គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

លូកា 6:32-45 Khmer Standard Version (KHSV)

32. បើ​អ្នក​រាល់​គ្នា​ស្រឡាញ់​តែ​មនុស្ស​ដែល​ស្រឡាញ់​អ្នក​រាល់​គ្នា តើ​នឹង​មាន​គុណ​បំណាច់​អ្វី? សូម្បី​តែ​មនុស្ស​បាប​ក៏​ចេះ​ស្រឡាញ់​គ្នា​គេ​ដែរ

33. ហើយ​បើ​អ្នក​រាល់​គ្នា​ធ្វើ​អំពើ​ល្អ​តែ​ជា​មួយ​មនុស្ស​ណា​ដែល​ធ្វើ​អំពើ​ល្អ​ដល់​អ្នក​រាល់​គ្នា តើ​នឹង​មាន​គុណ​បំណាច់​អ្វី? សូម្បី​តែ​មនុស្ស​បាប​ក៏​ចេះ​ធ្វើ​អំពើ​ល្អ​ដល់​គ្នា​គេ​ដែរ។

34. បើ​អ្នក​រាល់​គ្នា​ឲ្យ​គេ​ខ្ចី ដោយ​សង្ឃឹម​ថា​នឹង​បាន​សំណង​វិញ តើ​នឹង​មាន​គុណ​បំណាច់​អ្វី? សូម្បី​តែ​មនុស្ស​បាប​ក៏​ឲ្យ​គ្នា​គេ​ខ្ចី ដើម្បី​ទទួល​សំណង​ដូច​ដើម​វិញ​ដែរ។

35. ចូរ​ស្រឡាញ់​ខ្មាំង​សត្រូវ​របស់​ខ្លួន ហើយ​ប្រព្រឹត្ត​អំពើ​ល្អ​ដល់​គេ ព្រម​ទាំង​ឲ្យ​គេ​ខ្ចី ដោយ​កុំ​នឹក​សង្ឃឹម​ចង់​បាន​អ្វី​វិញ​ឲ្យ​សោះ ពេល​នោះ អ្នក​រាល់​គ្នា​នឹង​ទទួល​រង្វាន់​យ៉ាង​ធំ អ្នក​រាល់​គ្នា​នឹង​បាន​ទៅ​ជា​កូន​របស់​ព្រះ‌ជាម្ចាស់​ដ៏​ខ្ពង់‌ខ្ពស់​បំផុត ដ្បិត​ព្រះ‌អង្គ​ក៏​មាន​ព្រះ‌ហឫទ័យ​សប្បុរស​ចំពោះ​ជន​អកតញ្ញូ និង​ជន​កំណាច​ដែរ។

36. ចូរ​មាន​ចិត្ត​មេត្តា‌ករុណា​ដូច​ព្រះ‌បិតា​របស់​អ្នក​រាល់​គ្នា ដែល​មាន​ព្រះ‌ហឫទ័យ​មេត្តា‌ករុណា»។

37. «កុំ​ថ្កោល​ទោស​អ្នក​ដទៃ​ឲ្យ​សោះ នោះ​ព្រះ‌ជាម្ចាស់​ក៏​មិន​ថ្កោល​ទោស​អ្នក​រាល់​គ្នា​ដែរ។ កុំ​ផ្ដន្ទា‌ទោស​អ្នក​ដទៃ​ឲ្យ​សោះ នោះ​ព្រះ‌ជាម្ចាស់​ក៏​មិន​ផ្ដន្ទា‌ទោស​អ្នក​រាល់​គ្នា​ដែរ។ ត្រូវ​លើក‌លែង​ទោស​ឲ្យ​អ្នក​ដទៃ នោះ​ព្រះ‌ជាម្ចាស់​នឹង​លើក‌លែង​ទោស​ឲ្យ​អ្នក​រាល់​គ្នា។

38. ចូរ​ធ្វើ​អំណោយ​ដល់​អ្នក​ដទៃ នោះ​ព្រះ‌ជាម្ចាស់​នឹង​ប្រទាន​អំណោយ​ដល់​អ្នក​រាល់​គ្នា​ដែរ ទ្រង់​នឹង​ប្រទាន​មក​យ៉ាង​បរិបូណ៌​ហូរ‌ហៀរ។ ព្រះ‌ជាម្ចាស់​នឹង​វាល់​ឲ្យ​អ្នក តាម​រង្វាល់​ដែល​អ្នក​វាល់​ឲ្យ​អ្នក​ដទៃ»។

39. ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ជា​ពាក្យ​ប្រស្នា​ទៅ​គេ​ទៀត​ថា៖ «មនុស្ស​ខ្វាក់​ពុំ​អាច​នាំ​មនុស្ស​ខ្វាក់​ម្នាក់​ទៀត​បាន​ឡើយ។ បើ​ធ្វើ​ដូច្នោះ មុខ​ជា​ធ្លាក់​រណ្ដៅ​ទាំង​ពីរ​នាក់​មិន​ខាន។

40. ពុំ​ដែល​មាន​សិស្ស​ណា​ធំ​ជាង​គ្រូ​ឡើយ ប៉ុន្តែ សិស្ស​ដែល​បាន​ទទួល​ចំណេះ​សព្វ​គ្រប់ អាច​ស្មើ​នឹង​គ្រូ​បាន។

41. ហេតុ​អ្វី​បាន​ជា​អ្នក​មើល​ឃើញ​ល្អង​ធូលី​នៅ​ក្នុង​ភ្នែក​របស់​បង‌ប្អូន​អ្នក តែ​មើល​មិន​ឃើញ​ធ្នឹម​នៅ​ក្នុង​ភ្នែក​របស់​អ្នក​ផ្ទាល់​ដូច្នេះ?

42. បើ​អ្នក​មើល​ធ្នឹម​នៅ​ក្នុង​ភ្នែក​របស់​អ្នក​មិន​ទាំង​ឃើញ​ផង ម្ដេច​ក៏​ហ៊ាន​និយាយ​ទៅ​បង‌ប្អូន​ថា “ទុក​ឲ្យ​ខ្ញុំ​ផ្ដិត​យក​ល្អង​ធូលី​នេះ​ចេញ​ពី​ភ្នែក​អ្នក?”។ មនុស្ស​មាន​ពុត​អើយ! ចូរ​យក​ធ្នឹម​ចេញ​ពី​ភ្នែក​អ្នក​ជា​មុន​សិន ទើប​អ្នក​មើល​ឃើញ​ច្បាស់ ល្មម​នឹង​ផ្ដិត​យក​ល្អង​ធូលី​ចេញ​ពី​ភ្នែក​របស់​បង‌ប្អូន​អ្នក​បាន»។

43. «ដើម​ឈើ​ល្អ​មិន​ដែល​ឲ្យ​ផ្លែ​អាក្រក់​ឡើយ ឯ​ដើម​ឈើ​អាក្រក់​វិញ ក៏​មិន​ដែល​ឲ្យ​ផ្លែ​ល្អ​ដែរ

44. ដ្បិត​គេ​ស្គាល់​ដើម​ឈើ​បាន ដោយ‌សារ​ផ្លែ​វា។ ពុំ​ដែល​មាន​នរណា​បេះ​ផ្លែ​ឧទុម្ពរ* ឬ​ផ្លែ​ទំពាំង‌បាយជូរ​ពី​គុម្ព​បន្លា​ឡើយ។

45. មនុស្ស​ល្អ​តែង​ប្រព្រឹត្ត​អំពើ​ល្អ ព្រោះ​ចិត្ត​របស់​គេ​ល្អ រីឯ​មនុស្ស​អាក្រក់ តែង​ប្រព្រឹត្ត​អំពើ​អាក្រក់ ព្រោះ​ចិត្ត​របស់​គេ​អាក្រក់ ដ្បិត​មាត់​របស់​មនុស្ស​តែង​ស្រដី​ចេញ​មក​នូវ​សេចក្ដី​ណា ដែល​មាន​ពេញ​ហូរ‌ហៀរ​នៅ​ក្នុង​ដួង​ចិត្ត​របស់​ខ្លួន»។

សូមអានជំពូកពេញលេញ លូកា 6