គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

លូកា 4:20-32 Khmer Standard Version (KHSV)

20. លុះ​អាន​ចប់​ហើយ ព្រះ‌យេស៊ូ​បិទ​គម្ពីរ ប្រគល់​ទៅ​អ្នក​ថែ‌រក្សា រួច​ទ្រង់​គង់​ចុះ​វិញ។ មនុស្ស​គ្រប់ៗ​រូប​នៅ​ក្នុង​សាលា​ប្រជុំ សម្លឹង​មើល​ព្រះ‌អង្គ។

21. ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ថា៖ «ហេតុ‌ការណ៍​ដែល​មាន​ចែង​ទុក​ក្នុង​គម្ពីរ​ដូច​អ្នក​រាល់​គ្នា​ទើប​នឹង​ស្ដាប់​អំបាញ់​មិញ បាន​សម្រេច​ជា​រូប​រាង​នៅ​ថ្ងៃ​នេះ​ហើយ»។

22. ឮ​ដូច្នេះ គេ​ស្ងើច​សរសើរ​ព្រះ‌យេស៊ូ​គ្រប់ៗ​គ្នា ទាំង​នឹក​ឆ្ងល់​អំពី​ព្រះ‌បន្ទូល ប្រកប​ដោយ​ព្រះ‌ហឫទ័យ​ប្រណី‌សន្ដោស ដែល​ហូរ​ចេញ​ពី​ព្រះ‌ឱស្ឋ​របស់​ព្រះ‌អង្គ។ គេ​ពោល​ថា៖ «អ្នក​នេះ​មិន​មែន​ជា​កូន​របស់​ជាង​យ៉ូសែប​ទេ​ឬ?»។

23. ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «អ្នក​រាល់​គ្នា​ប្រហែល​ជា​ចង់​យក​សុភាសិត​ដែល​ចែង​ថា “គ្រូ​ពេទ្យ​អើយ ចូរ​មើល​ជំងឺ​របស់​ខ្លួន​ឲ្យ​ជា​សិន​ទៅ” មក​ផ្ចាញ់‌ផ្ចាល​ខ្ញុំ​ទេ​ដឹង! ឬ​មួយ​អ្នក​រាល់​គ្នា​ចង់​និយាយ​មក​ខ្ញុំ​ទៀត​ថា “យើង​ឮ​គេ​និយាយ​អំពី​កិច្ចការ​ទាំង​អស់ ដែល​អ្នក​ធ្វើ​នៅ​ក្រុង​កាពើ‌ណិម ចូរ​ធ្វើ​ការ​ដដែល​នៅ​ទី​នេះ​ជា​ស្រុក​កំណើត​របស់​អ្នក ឲ្យ​យើង​ឃើញ​ផង!”»។

24. ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ទៀត​ថា៖ «ខ្ញុំ​សុំ​ប្រាប់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ច្បាស់​ថា មិន​ដែល​មាន​ព្យាការី*​ណា​ម្នាក់​ត្រូវ​គេ​គោរព នៅ​ក្នុង​ស្រុក​កំណើត​របស់​ខ្លួន​ឡើយ។

25. ខ្ញុំ​សុំ​បញ្ជាក់​ថា នៅ​ជំនាន់​លោក​អេលីយ៉ា មេឃ​រាំង​អស់​រយៈ​ពេល​បី​ឆ្នាំ​កន្លះ បណ្ដាល​ឲ្យ​មាន​ទុរ្ភិក្ស​យ៉ាង​ខ្លាំង​ពេញ​ទាំង​ស្រុក។ នៅ​ស្រុក​អ៊ីស្រា‌អែល​មាន​ស្ត្រី​មេម៉ាយ​ជា​ច្រើន។

26. ក៏​ប៉ុន្តែ ព្រះ‌ជាម្ចាស់​ពុំ​បាន​ចាត់​ព្យាការី​អេលីយ៉ា​ឲ្យ​ទៅ​ជួយ​ស្ត្រី​មេ‌ម៉ាយ​ណា​ម្នាក់ នៅ​ស្រុក​អ៊ីស្រា‌អែល​ឡើយ គឺ​ព្រះ‌អង្គ​បាន​ចាត់​លោក​ឲ្យ​ទៅ​ជួយ​ស្ត្រី​មេ‌ម៉ាយ​ម្នាក់ ដែល​រស់​នៅ​ភូមិ​សារិប‌តា ក្នុង​ក្រុង​ស៊ីដូន​វិញ។

27. នៅ​ជំនាន់​ព្យាការី​អេលីសេ មាន​មនុស្ស​ឃ្លង់​ជា​ច្រើន​ក្នុង​ស្រុក​អ៊ីស្រា‌អែល ប៉ុន្តែ គ្មាន​អ្នក​ណា​ម្នាក់​បាន​ជា​សោះ​ឡើយ គឺ​មាន​តែ​លោក​ណាម៉ាន់​ជា​ជន‌ជាតិ​ស៊ីរី​ម្នាក់​ប៉ុណ្ណោះ»។

28. កាល​បាន​ឮ​ព្រះ‌បន្ទូល​ទាំង​នេះ អ្នក​នៅ​ក្នុង​សាលា​ប្រជុំ*​ទាំង​ប៉ុន្មាន​ខឹង​ព្រះ‌យេស៊ូ​គ្រប់ៗ​គ្នា។

29. គេ​ក្រោក​ឡើង ចាប់​ប្រអូស​ប្រទាញ​ព្រះ‌យេស៊ូ​ចេញ​ពី​ភូមិ ដែល​សង់​លើ​កំពូល​ភ្នំ នាំ​ឆ្ពោះ​ទៅ​មាត់​ជ្រោះ បម្រុង​នឹង​ច្រាន​ព្រះ‌អង្គ​ទម្លាក់​ទៅ​ក្រោម។

30. ប៉ុន្តែ ព្រះ‌អង្គ​យាង​ចេញ​ពី​កណ្ដាល​ចំណោម​គេ​បាត់​ទៅ។

31. ព្រះ‌យេស៊ូ​យាង​ទៅ​ក្រុង​កាពើ‌ណិម ក្នុង​ស្រុក​កាលី‌ឡេ។ នៅ​ទី​នោះ ព្រះ‌អង្គ​បង្រៀន​បណ្ដា‌ជន​ជា​រៀង​រាល់​ថ្ងៃ​សប្ប័ទ*។

32. មនុស្ស​គ្រប់​គ្នា​ងឿង‌ឆ្ងល់​យ៉ាង​ខ្លាំង​អំពី​បែប​បទ​ដែល​ព្រះ‌អង្គ​បង្រៀន ព្រោះ​ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ប្រកប​ដោយ​អំណាច។

សូមអានជំពូកពេញលេញ លូកា 4