៉ា‌ស៊ីន​នៅ​ត្រើយ​ម្ខាង ទល់​មុខ​ស្រុក​កាលី‌ឡេ។

27. កាល​ព្រះ‌អង្គ​យាង​ឡើង​គោក មាន​បុរស​ម្នាក់​ចេញ​ពី​ក្រុង​មក​រក​ព្រះ‌អង្គ។ គាត់​មាន​អារក្ស​ចូល ហើយ​មិន​ស្លៀក​ពាក់ មិន​រស់​នៅ​ក្នុង​ផ្ទះ​តាំង​ពី​យូរ​មក​ហើយ គឺ​គាត់​ស្នាក់​នៅ​តែ​តាម​ទី​បញ្ចុះ​សព។

28. ពេល​គាត់​ឃើញ​ព្រះ‌យេស៊ូ គាត់​ក្រាប​ទៀប​ព្រះ‌បាទា​ព្រះ‌អង្គ ហើយ​ស្រែក​យ៉ាង​ខ្លាំង​ថា៖ «ឱ​ព្រះ‌យេស៊ូ​ជា​ព្រះ‌បុត្រា​របស់​ព្រះ‌ជាម្ចាស់​ដ៏​ខ្ពង់‌ខ្ពស់​បំផុត​អើយ! តើ​ព្រះ‌អង្គ​ចង់​ធ្វើ​អ្វី​ទូលបង្គំ? សូម​មេត្តា​កុំ​ធ្វើ​ទុក្ខ​ទោស​ទូលបង្គំ​អី»។

29. វិញ្ញាណ​អាក្រក់​ទូល‌អង្វរ​ដូច្នេះ ព្រោះ​ព្រះ‌យេស៊ូ​បាន​បញ្ជា​វា​ឲ្យ​ចេញ​ពី​បុរស​នោះ វា​ចូល​គាត់​ច្រើន​លើក​ច្រើន​សា​មក​ហើយ។ គេ​បាន​យក​ច្រវាក់​ចង​ដៃ​ចង​ជើង​គាត់ និង​ដាក់​ខ្នោះ​ទុក​មួយ​កន្លែង តែ​គាត់​កាច់​ច្រវាក់​បាន ហើយ​អារក្ស​នាំ​គាត់​ទៅ​ទី​ស្ម‌សាន។

30. ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​សួរ​ថា៖ «ឯង​ឈ្មោះ​អី?»។ វា​ឆ្លើយ​ថា៖ «ទូលបង្គំ​ឈ្មោះ​កង‌ទ័ព»។ វា​ឆ្លើយ​ដូច្នេះ ព្រោះ​មាន​អារក្ស​ជា​ច្រើន​ចូល​ក្នុង​បុរស​នោះ។

31. អារក្ស​ទាំង​នោះ​បាន​ទទូច​អង្វរ​ព្រះ‌យេស៊ូ សូម​កុំ​ឲ្យ​ព្រះ‌អង្គ​បញ្ជូន​ពួក​វា​ទៅ​នរក​អវិចី​ឡើយ។

32. នៅ​ក្បែរ​នោះ មាន​ជ្រូក​មួយ​ហ្វូង​ធំ​កំពុង​រក​ស៊ី​តាម​ចង្កេះ​ភ្នំ។ ពួក​អារក្ស​បាន​អង្វរ​ព្រះ‌អង្គ សូម​អនុញ្ញាត​ឲ្យ​វា​ចូល​ក្នុង​ជ្រូក​ទាំង​នោះ ព្រះ‌យេស៊ូ​ក៏​អនុញ្ញាត​ឲ្យ។

សូមអានជំពូកពេញលេញ លូកា 8