គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

លូកា 22:30-46 Khmer Standard Version (KHSV)

30. ក្នុង​ព្រះ‌រាជ្យ​របស់​ខ្ញុំ អ្នក​រាល់​គ្នា​នឹង​បរិភោគ​រួម​តុ​ជា​មួយ​ខ្ញុំ ហើយ​អ្នក​រាល់​គ្នា​នឹង​អង្គុយ​លើ​បល្ល័ង្ក ដើម្បី​គ្រប់‌គ្រង​លើ​កុល‌សម្ព័ន្ធ*​ទាំង​ដប់‌ពីរ​នៃ​ជន‌ជាតិ​អ៊ីស្រា‌អែល»។

31. «ស៊ីម៉ូន! ស៊ីម៉ូន​អើយ! មារ​សាតាំង*​បាន​ទាម‌ទារ​សុំ​រែង​អ្នក​រាល់​គ្នា ដូច​គេ​រែង​អង្ករ។

32. ប៉ុន្តែ ខ្ញុំ​បាន​អង្វរ​ព្រះ‌ជាម្ចាស់ សូម​កុំ​ឲ្យ​អ្នក​បាត់​ជំនឿ​ឡើយ។ លុះ​ដល់​ពេល​អ្នក​ប្រែ​ចិត្ត​មក​វិញ ចូរ​ជួយ​បង‌ប្អូន​របស់​អ្នក​ឲ្យ​មាន​ជំនឿ​មាំ‌មួន​ផង»។

33. លោក​ពេត្រុស​ទូល​ព្រះ‌អង្គ​ថា៖ «បពិត្រ​ព្រះ‌អម្ចាស់! ទូលបង្គំ​ត្រៀម​ខ្លួន​ជា​ស្រេច ទោះ​បី​ត្រូវ​ជាប់​ឃុំ‌ឃាំង ឬ​ត្រូវ​ស្លាប់​ក៏​ដោយ ទូលបង្គំ​សុខ​ចិត្ត​ទៅ​ជា​មួយ​ព្រះ‌អង្គ​រហូត»។

34. ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​តប​ទៅ​គាត់​ថា៖ «ពេត្រុស​អើយ! ខ្ញុំ​សុំ​ប្រាប់​អ្នក​ថា នៅ​យប់​នេះ មុន​មាន់​រងាវ អ្នក​នឹង​បដិសេធ​បី​ដង​ថា​មិន​ស្គាល់​ខ្ញុំ»។

35. បន្ទាប់​មក ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​សួរ​សិស្ស*​ថា៖ «កាល​ដែល​ខ្ញុំ​ចាត់​អ្នក​រាល់​គ្នា​ទៅ ដោយ​គ្មាន​ថង់​ប្រាក់ ថង់​យាម ឬ​ស្បែក​ជើង តើ​អ្នក​រាល់​គ្នា​មាន​ខ្វះ​ខាត​អ្វី​ទេ?»។ គេ​ទូល​ថា៖ «យើង​ខ្ញុំ​គ្មាន​ខ្វះ​ខាត​អ្វី​ទេ»។

36. ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ទៀត​ថា៖ «ឥឡូវ​នេះ អ្នក​ណា​មាន​ថង់​ប្រាក់ ត្រូវ​យក​ទៅ​ជា​មួយ ហើយ​អ្នក​ណា​មាន​ថង់​យាម ក៏​ត្រូវ​យក​ទៅ​ជា​មួយ​ដែរ។ រីឯ​អ្នក​ដែល​គ្មាន​ដាវ ត្រូវ​លក់​អាវ​ធំ​របស់​ខ្លួន ទិញ​ដាវ​មួយ​ទៅ។

37. ខ្ញុំ​សុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា ក្នុង​គម្ពីរ​មាន​ចែង​ទុក​អំពី​ខ្ញុំ​ថា“គេ​បាន​រាប់​លោក​ទុក​ដូច​ជា​អ្នក​មាន​ទោស​ឧក្រិដ្ឋ”។ ហេតុ‌ការណ៍​នោះ​ត្រូវ​តែ​កើត​មាន ស្រប​តាម​គម្ពីរ»។

38. ពួក​សិស្ស​ទូល​ព្រះ‌អង្គ​ថា៖ «បពិត្រ​ព្រះ‌អម្ចាស់! យើង​មាន​ដាវ​ពីរ»។ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ឆ្លើយ​តប​វិញ​ថា៖ «ប៉ុណ្ណឹង​គ្រប់​គ្រាន់​ហើយ»។

39. ព្រះ‌យេស៊ូ​យាង​ចេញ​ពី​ផ្ទះ​នោះ ឆ្ពោះ​ទៅ​ភ្នំ​ដើម​អូលីវ តាម​ទម្លាប់​របស់​ព្រះ‌អង្គ សិស្ស*​ក៏​នាំ​គ្នា​តាម​ព្រះ‌អង្គ​ទៅ​ដែរ។

40. កាល​យាង​ទៅ​ដល់​ហើយ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «ចូរ​អធិស្ឋាន* កុំ​ឲ្យ​ចាញ់​ការ​ល្បួង​ឡើយ»។

41. បន្ទាប់​មក ព្រះ‌អង្គ​យាង​ទៅ​ឆ្ងាយ​ពី​ពួក​សិស្ស ចម្ងាយ​ប្រហែល​គេ​ចោល​ដុំ​ថ្ម​មួយ​ទំហឹង​ដៃ។ ព្រះ‌អង្គ​លុត​ជង្គង់​ចុះ​ទូល‌អង្វរ​ថា៖

42. «ឱ​ព្រះ‌បិតា​អើយ! ប្រសិន​បើ​ព្រះ‌អង្គ​សព្វ​ព្រះ‌ហឫទ័យ សូម​ដក​យក​ពែង​នៃ​ទុក្ខ​លំបាក​នេះ ចេញ​ឲ្យ​ឆ្ងាយ​ពី​ទូលបង្គំ​ទៅ។ ប៉ុន្តែ សូម​កុំ​ឲ្យ​សម្រេច​តាម​ចិត្ត​ទូលបង្គំ​ឡើយ គឺ​ឲ្យ​សម្រេច​តាម​ព្រះ‌ហឫទ័យ​របស់​ព្រះ‌អង្គ​វិញ»។

43. ពេល​នោះ មាន​ទេវតា*​មួយ​រូប​ចុះ​ពី​ស្ថាន​បរម‌សុខ*​មក ឲ្យ​ព្រះ‌អង្គ​ឃើញ ដើម្បី​លើក​ទឹក​ចិត្ត​ព្រះ‌អង្គ។

44. ព្រះ‌យេស៊ូ​ព្រួយ​អន្ទះ‌អន្ទែង​ពន់​ប្រមាណ ព្រះ‌អង្គ​ទូល‌អង្វរ​កាន់​តែ​ខ្លាំង​ឡើងៗ តំណក់​ញើស​របស់​ព្រះ‌អង្គ ដូច​ជា​តំណក់​ឈាម​ស្រក់​ចុះ​ដល់​ដី។

45. កាល​ព្រះ‌អង្គ​ទូល‌អង្វរ​រួច​ហើយ ទ្រង់​ក្រោក​ឡើង ត្រឡប់​ទៅ​រក​ពួក​សិស្ស ឃើញ​គេ​កំពុង​ដេក​លក់ ដោយ​ព្រួយ​ចិត្ត។

46. ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​ដេក​លក់​ដូច្នេះ? ចូរ​ក្រោក​ឡើង អធិស្ឋាន* កុំ​ឲ្យ​ចាញ់​ការ​ល្បួង»។

សូមអានជំពូកពេញលេញ លូកា 22