គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

លូកា 8:1-8 Khmer Standard Version (KHSV)

1. បន្ទាប់​មក​ទៀត ព្រះ‌យេស៊ូ​យាង​ទៅ​តាម​ក្រុង តាម​ភូមិ​នានា ទាំង​ប្រកាស និង​ផ្សព្វ‌ផ្សាយ​ដំណឹង‌ល្អ*​អំពី​ព្រះ‌រាជ្យ*​របស់​ព្រះ‌ជាម្ចាស់។ សាវ័ក*​ទាំង​ដប់‌ពីរ​រូប​ទៅ​ជា​មួយ​ព្រះ‌អង្គ

2. ហើយ​មាន​ស្ត្រី​ខ្លះ​ទៀត​ដែល​ព្រះ‌អង្គ​បាន​ប្រោស​ឲ្យ​ជា​ពី​ជំងឺ និង​បណ្ដេញ​វិញ្ញាណ​អាក្រក់​ចេញ ក៏​តាម​ទៅ​ជា​មួយ​ដែរ គឺ​មាន​នាង​ម៉ារី​ជា​អ្នក​ស្រុក​ម៉ាដា‌ឡា ដែល​ព្រះ‌អង្គ​បាន​ដេញ​អារក្ស​ប្រាំ‌ពីរ​ចេញ​ពី​នាង

3. នាង​យ៉ូអាន់ ភរិយា​របស់​ឃូសា ជា​មហា‌តលិក​របស់​ព្រះ‌បាទ​ហេរ៉ូដ នាង​ស៊ូសាន ព្រម​ទាំង​ស្ត្រី​ឯ​ទៀតៗ​ជា​ច្រើន ដែល​បាន​ចំណាយ​ធន‌ធាន​របស់​ខ្លួន ដើម្បី​ទំនុក​បម្រុង​ព្រះ‌យេស៊ូ និង​សិស្ស*​របស់​ព្រះ‌អង្គ។

4. មាន​បណ្ដា‌ជន​ច្រើន​កុះ‌ករ​ចេញ​ពី​ទីក្រុង​នានា មក​រក​ព្រះ‌យេស៊ូ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ជា​ប្រស្នា​ដូច​ត​ទៅ៖

5. «មាន​បុរស​ម្នាក់​ចេញ​ទៅ​ព្រោះ​គ្រាប់​ពូជ។ ពេល​គាត់​ព្រោះ មាន​គ្រាប់​ពូជ​ខ្លះ​ធ្លាក់​ទៅ​លើ​ផ្លូវ ត្រូវ​គេ​ដើរ​ជាន់ ហើយ​សត្វ​មក​ចឹក​ស៊ី​អស់​ទៅ។

6. មាន​គ្រាប់​ពូជ​ខ្លះ​ទៀត​ធ្លាក់​ទៅ​លើ​ដី​មាន​ថ្ម កាល​ពន្លក​ដុះ​ឡើង ក៏​ក្រៀម​ស្វិត​ទៅ​វិញ ព្រោះ​ខ្វះ​ទឹក។

7. មាន​គ្រាប់​ពូជ​ខ្លះ​ទៀត​ធ្លាក់​ទៅ​លើ​ដី​មាន​បន្លា។ បន្លា​ដុះ​ឡើង​ជា​មួយ​គ្រាប់​ពូជ ហើយ​រួប​រឹត​គ្រាប់​ពូជ​នោះ​មិន​ឲ្យ​ដុះ​ឡើង​បាន។

8. មាន​គ្រាប់​ពូជ​ខ្លះ​ទៀត ធ្លាក់​ទៅ​លើ​ដី​មាន​ជី‌ជាតិ​ល្អ គ្រាប់​ពូជ​ដុះ​ឡើង ឲ្យ​ផល​មួយ​ជា​មួយ​រយ»។ ព្រះ‌យេស៊ូ​បន្លឺ​ព្រះ‌សូរសៀង​ថែម​ទៀត​ថា៖ «អស់​អ្នក​ដែល​ឮ​ពាក្យ​នេះ សូម​យក​ទៅ​ពិចារណា​ចុះ!»។

សូមអានជំពូកពេញលេញ លូកា 8