គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

លូកា 7:37-50 Khmer Standard Version (KHSV)

37. នៅ​ក្រុង​នោះ មាន​ស្ត្រី​ម្នាក់​មាន​កេរ្តិ៍‌ឈ្មោះ​មិន​ល្អ។ ពេល​ឮ​ថា​ព្រះ‌យេស៊ូ​គង់​នៅ​ក្នុង​ផ្ទះ​អ្នក​ខាង​គណៈ‌ផារីស៊ី* នោះ​នាង​យក​ដប​ថ្ម​កែវ​ដាក់​ប្រេង​ក្រអូប​ចូល​មក។

38. នាង​នៅ​ពី​ក្រោយ​ព្រះ‌យេស៊ូ ក្រាប​ទៀប​ព្រះ‌បាទា​ព្រះ‌អង្គ នាង​យំ សម្រក់​ទឹក​ភ្នែក​ជោក​ព្រះ‌បាទា​ព្រះ‌យេស៊ូ ហើយ​យក​សក់​មក​ជូត។ បន្ទាប់​មក នាង​ថើប រួច​យក​ប្រេង​ក្រអូប​មក​ចាក់​ពី​លើ​ផង។

39. ពេល​បុរស​ម្ចាស់​ផ្ទះ​ឃើញ​ដូច្នោះ គាត់​រិះគិត​ក្នុង​ចិត្ត​ថា៖ «បើ​លោក​នេះ​ពិត​ជា​ព្យាការី*​មែន ច្បាស់​ជា​លោក​ជ្រាប​ថា ស្ត្រី​ដែល​ពាល់​លោក​នេះ ជា​ស្ត្រី​ប្រភេទ​ណា​ពុំ‌ខាន គឺ​នាង​ជា​មនុស្ស​បាប»។

40. ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​បុរស​ខាង​គណៈ‌ផារីស៊ី​នោះ​ថា៖ «លោក​ស៊ីម៉ូន ខ្ញុំ​ចង់​និយាយ​រឿង​មួយ​ជា​មួយ​លោក»។ លោក​ស៊ីម៉ូន​ទូល​តប​ទៅ​ព្រះ‌អង្គ​ថា៖ «សូម​លោក​គ្រូ​មាន​ប្រសាសន៍​មក​ចុះ»។

41. ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ថា៖ «មាន​មនុស្ស​ពីរ​នាក់​ជំពាក់​ប្រាក់​គេ ម្នាក់​ជំពាក់​ប្រាំ​រយ ម្នាក់​ទៀត​ហា‌សិប។

42. ដោយ​អ្នក​ទាំង​ពីរ​គ្មាន​ប្រាក់​សង ម្ចាស់​ប្រាក់​ក៏​លុប​បំណុល​ចោល ឈប់​ទារ​ពី​អ្នក​ទាំង​ពីរ​នោះ​ទៅ។ ក្នុង​ចំណោម​អ្នក​ទាំង​ពីរ តើ​អ្នក​ណា​ស្រឡាញ់​ម្ចាស់​បំណុល​ជាង?»។

43. លោក​ស៊ីម៉ូន​ទូល​ឆ្លើយ​ថា៖ «តាម​យោបល់​ខ្ញុំ គឺ​អ្នក​ដែល​ជំពាក់​ប្រាក់​ច្រើន​ជាង»។ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​លោក​ស៊ីម៉ូន​ថា៖ «លោក​មាន​យោបល់​ត្រឹម​ត្រូវ​មែន»។

44. បន្ទាប់​មក ព្រះ‌អង្គ​បែរ​ទៅ​រក​ស្ត្រី​នោះ រួច​មាន​ព្រះ‌បន្ទូល​ទៅ​លោក​ស៊ីម៉ូន​ថា៖ «សូម​មើល​ស្ត្រី​នេះ​ចុះ! ខ្ញុំ​បាន​ចូល​មក​ក្នុង​ផ្ទះ​លោក តែ​លោក​ពុំ​បាន​យក​ទឹក​មក​លាង​ជើង​ខ្ញុំ​ទេ រីឯ​នាង នាង​បាន​សម្រក់​ទឹក​ភ្នែក​ជោក​ជើង​ខ្ញុំ ព្រម​ទាំង​យក​សក់​នាង​មក​ជូត​ទៀត​ផង។

45. លោក​មិន​បាន​ថើប​ខ្ញុំ​ទេ រីឯ​នាង​វិញ តាំង​ពី​ខ្ញុំ​ចូល​មក នាង​ចេះ​តែ​ថើប​ជើង​ខ្ញុំ ឥត​ឈប់​ឈរ​សោះ​ឡើយ។

46. លោក​មិន​បាន​យក​ប្រេង​មក​លាប​ក្បាល​ខ្ញុំ​ទេ រីឯ​នាង​វិញ នាង​បាន​ចាក់​ប្រេង​ក្រអូប​លាប​ជើង​ខ្ញុំ។

47. ហេតុ​នេះ​ហើយ ខ្ញុំ​សុំ​ប្រាប់​ឲ្យ​លោក​ដឹង​ថា នាង​សម្តែង​សេចក្ដី​ស្រឡាញ់​ជា​ខ្លាំង​យ៉ាង​នេះ ព្រោះ​ព្រះ‌ជាម្ចាស់​បាន​ប្រោស​ឲ្យ​នាង​រួច​ពី​បាប​ជា​ច្រើន។ រីឯ​អ្នក​ដែល​ព្រះ‌ជាម្ចាស់​លើក‌លែង​ទោស​ឲ្យ​តិច ក៏​សម្តែង​សេចក្ដី​ស្រឡាញ់​តិច​ដែរ»។

48. ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​ស្ត្រី​នោះ​ថា៖ «ខ្ញុំ​អត់‌ទោស​ឲ្យ​នាង​បាន​រួច​ពី​បាប​ហើយ»។

49. អស់​អ្នក​ដែល​អង្គុយ​រួម​តុ​ជា​មួយ រិះគិត​ក្នុង​ចិត្ត​រៀងៗ​ខ្លួន​ថា៖ «តើ​លោក​នេះ​មាន​ឋានៈ​អ្វី បាន​ជា​ហ៊ាន​អត់‌ទោស​ឲ្យ​មនុស្ស​រួច​ពី​បាប​ដូច្នេះ?»។

50. ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​នាង​ទៀត​ថា៖ «ជំនឿ​របស់​នាង​បាន​សង្គ្រោះ​នាង​ហើយ សូម​អញ្ជើញ​ទៅ​វិញ​ដោយ​សុខ‌សាន្ត​ចុះ»។

សូមអានជំពូកពេញលេញ លូកា 7