គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

លូកា 24:1-13 Khmer Standard Version (KHSV)

1. នៅ​ថ្ងៃ​អាទិត្យ ពេល​ព្រលឹម​ស្រាងៗ ស្ត្រីៗ​នាំ​គ្នា​ទៅ​ផ្នូរ ដោយ​យក​គ្រឿង​ក្រអូប ដែល​គេ​បាន​រៀបចំ​ទុក​ទៅ​ជា​មួយ​ផង។

2. ពួក​នាង​សង្កេត​ឃើញ​ថា ថ្ម​បាន​រមៀល​ចេញ​ពី​មាត់​ផ្នូរ។

3. នាង​ក៏​នាំ​គ្នា​ចូល​ទៅ​ក្នុង​ផ្នូរ តែ​ពុំ​ឃើញ​ព្រះ‌សព​របស់​ព្រះ‌អម្ចាស់​យេស៊ូ​ទេ។

4. ស្ត្រី​ទាំង​នោះ​មិន​ដឹង​ជា​ត្រូវ​គិត​យ៉ាង​ណា ស្រាប់​តែ​មាន​បុរស​ពីរ​នាក់ ស្លៀក​ពាក់​ភ្លឺ​ចិញ្ចែង‌ចិញ្ចាច​មក​ឈរ​ជិត​នាង។

5. នាង​ភ័យ​ខ្លាច​ជា​ខ្លាំង ហើយ​អោន​មុខ​ចុះ។ បុរស​ទាំង​ពីរ​នាក់​នោះ​និយាយ​មក​កាន់​នាង​ថា៖ «ហេតុ​អ្វី​បាន​ជា​នាង​នាំ​គ្នា​មក​រក​ព្រះ‌អង្គ​ដែល​មាន​ព្រះ‌ជន្ម​រស់ ក្នុង​ចំណោម​មនុស្ស​ស្លាប់​ដូច្នេះ?

6. [ទ្រង់​មិន​គង់​នៅ​ទី​នេះ​ទេ ព្រះ‌ជាម្ចាស់​បាន​ប្រោស​ព្រះ‌អង្គ​ឲ្យ​មាន​ព្រះ‌ជន្ម​រស់​ឡើង​វិញ​ហើយ]។ ចូរ​នឹក​ចាំ​អំពី​ព្រះ‌បន្ទូល ដែល​ព្រះ‌អង្គ​បាន​ប្រាប់​អ្នក​រាល់​គ្នា កាល​នៅ​ស្រុក​កាលី‌ឡេ​ថា

7. “បុត្រ​មនុស្ស*​នឹង​ត្រូវ​គេ​បញ្ជូន​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​មនុស្ស​បាប គេ​នឹង​ឆ្កាង​ព្រះ‌អង្គ តែ​បី​ថ្ងៃ​ក្រោយ​មក ព្រះ‌អង្គ​មាន​ព្រះ‌ជន្ម​រស់​ឡើង​វិញ” »។

8. ពួក​នាង​ក៏​នឹក​ឃើញ​ព្រះ‌បន្ទូល​របស់​ព្រះ‌យេស៊ូ។

9. ពួក​នាង​នាំ​គ្នា​ត្រឡប់​មក​ពី​ផ្នូរ​វិញ រៀប​រាប់​ហេតុ‌ការណ៍​ទាំង​នោះ​ប្រាប់​ក្រុម​សិស្ស​ទាំង​ដប់​មួយ​នាក់ ព្រម​ទាំង​អ្នក​ឯ​ទៀតៗ​ដែរ។

10. ស្ត្រី​ទាំង​នោះ មាន​នាង​ម៉ារី​ជា​អ្នក​ស្រុក​ម៉ាដា‌ឡា នាង​យ៉ូអាន់ និង​នាង​ម៉ារី​ជា​ម្ដាយ​របស់​យ៉ាកុប។ ស្ត្រី​ឯ​ទៀតៗ​ដែល​បាន​ទៅ​ជា​មួយ​នាង​ទាំង​នោះ ក៏​រៀប​រាប់​ហេតុ‌ការណ៍​ប្រាប់​ក្រុម​សាវ័ក​ដែរ

11. ពួក​គេ​ពុំ​ជឿ​ពាក្យ​សម្ដី​នាង​ទេ ព្រោះ​គេ​ថា នាង​ទាំង​នោះ​និយាយ​រឿង​ផ្ដេស‌ផ្ដាស។

12. ប៉ុន្តែ លោក​ពេត្រុស​ស្ទុះ​រត់​ទៅ​ផ្នូរ គាត់​អោន​មើល​ទៅ​ឃើញ​តែ​ក្រណាត់​រុំ​ព្រះ‌សព​ប៉ុណ្ណោះ គាត់​វិល​ត្រឡប់​មក​ផ្ទះ​វិញ​ទាំង​ងឿង‌ឆ្ងល់​អំពី​ហេតុ‌ការណ៍​ដែល​កើត​មាន​នោះ។

13. នៅ​ថ្ងៃ​ដដែល​នោះ មាន​សិស្ស*​ពីរ​នាក់​ធ្វើ​ដំណើរ​ឆ្ពោះ​ទៅ​ភូមិ​អេម៉ោស ចម្ងាយ​ប្រមាណ​ដប់​មួយ​គីឡូ‌ម៉ែត្រ​ពី​ក្រុង​យេរូ‌សាឡឹម។

សូមអានជំពូកពេញលេញ លូកា 24