គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

លូកា 2:5-20 Khmer Standard Version (KHSV)

5. លោក​ទៅ​ចុះ​ឈ្មោះ​ជា​មួយ​នាង​ម៉ារី ជា​គូ​ដណ្ដឹង​ដែល​មាន​ផ្ទៃ​ពោះ។

6. ពេល​អ្នក​ទាំង​ពីរ​នៅ​ឯ​ភូមិ​បេថ្លេ‌ហិម នាង​ម៉ារី​គ្រប់​ខែ​ហើយ។

7. នាង​សម្រាល​បាន​បុត្រ​មួយ ជា​បុត្រ​ច្បង។ នាង​រុំ​បុត្រ​នោះ​នឹង​សំពត់ រួច​ដាក់​ឲ្យ​ផ្ទំ​ក្នុង​ស្នូក​សត្វ ដ្បិត​ពុំ​មាន​សល់​កន្លែង​សំណាក់​ក្នុង​ផ្ទះ​សោះ។

8. ក្នុង​ស្រុក​នោះ ពេល​យប់​មាន​ពួក​គង្វាល​នៅ​មើល​ហ្វូង​សត្វ​របស់​គេ​តាម​វាល​ស្មៅ។

9. ពេល​នោះ ទេវតា*​របស់​ព្រះ‌អម្ចាស់​មក​ឈរ​នៅ​ក្បែរ​ពួក​គេ សិរី‌រុងរឿង​របស់​ព្រះ‌អម្ចាស់​បាន​ភ្លឺ​ចិញ្ចែង‌ចិញ្ចាច​នៅ​ជុំ‌វិញ​គេ នាំ​ឲ្យ​គេ​ភ័យ​ខ្លាច​យ៉ាង​ខ្លាំង។

10. ទេវតា​ពោល​ទៅ​គេ​ថា៖ «កុំ​ខ្លាច​អ្វី​ឡើយ ខ្ញុំ​នាំ​ដំណឹង‌ល្អ​មួយ​មក​ប្រាប់​អ្នក​រាល់​គ្នា។ ដំណឹង​នេះ​នឹង​ធ្វើ​ឲ្យ​ប្រជា‌រាស្ត្រ​ទាំង​មូល​មាន​អំណរ​ដ៏​លើស‌លប់។

11. យប់​នេះ នៅ​ក្នុង​ភូមិ​កំណើត​របស់​ព្រះ‌បាទ​ដាវីឌ ព្រះ‌សង្គ្រោះ​របស់​អ្នក​រាល់​គ្នា​ប្រសូត​ហើយ គឺ​ព្រះ‌គ្រិស្ដ​ជា​អម្ចាស់។

12. នេះ​ជា​សញ្ញា​សម្គាល់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង គឺ​អ្នក​រាល់​គ្នា​មុខ​ជា​ឃើញ​ទារក​មួយ ទើប​នឹង​ប្រសូត រុំ​ដោយ​សំពត់ ផ្ដេក​នៅ​ក្នុង​ស្នូក​សត្វ»។

13. រំពេច​នោះ មាន​ទេវតា​ច្រើន​កុះ‌ករ ចុះ​ពី​ស្ថាន​បរម‌សុខ*​មក​រួម​ជា​មួយ​ទេវតា​នោះ ច្រៀង​សរសើរ​ព្រះ‌ជាម្ចាស់​ថា៖

14. «សូម​លើក​តម្កើង​សិរី‌រុងរឿង​របស់​ព្រះ‌ជាម្ចាស់ នៅ​ស្ថាន​ដ៏​ខ្ពស់​បំផុត ហើយ​សូម​ឲ្យ​មនុស្ស​លោក​ដ៏​ជា​ទី​ស្រឡាញ់​របស់​ព្រះ‌អង្គ បាន​ប្រកប​ដោយ​សេចក្ដី​សុខ‌សាន្ត នៅ​លើ​ផែន‌ដី!»។

15. លុះ​ពួក​ទេវតា​ត្រឡប់​ទៅ​ស្ថាន​បរម‌សុខ​វិញ​អស់​ទៅ ពួក​គេ​បបួល​គ្នា​ថា៖ «ទៅ! យើង​នាំ​គ្នា​ទៅ​បេថ្លេ‌ហិម មើល​ហេតុ‌ការណ៍​ដែល​កើត​មាន ដូច​ព្រះ‌អម្ចាស់​បាន​សម្តែង​ឲ្យ​យើង​ដឹង​នោះ​មើល៍»។

16. ពួក​គេ​ប្រញាប់‌ប្រញាល់​នាំ​គ្នា​ធ្វើ​ដំណើរ​ទៅ ឃើញ​នាង​ម៉ារី​លោក​យ៉ូសែប ព្រម​ទាំង​ព្រះ‌ឱរស​ផ្ទំ​ក្នុង​ស្នូក​សត្វ។

17. ពេល​ពួក​គង្វាល​ឃើញ​ព្រះ‌ឱរស​ហើយ គេ​ក៏​រៀប​រាប់​អំពី​សេចក្ដី​ដែល​ទេវតា​បាន​ប្រាប់​អំពី​ព្រះ‌ឱរស​នេះ។

18. អស់​អ្នក​ដែល​បាន​ឮ​ពួក​គង្វាល​និយាយ នឹក​ឆ្ងល់​យ៉ាង​ខ្លាំង។

19. រីឯ​នាង​ម៉ារី​វិញ នាង​ចង​ចាំ​ហេតុ‌ការណ៍​ទាំង​នេះ​ទុក​ក្នុង​ចិត្ត ព្រម​ទាំង​ត្រិះ‌រិះ​ពិចារណា​ថែម​ទៀត​ផង។

20. បន្ទាប់​មក ពួក​គង្វាល​ត្រឡប់​ទៅ​វិញ ទាំង​ច្រៀង​លើក​តម្កើង​សិរី‌រុងរឿង​របស់​ព្រះ‌ជាម្ចាស់ ព្រោះ​ហេតុ‌ការណ៍​ទាំង​អស់​ដែល​គេ​បាន​ឃើញ​បាន​ឮ ស្រប​តាម​សេចក្ដី​ដែល​ទេវតា​បាន​ប្រាប់​គេ ឥត​មាន​ខ្វះ​ត្រង់​ណា​ឡើយ។

សូមអានជំពូកពេញលេញ លូកា 2