គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

លូកា 6:2-20 Khmer Standard Version (KHSV)

2. មាន​ពួក​ខាង​គណៈ‌ផារីស៊ី*​ខ្លះ​និយាយ​ទៅ​សិស្ស​ទាំង​នោះ​ថា៖ «ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​ធ្វើ​ការ​ដែល​បញ្ញត្តិ​ហាម​មិន​ឲ្យ​ធ្វើ​នៅ​ថ្ងៃ​សប្ប័ទ*​ដូច្នេះ?»។

3. ព្រះ‌យេស៊ូ​តប​ទៅ​គេ​វិញ​ថា៖ «ក្នុង​គម្ពីរ មាន​អត្ថ‌បទ​មួយ​ស្ដី​អំពី​ការ​ដែល​ព្រះ‌បាទ​ដាវីឌ និង​បរិពារ​បាន​ប្រព្រឹត្ត​នៅ​ពេល​ឃ្លាន

4. គឺ​ស្ដេច​បាន​យាង​ចូល​ទៅ​ក្នុង​ដំណាក់​របស់​ព្រះ‌ជាម្ចាស់ យក​នំប៉័ង​ដែល​គេ​តាំង​ថ្វាយ​ព្រះ‌ជាម្ចាស់​មក​សោយ ព្រម​ទាំង​ចែក​ឲ្យ​ពួក​បរិពារ​បរិភោគ​ទៀត​ផង។ តាម​វិន័យ* មាន​តែ​ពួក​បូជា‌ចារ្យ*​ប៉ុណ្ណោះ ដែល​មាន​សិទ្ធិ​បរិភោគ​នំប៉័ង​នោះ​បាន។ តើ​អ្នក​រាល់​គ្នា​ធ្លាប់​អាន​អត្ថ‌បទ​នោះ​ឬ​ទេ?»។

5. ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ទៀត​ថា៖ បុត្រ​មនុស្ស*​ជា​ម្ចាស់​លើ​ថ្ងៃ​សប្ប័ទ*។

6. នៅ​ថ្ងៃ​សប្ប័ទ*​មួយ​ទៀត ព្រះ‌យេស៊ូ​យាង​ចូល​ក្នុង​សាលា​ប្រជុំ* ហើយ​ទ្រង់​បង្រៀន​គេ។ នៅ​ទី​នោះ​មាន​បុរស​ម្នាក់​ស្វិត​ដៃ​ស្ដាំ។

7. ពួក​អាចារ្យ* និង​ពួក​ខាង​គណៈ‌ផារីស៊ី*​តាម​មើល​ព្រះ‌យេស៊ូ ក្រែង​លោ​ព្រះ‌អង្គ​ប្រោស​អ្នក​ជំងឺ​នៅ​ថ្ងៃ​សប្ប័ទ ព្រោះ​គេ​ចង់​រក​លេស​ចោទ​ប្រកាន់​ព្រះ‌អង្គ។

8. ព្រះ‌យេស៊ូ​ឈ្វេង​យល់​ចិត្ត​គំនិត​របស់​ពួក​គេ ទ្រង់​ក៏​មាន​ព្រះ‌បន្ទូល​ទៅ​កាន់​បុរស​ស្វិត​ដៃ​នោះ​ថា៖ «ចូរ​ក្រោក​ឡើង មក​ឈរ​នៅ​កណ្ដាល​គេ​ឯ‌ណេះ!»។ បុរស​នោះ​ក៏​ក្រោក​ឈរ​ឡើង។

9. ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «ខ្ញុំ​សុំ​សួរ​អ្នក​រាល់​គ្នា​ថា នៅ​ថ្ងៃ​សប្ប័ទ តើ​មនុស្ស​មាន​សិទ្ធិ​ធ្វើ​អំពើ​ល្អ ឬ​ធ្វើ​អំពើ​អាក្រក់? តើ​ត្រូវ​សង្គ្រោះ​ជីវិត​មនុស្ស ឬ​ធ្វើ​ឲ្យ​វិនាស​អន្តរាយ?»។

10. ព្រះ‌អង្គ​បែរ​ព្រះ‌ភ័ក្ត្រ​ទត​មើល​មនុស្ស​ទាំង​អស់​ដែល​នៅ​ជុំ‌វិញ រួច​មាន​ព្រះ‌បន្ទូល​ទៅ​បុរស​ស្វិត​ដៃ​នោះ​ថា៖ «ចូរ​លាត​ដៃ​មើល៍!»។ គាត់​ក៏​លាត​ដៃ ហើយ​ដៃ​គាត់​បាន​ជា​ដូច​ដើម​វិញ។

11. ពួក​គេ​ក្ដៅ​ក្រហាយ​យ៉ាង​ខ្លាំង ហើយ​ពិគ្រោះ​គ្នា គិត​ធ្វើ​យ៉ាង​ណា ដើម្បី​ប្រឆាំង​នឹង​ព្រះ‌យេស៊ូ។

12. នៅ​គ្រា​នោះ ព្រះ‌យេស៊ូ​យាង​ឡើង​ទៅ​លើ​ភ្នំ ដើម្បី​អធិស្ឋាន*។ ព្រះ‌អង្គ​អធិស្ឋាន​ពេញ​មួយ​យប់។

13. លុះ​ព្រលឹម​ឡើង ព្រះ‌អង្គ​ត្រាស់​ហៅ​សិស្ស*​មក ក្នុង​ចំណោម​សិស្ស​ទាំង​នោះ ព្រះ‌អង្គ​ជ្រើស​យក​ដប់‌ពីរ​រូប ហើយ​ប្រទាន​ងារ​ជា​ទូត​របស់​ព្រះ‌អង្គ

14. គឺ​មាន​ស៊ីម៉ូន​ដែល​ទ្រង់​ប្រទាន​ឈ្មោះ​ថា ពេត្រុស និង​អនទ្រេ​ជា​ប្អូន​របស់​គាត់ យ៉ាកុប យ៉ូហាន ភីលីព បាថូ‌ឡូមេ

15. ម៉ាថាយ ថូម៉ាស យ៉ាកុប​ជា​កូន​របស់​លោក​អាល់‌ផាយ ស៊ីម៉ូន​ហៅ​អ្នក​ជាតិ​និយម

16. យូដាស​ជា​កូន​លោក​យ៉ាកុប និង​យូដាស​អ៊ីស្កា‌រីយ៉ុត ដែល​នឹង​ក្បត់​ព្រះ‌អង្គ។

17. ព្រះ‌យេស៊ូ​យាង​ចុះ​ពី​លើ​ភ្នំ​ជា​មួយ​សិស្ស*​ទាំង​នោះ​មក​ប្រថាប់​នៅ​ត្រង់​កន្លែង​មួយ​រាប​ស្មើ។ នៅ​ទី​នោះ​មាន​សិស្ស​ជា​ច្រើន និង​ប្រជា‌ជន​ពី​ស្រុក​យូដា ពី​ក្រុង​យេរូ‌សាឡឹម ពី​ក្រុង​ទីរ៉ូស និង​ក្រុង​ស៊ីដូន​នៅ​តាម​មាត់​សមុទ្រ មក​រង់‌ចាំ​ព្រះ‌អង្គ​យ៉ាង​កក‌កុញ។

18. គេ​នាំ​គ្នា​មក​ស្ដាប់​ព្រះ‌អង្គ និង​សូម​ព្រះ‌អង្គ​ប្រោស​គេ​ឲ្យ​ជា​ពី​ជំងឺ។ រីឯ​អស់​អ្នក​ដែល​មាន​វិញ្ញាណ​អាក្រក់​នៅ​ក្នុង​ខ្លួន​ក៏​បាន​ជា​ដែរ។

19. បណ្ដា‌ជន​ប្រជ្រៀត​គ្នា​ចូល​មក​ពាល់​ព្រះ‌យេស៊ូ ដ្បិត​មាន​ឫទ្ធា‌នុភាព​ចេញ​ពី​ព្រះ‌អង្គ​មក ប្រោស​គេ​ឲ្យ​ជា​គ្រប់ៗ​គ្នា។

20. ព្រះ‌យេស៊ូ​ងើប​ព្រះ‌ភ័ក្ត្រ​ទត​មើល​សិស្ស*​របស់​ព្រះ‌អង្គ ហើយ​មាន​ព្រះ‌បន្ទូល​ថា៖«អ្នក​រាល់​គ្នា​ដែល​ជា​ជន​ក្រ‌ខ្សត់​អើយ!អ្នក​មាន​សុភមង្គល*​ហើយដ្បិត​អ្នក​រាល់​គ្នា​បាន​ទទួល​ព្រះ‌រាជ្យ*របស់​ព្រះ‌ជាម្ចាស់។

សូមអានជំពូកពេញលេញ លូកា 6