គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

លូកា 21:3-14 Khmer Standard Version (KHSV)

3. ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ថា៖ «ខ្ញុំ​សុំ​ប្រាប់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ច្បាស់​ថា ស្ត្រី​មេ‌ម៉ាយ​ក្រីក្រ​នេះ​បាន​ដាក់​ប្រាក់​ច្រើន​ជាង​គេ​ទាំង​អស់

4. ដ្បិត​អ្នក​ទាំង​នោះ​បាន​យក​ប្រាក់​សំណល់​របស់​ខ្លួន​មក​ដាក់​ក្នុង​ហិប។ រីឯ​ស្ត្រី​មេ‌ម៉ាយ​នេះ​វិញ ទោះ​បី​នាង​ក្រីក្រ​យ៉ាង​ណា​ក៏​ដោយ ក៏​នាង​យក​ប្រាក់​ទាំង​អស់ ដែល​នាង​ត្រូវ​ការ​ជា​ចាំ‌បាច់​សម្រាប់​ចិញ្ចឹម​ជីវិត មក​ដាក់​ក្នុង​ហិប ថ្វាយ​ព្រះ‌ជាម្ចាស់​ដែរ»។

5. អ្នក​ខ្លះ​កំពុង​និយាយ​សរសើរ​លំអ​របស់​ព្រះ‌វិហារ ដែល​តាក់​តែង​ឡើង​ដោយ​ថ្ម​យ៉ាង​ល្អ​ប្រណីត និង​មាន​តាំង​វត្ថុ​ផ្សេងៗ​ដែល​គេ​យក​មក​ថ្វាយ​ព្រះ‌ជាម្ចាស់។ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ថា៖

6. «នៅ​ពេល​ខាង​មុខ អ្វីៗ​ដែល​អ្នក​រាល់​គ្នា​ឃើញ​នៅ​ពេល​នេះ នឹង​ត្រូវ​រលំ​បាក់​បែក​អស់​ជា​មិន​ខាន លែង​មាន​ថ្ម​ត្រួត​ពី​លើ​ថ្ម​ទៀត​ហើយ»។

7. គេ​ទូល​សួរ​ព្រះ‌អង្គ​ថា៖ «ព្រះ‌គ្រូ​អើយ! ហេតុ‌ការណ៍​ទាំង​នោះ​នឹង​កើត​មាន​នៅ​ពេល​ណា? តើ​មាន​ទី​សម្គាល់​អ្វី​ឲ្យ​យើង​ដឹង​ថា ព្រឹត្តិ‌ការណ៍​ទាំង​នោះ​ជិត​មក​ដល់?»។

8. ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ឆ្លើយ​ថា៖ «ចូរ​ប្រុង​ប្រយ័ត្ន កុំ​បណ្ដោយ នរណា​បញ្ឆោត​អ្នក​រាល់​គ្នា​ឲ្យ​វង្វេង​បាន​ឡើយ ដ្បិត​នឹង​មាន​មនុស្ស​ជា​ច្រើន​យក​ឈ្មោះ​ខ្ញុំ​មក​ប្រើ ដោយ​ពោល​ថា “ខ្ញុំ​នេះ​ហើយ​ជា​ព្រះ‌គ្រិស្ដ*” ឬ​ថា “ពេល​កំណត់​មក​ដល់​ហើយ” កុំ​តាម​អ្នក​ទាំង​នោះ​ឲ្យ​សោះ។

9. កាល​ណា​អ្នក​រាល់​គ្នា​ឮ​គេ​និយាយ​អំពី​សង្គ្រាម ឬ​អំពី​ការ​បះ‌បោរ មិន​ត្រូវ​ភ័យ​តក់‌ស្លុត​ឡើយ ដ្បិត​ហេតុ‌ការណ៍​ទាំង​នេះ​ត្រូវ​តែ​កើត​ឡើង​ជា​មុន ប៉ុន្តែ មិន​ទាន់​ដល់​អវសាន‌កាល​នៃ​ពិភព​លោក​ភ្លាមៗ​ទេ»។

10. ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ថែម​ទៀត​ថា៖ «ប្រជា‌ជាតិ​មួយ​នឹង​ធ្វើ​សង្គ្រាម​តទល់​នឹង​ប្រជា‌ជាតិ​មួយ​ទៀត ប្រទេស​មួយ​តទល់​នឹង​ប្រទេស​មួយ​ទៀត

11. នឹង​មាន​រញ្ជួយ​ផែន‌ដី​ជា​ខ្លាំង​នៅ​តាម​តំបន់​ផ្សេងៗ​ហើយ​នឹង​មាន​កើត​ទុរ្ភិក្ស ជំងឺ​រាត‌ត្បាត ព្រម​ទាំង​មាន​អព្ភូត‌ហេតុ​ផ្សេងៗ បណ្ដាល​ឲ្យ​ភ័យ​តក់‌ស្លុត និង​មាន​ទី​សម្គាល់​យ៉ាង​ធំ​នៅ​លើ​មេឃ​ផង។

12. ប៉ុន្តែ មុន​នឹង​ហេតុ‌ការណ៍​ទាំង​នោះ​កើត​ឡើង គេ​នឹង​ចាប់​ចង​អ្នក​រាល់​គ្នា គេ​បៀត‌បៀន ហើយ​បញ្ជូន​អ្នក​រាល់​គ្នា​ទៅ​កាត់​ទោស​ក្នុង​សាលា​ប្រជុំ* យក​អ្នក​រាល់​គ្នា​ទៅ​ឃុំ‌ឃាំង។ គេ​នាំ​អ្នក​រាល់​គ្នា​ទៅ​ឲ្យ​ស្ដេច និង​លោក​ទេសា‌ភិបាល​កាត់​ទោស ព្រោះ​តែ​នាម​ខ្ញុំ។

13. ប៉ុន្តែ ការ​នេះ​ប្រែ​ជា​ហុច​ឱកាស​ឲ្យ​អ្នក​រាល់​គ្នា​ផ្ដល់​សក្ខីភាព​ទៅ​វិញ។

14. ត្រូវ​ចង​ចាំ​ក្នុង​ចិត្ត​ថា កុំ​ភ័យ​បារម្ភ​ជា​មុន​នឹង​ពាក្យ​និយាយ​ការពារ​ខ្លួន​ធ្វើ​អ្វី

សូមអានជំពូកពេញលេញ លូកា 21