គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

លូកា 4:3-21 Khmer Standard Version (KHSV)

3. មារ*​ទូល​ព្រះ‌អង្គ​ថា៖ «ប្រសិន​បើ​លោក​ពិត​ជា​ព្រះ‌បុត្រា​របស់​ព្រះ‌ជាម្ចាស់​មែន សូម​ធ្វើ​ឲ្យ​ដុំ​ថ្ម​នេះ​ទៅ​ជា​នំប៉័ង​មើល៍»។

4. ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​តប​ទៅ​វិញ​ថា៖ «ក្នុង​គម្ពីរ​មាន​ចែង​ថា មនុស្ស​មិន​មែន​រស់​ដោយ‌សារ​តែ​អាហារប៉ុណ្ណោះ​ទេ»។

5. មារ​នាំ​ព្រះ‌អង្គ​ទៅ​កន្លែង​មួយ​ដ៏​ខ្ពស់ ហើយ​ចង្អុល​បង្ហាញ​នគរ​ទាំង​ប៉ុន្មាន​នៅ​លើ​ផែន‌ដី​ឲ្យ​ព្រះ‌អង្គ​ឃើញ ក្នុង​មួយ​រយៈ​ពេល​ដ៏​ខ្លី។

6. មារ​សាតាំង​ទូល​ព្រះ‌អង្គ​ថា៖ «ខ្ញុំ​នឹង​ប្រគល់​អំណាច ព្រម​ទាំង​ភោគ‌ទ្រព្យ​របស់​នគរ​ទាំង​នោះ​ឲ្យ​លោក ដ្បិត​អ្វីៗ​ទាំង​អស់​ជា​សម្បត្តិ​របស់​ខ្ញុំ ខ្ញុំ​អាច​ប្រគល់​ឲ្យ​អ្នក​ណា​ក៏​បាន​ស្រេច​តែ​នឹង​ចិត្ត​ខ្ញុំ។

7. ដូច្នេះ ប្រសិន​បើ​លោក​ក្រាប​ថ្វាយ‌បង្គំ​ខ្ញុំ សម្បត្តិ​ទាំង​នោះ​នឹង​បាន​ជា​របស់​លោក​ហើយ»។

8. ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​តប​ទៅ​វិញ​ថា៖ «ក្នុង​គម្ពីរ​មាន​ចែង​ថា “អ្នក​ត្រូវ​តែ​ថ្វាយ‌បង្គំ​ព្រះ‌អម្ចាស់* ជា​ព្រះ​របស់​អ្នក និង​គោរព​បម្រើ​តែ​ព្រះ‌អង្គ​មួយ​ប៉ុណ្ណោះ”»។

9. បន្ទាប់​មក មារ​នាំ​ព្រះ‌អង្គ​ទៅ​ក្រុង​យេរូ‌សាឡឹម ដាក់​ព្រះ‌អង្គ​លើ​កំពូល​ព្រះ‌វិហារ* ហើយ​ទូល​ថា៖ «ប្រសិន​បើ​លោក​ពិត​ជា​ព្រះ‌បុត្រា​របស់​ព្រះ‌ជាម្ចាស់​មែន សូម​លោត​ទម្លាក់​ខ្លួន​ចុះ​ទៅ​ក្រោម​មើល៍

10. ដ្បិត​ក្នុង​គម្ពីរ​មាន​ចែង​ថា “ព្រះ‌ជាម្ចាស់​នឹង​បញ្ជា​ឲ្យ​ទេវតា*​ថែ‌រក្សា​លោក

11. ហើយ​ទេវតា​ទាំង​នោះ​នឹង​ចាំ​ទ្រ​លោក មិន​ឲ្យ​ជើង​លោក​ប៉ះ​ទង្គិច​នឹង​ថ្ម​ឡើយ”»។

12. ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​តប​ទៅ​មារ​វិញ​ថា៖ «ក្នុង​គម្ពីរ​មាន​ចែង​ថា កុំ​ល្បង‌ល​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក​ឡើយ»។

13. លុះ​មារ​ល្បួង​ព្រះ‌យេស៊ូ​សព្វ​បែប​យ៉ាង​ហើយ វា​ក៏​ថយ​ចេញ​ឆ្ងាយ​ពី​ព្រះ‌អង្គ​ទៅ រហូត​ដល់​ពេល​កំណត់។

14. ព្រះ‌យេស៊ូ​យាង​ត្រឡប់​ទៅ​ស្រុក​កាលី‌ឡេ​វិញ ប្រកប​ដោយ​ឫទ្ធា‌នុភាព​របស់​ព្រះ‌វិញ្ញាណ ព្រះ‌នាម​ព្រះ‌អង្គ​ឮ​ល្បី‌ល្បាញ​ពាស‌ពេញ​តំបន់​នោះ។

15. ព្រះ‌អង្គ​បង្រៀន​អ្នក​ស្រុក​ក្នុង​សាលា​ប្រជុំ* គេ​សរសើរ​តម្កើង​សិរី‌រុងរឿង​ព្រះ‌អង្គ​គ្រប់ៗ​គ្នា។

16. ព្រះ‌យេស៊ូ​យាង​ទៅ​ភូមិ​ណាសា‌រ៉ែត ជា​ភូមិ​ដែល​ព្រះ‌អង្គ​គង់​នៅ​កាល​ពី​កុមារ។ នៅ​ថ្ងៃ​សប្ប័ទ* ព្រះ‌អង្គ​យាង​ទៅ​សាលា​ប្រជុំ*​តាម​ទម្លាប់​របស់​ព្រះ‌អង្គ។ ព្រះ‌អង្គ​ក្រោក​ឈរ​ឡើង ដើម្បី​អាន​គម្ពីរ។

17. គេ​បាន​យក​គម្ពីរ​របស់​ព្យាការី*​អេសាយ​មក​ថ្វាយ​ព្រះ‌អង្គ ព្រះ‌អង្គ​បើក​គម្ពីរ​ត្រង់​អត្ថ‌បទ​មួយ ដែល​មាន​ចែង​ថា៖

18. «ព្រះ‌វិញ្ញាណ​របស់​ព្រះ‌អម្ចាស់​សណ្ឋិត​លើ​ខ្ញុំ។ ព្រះ‌អង្គ​បាន​ចាក់​ប្រេង​អភិសេក​ខ្ញុំ ឲ្យ​នាំ​ដំណឹង‌ល្អ*​ទៅ​ប្រាប់​ជន​ក្រីក្រ។ ព្រះ‌អង្គ​បាន​ចាត់​ខ្ញុំ​ឲ្យ​មក​ប្រកាស​ប្រាប់ ជន​ជាប់​ជា​ឈ្លើយ​ថា គេ​នឹង​មាន​សេរី‌ភាព ហើយ​ប្រាប់​មនុស្ស​ខ្វាក់​ថា គេ​នឹង​មើល​ឃើញ​វិញ។ ព្រះ‌អង្គ​បាន​ចាត់​ខ្ញុំ​ឲ្យ​មក​រំដោះ អស់​អ្នក​ដែល​ត្រូវ​គេ​សង្កត់‌សង្កិន

19. ព្រម​ទាំង​ប្រកាស​អំពី​ឆ្នាំ​ដែល​ព្រះ‌អម្ចាស់ សម្តែង​ព្រះ‌ហឫទ័យ​មេត្តា‌ករុណា»។

20. លុះ​អាន​ចប់​ហើយ ព្រះ‌យេស៊ូ​បិទ​គម្ពីរ ប្រគល់​ទៅ​អ្នក​ថែ‌រក្សា រួច​ទ្រង់​គង់​ចុះ​វិញ។ មនុស្ស​គ្រប់ៗ​រូប​នៅ​ក្នុង​សាលា​ប្រជុំ សម្លឹង​មើល​ព្រះ‌អង្គ។

21. ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ថា៖ «ហេតុ‌ការណ៍​ដែល​មាន​ចែង​ទុក​ក្នុង​គម្ពីរ​ដូច​អ្នក​រាល់​គ្នា​ទើប​នឹង​ស្ដាប់​អំបាញ់​មិញ បាន​សម្រេច​ជា​រូប​រាង​នៅ​ថ្ងៃ​នេះ​ហើយ»។

សូមអានជំពូកពេញលេញ លូកា 4