គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

លូកា 21:28-38 Khmer Standard Version (KHSV)

28. កាល​ណា​ព្រឹត្តិ‌ការណ៍​ទាំង​នេះ​ចាប់​ផ្ដើម​កើត​មាន ចូរ​អ្នក​រាល់​គ្នា​ងើប​មើល​ទៅ​លើ ពី‌ព្រោះ​ព្រះ‌ជាម្ចាស់​ជិត​រំដោះ​អ្នក​រាល់​គ្នា​ហើយ»។

29. បន្ទាប់​មក ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ជា​ពាក្យ​ប្រស្នា​នេះ​ថា៖ «ចូរ​មើល​ដើម​ឧទុម្ពរ* និង​ដើម​ឈើ​ទាំង​អស់​ចុះ!

30. កាល​ណា​អ្នក​រាល់​គ្នា​ឃើញ​ស្លឹក​វា​លាស់ អ្នក​រាល់​គ្នា​ដឹង​ថា​រដូវ​ប្រាំង​ជិត​មក​ដល់​ហើយ។

31. ដូច្នេះ កាល​ណា​អ្នក​រាល់​គ្នា​ឃើញ​ព្រឹត្តិ‌ការណ៍​ទាំង​នោះ​កើត​ឡើង ត្រូវ​ដឹង​ថា ព្រះ‌រាជ្យ*​របស់​ព្រះ‌ជាម្ចាស់​មក​ជិត​បង្កើយ​ហើយ។

32. ខ្ញុំ​សុំ​ប្រាប់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ច្បាស់​ថា ហេតុ‌ការណ៍​ទាំង​នោះ​នឹង​កើត​ឡើង នៅ​ពេល​ដែល​មនុស្ស​ជំនាន់​នេះ​មាន​ជីវិត​រស់​នៅ​ឡើយ។

33. ផ្ទៃ​មេឃ និង​ផែន‌ដី​នឹង​រលាយ​បាត់​ទៅ តែ​ពាក្យ​ដែល​ខ្ញុំ​និយាយ​មិន​រលាយ​បាត់​ទេ»។

34. «ចូរ​អ្នក​រាល់​គ្នា​ប្រុង​ប្រយ័ត្ន​ឲ្យ​មែន​ទែន! កុំ​បណ្ដោយ​ឲ្យ​ចិត្ត​របស់​អ្នក​រាល់​គ្នា​វក់‌វី​នឹង​គ្រឿង​សប្បាយ គ្រឿង​ស្រវឹង ឬ​ក៏​ខ្វល់​ខ្វាយ​អំពី​រឿង​ជីវិត​នេះ​ឡើយ ក្រែង​លោ​ថ្ងៃ​នោះ​មក​ដល់ តែ​អ្នក​រាល់​គ្នា​ពុំ​បាន​ប្រុង​ប្រៀប​ខ្លួន

35. ដ្បិត​ថ្ងៃ​នោះ​មក​ដល់​ប្រៀប​បាន​នឹង​សំណាញ់ ដែល​គ្រប​ពី​លើ​មនុស្ស​ទាំង​អស់​នៅ​លើ​ផែន‌ដី​ទាំង​មូល។

36. ចូរ​ប្រុង​ស្មារតី និង​ទូល‌អង្វរ​គ្រប់​ពេល​វេលា ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​មាន​កម្លាំង ឆ្លង​ផុត​ពី​ហេតុ‌ការណ៍​ទាំង​អស់​ដែល​ត្រូវ​កើត​មាន ហើយ​ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​អាច​ឈរ​នៅ​មុខ​បុត្រ​មនុស្ស»។

37. ពេល​ថ្ងៃ ព្រះ‌យេស៊ូ​តែង​ប្រៀន‌ប្រដៅ​គេ​នៅ​ក្នុង​ព្រះ‌វិហារ* ហើយ​នៅ​ពេល​យប់ ព្រះ‌អង្គ​យាង​ចេញ​ទៅ​សម្រាក​នៅ​លើ​ភ្នំ​ដើម​អូលីវ។

38. ប្រជា‌ជន​ទាំង​មូល​នាំ​គ្នា​មក​តាំង​ពី​ព្រលឹម ស្ដាប់​ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​នៅ​ក្នុង​ព្រះ‌វិហារ*។

សូមអានជំពូកពេញលេញ លូកា 21