គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

លូកា 22:54-66 Khmer Standard Version (KHSV)

54. ពួក​គេ​ចាប់​ព្រះ‌យេស៊ូ បណ្ដើរ​នាំ​ចូល​ទៅ​ក្នុង​ដំណាក់​របស់​លោក​មហា​បូជា‌ចារ្យ*។ លោក​ពេត្រុស​ដើរ​តាម​ព្រះ‌អង្គ​ពី​ចម្ងាយ។

55. គេ​បាន​ដុត​ភ្លើង​នៅ​កណ្ដាល​ទី‌លាន ហើយ​អង្គុយ​ជុំ‌វិញ លោក​ពេត្រុស​ក៏​អង្គុយ​នៅ​កណ្ដាល​ចំណោម​ពួក​គេ​ដែរ។

56. ស្ត្រី​បម្រើ​ម្នាក់​ឃើញ​គាត់​អង្គុយ​នៅ​មុខ​ពន្លឺ​ភ្លើង សម្លឹង​មើល​គាត់ ហើយ​ពោល​ថា៖ «ម្នាក់​នេះ​ជា​បក្ស​ពួក​របស់​យេស៊ូ!»។

57. លោក​ពេត្រុស​ប្រកែក​ថា៖ «ទេ​នាង​អើយ! ខ្ញុំ​មិន​ដែល​ស្គាល់​គាត់​ទេ»។

58. មួយ​ស្របក់​ក្រោយ​មក មាន​ម្នាក់​ទៀត​ឃើញ​គាត់ ក៏​ពោល​ថា៖ «អ្នក​ឯង​ជា​បក្ស​ពួក​គាត់​ដែរ»។ លោក​ពេត្រុស​ឆ្លើយ​ទៅ​អ្នក​នោះ​ថា៖ «ទេ! មិន​មែន​ខ្ញុំ​ទេ!»។

59. ប្រហែល​មួយ​ម៉ោង​ក្រោយ​មក មាន​ម្នាក់​ទៀត​និយាយ​បែប​ប្រាកដ​ប្រជា​ថា៖ «អ្នក​នេះ​ពិត​ជា​បក្ស​ពួក​របស់​យេស៊ូ​មែន ព្រោះ​គាត់​ជា​អ្នក​ស្រុក​កាលី‌ឡេ​ដូច​គ្នា»។

60. លោក​ពេត្រុស​ឆ្លើយ​ថា៖ «ខ្ញុំ​មិន​ដឹង​ជា​អ្នក​ចង់​និយាយ​អំពី​រឿង​អ្វី​សោះ»។ គាត់​កំពុង​តែ​និយាយ​នៅ​ឡើយ ស្រាប់​តែ​មាន់​រងាវ​ឡើង។

61. ព្រះ‌អម្ចាស់​បែរ​ព្រះ‌ភ័ក្ត្រ​ទត​មក​លោក​ពេត្រុស។ លោក​ពេត្រុស​ក៏​នឹក​ឃើញ​ព្រះ‌បន្ទូល​របស់​ព្រះ‌អង្គ​ថា៖ «យប់​នេះ មុន​មាន់​រងាវ អ្នក​នឹង​បដិសេធ​បី​ដង​ថា​មិន​ស្គាល់​ខ្ញុំ»។

62. លោក​ពេត្រុស​ចាក​ចេញ​ពី​ទី​នោះ ហើយ​យំ​សោក​យ៉ាង​ខ្លោច‌ផ្សា។

63. ពួក​អ្នក​យាម​ព្រះ‌យេស៊ូ​ចំអក​ដាក់​ព្រះ‌អង្គ ហើយ​វាយ​តប់​ព្រះ‌អង្គ​ផង។

64. គេ​យក​ក្រណាត់​គ្រប​ព្រះ‌ភ័ក្ត្រ​ព្រះ‌អង្គ ហើយ​សួរ​ថា៖ «ទាយ​មើល៍ អ្នក​ណា​វាយ​ឯង?»។

65. រួច​គេ​ជេរ​ប្រមាថ​ព្រះ‌អង្គ​ជា​ច្រើន​ថែម​ទៀត​ផង។

66. លុះ​ព្រឹក​ឡើង ពួក​ព្រឹទ្ធា‌ចារ្យ*​របស់​ប្រជា‌ជន ពួក​នាយក​បូជា‌ចារ្យ* និង​ពួក​អាចារ្យ*​ជួប‌ជុំ​គ្នា បង្គាប់​ឲ្យ​គេ​នាំ​ព្រះ‌យេស៊ូ​ចូល​មក​ឈរ​នៅ​ខាង​មុខ​ក្រុម​ប្រឹក្សា​ជាន់​ខ្ពស់*​របស់​គេ។

សូមអានជំពូកពេញលេញ លូកា 22