គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

លូកា 4:12-24 Khmer Standard Version (KHSV)

12. ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​តប​ទៅ​មារ​វិញ​ថា៖ «ក្នុង​គម្ពីរ​មាន​ចែង​ថា កុំ​ល្បង‌ល​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក​ឡើយ»។

13. លុះ​មារ​ល្បួង​ព្រះ‌យេស៊ូ​សព្វ​បែប​យ៉ាង​ហើយ វា​ក៏​ថយ​ចេញ​ឆ្ងាយ​ពី​ព្រះ‌អង្គ​ទៅ រហូត​ដល់​ពេល​កំណត់។

14. ព្រះ‌យេស៊ូ​យាង​ត្រឡប់​ទៅ​ស្រុក​កាលី‌ឡេ​វិញ ប្រកប​ដោយ​ឫទ្ធា‌នុភាព​របស់​ព្រះ‌វិញ្ញាណ ព្រះ‌នាម​ព្រះ‌អង្គ​ឮ​ល្បី‌ល្បាញ​ពាស‌ពេញ​តំបន់​នោះ។

15. ព្រះ‌អង្គ​បង្រៀន​អ្នក​ស្រុក​ក្នុង​សាលា​ប្រជុំ* គេ​សរសើរ​តម្កើង​សិរី‌រុងរឿង​ព្រះ‌អង្គ​គ្រប់ៗ​គ្នា។

16. ព្រះ‌យេស៊ូ​យាង​ទៅ​ភូមិ​ណាសា‌រ៉ែត ជា​ភូមិ​ដែល​ព្រះ‌អង្គ​គង់​នៅ​កាល​ពី​កុមារ។ នៅ​ថ្ងៃ​សប្ប័ទ* ព្រះ‌អង្គ​យាង​ទៅ​សាលា​ប្រជុំ*​តាម​ទម្លាប់​របស់​ព្រះ‌អង្គ។ ព្រះ‌អង្គ​ក្រោក​ឈរ​ឡើង ដើម្បី​អាន​គម្ពីរ។

17. គេ​បាន​យក​គម្ពីរ​របស់​ព្យាការី*​អេសាយ​មក​ថ្វាយ​ព្រះ‌អង្គ ព្រះ‌អង្គ​បើក​គម្ពីរ​ត្រង់​អត្ថ‌បទ​មួយ ដែល​មាន​ចែង​ថា៖

18. «ព្រះ‌វិញ្ញាណ​របស់​ព្រះ‌អម្ចាស់​សណ្ឋិត​លើ​ខ្ញុំ។ ព្រះ‌អង្គ​បាន​ចាក់​ប្រេង​អភិសេក​ខ្ញុំ ឲ្យ​នាំ​ដំណឹង‌ល្អ*​ទៅ​ប្រាប់​ជន​ក្រីក្រ។ ព្រះ‌អង្គ​បាន​ចាត់​ខ្ញុំ​ឲ្យ​មក​ប្រកាស​ប្រាប់ ជន​ជាប់​ជា​ឈ្លើយ​ថា គេ​នឹង​មាន​សេរី‌ភាព ហើយ​ប្រាប់​មនុស្ស​ខ្វាក់​ថា គេ​នឹង​មើល​ឃើញ​វិញ។ ព្រះ‌អង្គ​បាន​ចាត់​ខ្ញុំ​ឲ្យ​មក​រំដោះ អស់​អ្នក​ដែល​ត្រូវ​គេ​សង្កត់‌សង្កិន

19. ព្រម​ទាំង​ប្រកាស​អំពី​ឆ្នាំ​ដែល​ព្រះ‌អម្ចាស់ សម្តែង​ព្រះ‌ហឫទ័យ​មេត្តា‌ករុណា»។

20. លុះ​អាន​ចប់​ហើយ ព្រះ‌យេស៊ូ​បិទ​គម្ពីរ ប្រគល់​ទៅ​អ្នក​ថែ‌រក្សា រួច​ទ្រង់​គង់​ចុះ​វិញ។ មនុស្ស​គ្រប់ៗ​រូប​នៅ​ក្នុង​សាលា​ប្រជុំ សម្លឹង​មើល​ព្រះ‌អង្គ។

21. ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ថា៖ «ហេតុ‌ការណ៍​ដែល​មាន​ចែង​ទុក​ក្នុង​គម្ពីរ​ដូច​អ្នក​រាល់​គ្នា​ទើប​នឹង​ស្ដាប់​អំបាញ់​មិញ បាន​សម្រេច​ជា​រូប​រាង​នៅ​ថ្ងៃ​នេះ​ហើយ»។

22. ឮ​ដូច្នេះ គេ​ស្ងើច​សរសើរ​ព្រះ‌យេស៊ូ​គ្រប់ៗ​គ្នា ទាំង​នឹក​ឆ្ងល់​អំពី​ព្រះ‌បន្ទូល ប្រកប​ដោយ​ព្រះ‌ហឫទ័យ​ប្រណី‌សន្ដោស ដែល​ហូរ​ចេញ​ពី​ព្រះ‌ឱស្ឋ​របស់​ព្រះ‌អង្គ។ គេ​ពោល​ថា៖ «អ្នក​នេះ​មិន​មែន​ជា​កូន​របស់​ជាង​យ៉ូសែប​ទេ​ឬ?»។

23. ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «អ្នក​រាល់​គ្នា​ប្រហែល​ជា​ចង់​យក​សុភាសិត​ដែល​ចែង​ថា “គ្រូ​ពេទ្យ​អើយ ចូរ​មើល​ជំងឺ​របស់​ខ្លួន​ឲ្យ​ជា​សិន​ទៅ” មក​ផ្ចាញ់‌ផ្ចាល​ខ្ញុំ​ទេ​ដឹង! ឬ​មួយ​អ្នក​រាល់​គ្នា​ចង់​និយាយ​មក​ខ្ញុំ​ទៀត​ថា “យើង​ឮ​គេ​និយាយ​អំពី​កិច្ចការ​ទាំង​អស់ ដែល​អ្នក​ធ្វើ​នៅ​ក្រុង​កាពើ‌ណិម ចូរ​ធ្វើ​ការ​ដដែល​នៅ​ទី​នេះ​ជា​ស្រុក​កំណើត​របស់​អ្នក ឲ្យ​យើង​ឃើញ​ផង!”»។

24. ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ទៀត​ថា៖ «ខ្ញុំ​សុំ​ប្រាប់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ច្បាស់​ថា មិន​ដែល​មាន​ព្យាការី*​ណា​ម្នាក់​ត្រូវ​គេ​គោរព នៅ​ក្នុង​ស្រុក​កំណើត​របស់​ខ្លួន​ឡើយ។

សូមអានជំពូកពេញលេញ លូកា 4