គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

លូកា 23:5-22 Khmer Standard Version (KHSV)

5. ប៉ុន្តែ គេ​រឹត​តែ​ចោទ​ប្រកាន់​ខ្លាំង​ឡើងៗ​ថា៖ «អ្នក​នេះ​បាន​បំបះ‌បំបោរ​ប្រជា‌ជន ដោយ​បង្រៀន​គេ​ចាប់​តាំង​ពី​ស្រុក​កាលី‌ឡេ​រហូត​មក​ដល់​ទី​នេះ»។

6. លោក​ពីឡាត​ឮ​ដូច្នោះ​ក៏​សួរ​ថា៖ «តើ​អ្នក​នេះ​ជា​អ្នក​ស្រុក​កាលី‌ឡេ​ឬ?»។

7. កាល​លោក​ពីឡាត​ដឹង​ថា ព្រះ‌យេស៊ូ​ជា​អ្នក​ស្រុក​នៅ​ក្រោម​អំណាច​របស់​ព្រះ‌បាទ​ហេរ៉ូដ លោក​ក៏​បញ្ជូន​ព្រះ‌អង្គ​ទៅ​ព្រះ‌បាទ​ហេរ៉ូដ ដែល​ស្នាក់​នៅ​ក្រុង​យេរូ‌សាឡឹម​ពេល​នោះ​ដែរ។

8. ពេល​ឃើញ​ព្រះ‌យេស៊ូ ព្រះ‌បាទ​ហេរ៉ូដ​សប្បាយ​ព្រះ‌ហឫទ័យ​ក្រៃ‌លែង ដ្បិត​ទ្រង់​ចង់​ជួប​ព្រះ‌យេស៊ូ​តាំង​ពី​យូរ‌យារ​មក​ហើយ ព្រោះ​ទ្រង់​តែង​ឮ​គេ​និយាយ​អំពី​ព្រះ‌អង្គ ហើយ​សង្ឃឹម​ថា នឹង​បាន​ឃើញ​ព្រះ‌យេស៊ូ​ធ្វើ​ការ​អស្ចារ្យ​អ្វី​មួយ។

9. ទ្រង់​ទូល​សួរ​សំណួរ​ជា​ច្រើន តែ​ព្រះ‌យេស៊ូ​ពុំ​មាន​ព្រះ‌បន្ទូល​ឆ្លើយ​តប​ទាល់​តែ​សោះ។

10. ពួក​មហា​បូជា‌ចារ្យ* និង​ពួក​អាចារ្យ*​ក៏​នៅ​ទី​នោះ​ដែរ គេ​បាន​ចោទ​ប្រកាន់​ព្រះ‌យេស៊ូ​យ៉ាង​ខ្លាំង​បំផុត។

11. ព្រះ‌បាទ​ហេរ៉ូដ និង​ពួក​ទាហាន​ចំអក​ឲ្យ​ព្រះ‌យេស៊ូ ព្រម​ទាំង​ជេរ​ប្រមាថ​មើល‌ងាយ​ព្រះ‌អង្គ​ផង។ គេ​យក​អាវ​ដ៏​ល្អ​វិសេស​មក​ពាក់​ឲ្យ​ព្រះ‌អង្គ រួច​បញ្ជូន​ទៅ​លោក​ពីឡាត​វិញ។

12. កាល​ពី​មុន​ព្រះ‌បាទ​ហេរ៉ូដ និង​លោក​ពីឡាត ជា​សត្រូវ​នឹង​គ្នា។ ប៉ុន្តែ ចាប់​ពី​ថ្ងៃ​នោះ​មក លោក​ទាំង​ពីរ​ត្រឡប់​ទៅ​ជា​មិត្ត​សម្លាញ់​នឹង​គ្នា​វិញ។

13. លោក​ពីឡាត​បាន​កោះ​ហៅ​ពួក​នាយក​បូជា‌ចារ្យ* ពួក​មន្ត្រី និង​ប្រជា‌ជន​មក​ជួប‌ជុំ​គ្នា។

14. លោក​មាន​ប្រសាសន៍​ថា៖ «អស់​លោក​បាន​នាំ​បុរស​នេះ​មក​ឲ្យ​ខ្ញុំ​កាត់​ទោស ដោយ​ចោទ​ប្រកាន់​ថា​គាត់​បំបះ‌បំបោរ​ប្រជា‌រាស្ត្រ។ ខ្ញុំ​បាន​សួរ​ចម្លើយ​គាត់​នៅ​មុខ​អស់​លោក តែ​មិន​ឃើញ​មាន​ទោស​អ្វី​ដូច​អស់​លោក​ចោទ​ប្រកាន់​សោះ។

15. សូម្បី​តែ​ស្ដេច​ហេរ៉ូដ​ក៏​មិន​ឃើញ​គាត់​មាន​ទោស​អ្វី​ដែរ ហេតុ​នេះ​ហើយ​បាន​ជា​ទ្រង់​បញ្ជូន​គាត់​មក​វិញ។ បុរស​នេះ​មិន​បាន​ប្រព្រឹត្ត​អ្វី គួរ​ឲ្យ​ប្រហារ​ជីវិត​ឡើយ។

16. ខ្ញុំ​គ្រាន់​តែ​ឲ្យ​គេ​វាយ​ប្រដៅ​គាត់ រួច​លែង​គាត់​ឲ្យ​ទៅ​វិញ»។ [

17. ជា​រៀង​រាល់​ឆ្នាំ ក្នុង​ឱកាស​បុណ្យ​ចម្លង លោក​ពីឡាត​ត្រូវ​លែង​អ្នក​ទោស​ម្នាក់]។

18. គេ​ស្រែក​ឡើង​ព្រម​គ្នា​ថា៖ «សូម​សម្លាប់​អ្នក​នេះ​ទៅ! លែង​បារ៉ា‌បាស​ឲ្យ​យើង​ខ្ញុំ​វិញ!»។

19. ឈ្មោះ​បារ៉ា‌បាស​នេះ​ជាប់​ឃុំ‌ឃាំង ព្រោះ​គាត់​បាន​បង្ក​ចលាចល​ក្នុង​ទីក្រុង ព្រម​ទាំង​បាន​សម្លាប់​មនុស្ស​ផង។

20. លោក​ពីឡាត​ចង់​ដោះ​លែង​ព្រះ‌យេស៊ូ លោក​ក៏​មាន​ប្រសាសន៍​ទៅ​គេ​ម្ដង​ទៀត។

21. ប៉ុន្តែ គេ​ស្រែក​ឡើង​ថា៖ «ឆ្កាង​ទៅ! ឆ្កាង​ទៅ!»។

22. លោក​ពីឡាត​មាន​ប្រសាសន៍​ទៅ​គេ​ជា​លើក​ទី​បី​ថា៖ «តើ​អ្នក​នេះ​បាន​ប្រព្រឹត្ត​អំពើ​អាក្រក់​អ្វី? ខ្ញុំ​មិន​ឃើញ​គាត់​មាន​ទោស​អ្វី គួរ​ឲ្យ​ប្រហារ​ជីវិត​ឡើយ។ ខ្ញុំ​គ្រាន់​តែ​ឲ្យ​គេ​វាយ​ប្រដៅ​គាត់ រួច​លែង​គាត់​ឲ្យ​ទៅ​វិញ»។

សូមអានជំពូកពេញលេញ លូកា 23